មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលព្រមានថា ការចោទប្រកាន់របស់អង្គការអន្តរជាតិមួយចំនួនដែលថា កម្ពុជាជាប្រទេសគ្មានសេរីភាពផ្នែកសារព័ត៌មាន គឺជាការប្រមាថដល់កម្ពុជា។
អ្នកនាំពាក្យរបស់រដ្ឋាភិបាលលោក ផៃ ស៊ីផាន បានប្រាប់ក្រុមអ្នកសាព័ត៌មាននៅក្នុងសន្និសីទកាសែតនៅទីស្តីការគណៈរដ្ឋមន្ត្រីនៅព្រឹកនេះថា សេរីភាពរបស់អ្នកសារព័ត៌មានត្រូវមានការចូលរួមជាមួយ រដ្ឋាភិបាល ពុំមែនជាក្រុមដែលចង់ធ្វើការបះបោរប្រឆាំងរដ្ឋាភិបាល នោះឡើយ។
ប្រតិកម្មរបស់លោក ផៃ ស៊ីផាន អតីតមន្រ្តីជាន់ខ្ពស់របស់បក្សប្រឆាំងរូបនេះធ្វើឡើងស្របពេលដែលមានរិះគន់យ៉ាងគំហុគទៅលើរដ្ឋាភិបាលដែលបានចាប់ខ្លួនលោក សុ វណ្ណរិទ្ធី អគ្គនាយកទូរទស្សន៍អនឡាញ ឬTVFB ក្រោយពីបុរសរូបនេះបានសរសេរតាមសម្តីរបស់លោក ហ៊ុន សែន ដែលថា អ្នករត់ម៉ូតូឌុប ប្រសិនបើក្ស័យធុនលក់ម៉ូតូ ទិញអង្ករហូបសិនទៅ។
ជាងនេះទៅទៀតកាលពីថ្ងៃពុធ អង្គការអ្នកកាសែតគ្មានព្រំដែន (Reporter without Borders) បានទាមទារដល់រដ្ឋាភិបាលកម្ពុជាដោះលែងលោក សុវណ្ណ រិទ្ធី និងផ្ដល់អាជ្ញាប័ណ្ណដល់ស្ថាប័នសារព័ត៌មានអនឡាញ TVFB របស់លោកឡើងវិញ។
ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការអ្នកកាសែតគ្មានព្រំដែន លោក Daniel Bastard បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់អង្គការនេះថា ការចាប់អ្នកកាសែតដាក់ពន្ធនាគារដោយសារការស្រង់សម្ដីរបស់នាយករដ្ឋមន្ត្រី មិនមែនជារឿងសមហេតុផលនោះទេ។ លោកថា វិបត្តិកូវីដ-១៩ មិនគួរយកមកធ្វើជាលេសដើម្បីកម្ចាត់អ្នកកាសែតដែលមិនដើរតាមខ្សែញាក់របស់រដ្ឋាភិបាលនោះឡើយ ។
កាលពីឆ្នាំ២០១៩ កន្លងទៅអង្គការអ្នកកាសែតគ្មានព្រំដែន ចាត់ទុកសេរីភាពសារព័ត៌មាននៅកម្ពុជាស្ថិតក្នុងកម្រិតអាក្រក់ ហើយបានឲ្យចំណាត់ថ្នាក់ដល់កម្ពុជាជាប់លេខរៀង ទី១៤៣ ក្នុងចំណោមប្រទេសចំនួន១៨០ ផ្សេងទៀតលើពិភពលោក៕