ព័ត៌មានជាតិ

ក្រុមប្រទេសផ្ដាច់ការ ចាប់ផ្ដើមសម្រុកផ្ដល់ជំនួយដល់របបផ្ដាច់ការនៅវេណេហ្សូអេឡាព្រោះខ្លាចរបបនេះក្រឡាប់

By ឌឹ ខេមបូឌា ដេលី

April 10, 2020

នៅលើពិភពលោកនេះ មានប្រព័ន្ធគ្រប់គ្រងរដ្ឋ ៣សណ្ឋាន គឺប្រជាធិបតេយ្យ របបរាជានិយម បែបប្រជាធិបតេយ្យ និងរបបកុម្មុយនិស្តផ្ដាច់ការ។

ក្រោយពីពិភពលោក បញ្ចប់សង្រ្គាមត្រជាក់ រវាងលោកសេរីដឹកនាំដោយអាមេរិក និងប្លុកកុម្មុយនិស្តដឹកនាំ អតីតសហភាពសូវៀត និង ប្រទេសចិននៅដើមទសវត្សឆ្នាំ១៩៩០ គេសង្កេតឃើញប្រទេស កុម្មុយនិស្តមួយចំនួន បានប្រែក្លាយទៅជារបបបែបផ្ដាច់ការនិយម។

ប្រទេសទាំងនោះ មិនបានចាត់ទុកសិទ្ធិរបស់ពលរដ្ឋខ្លួនឯងជាសិទិ្ធនៃអំណាចរបស់ខ្លួននោះឡើយ។ ប្រទេសទាំងនោះ ទោះបីជាមានការបោះឆ្នោតក៏ដោយ តែស្ថាប័នបោះឆ្នោតរបស់ប្រទេសនេះ គឺជាយន្តការនៃការក្រាលអំណាចសម្រាប់តែបុរសខ្លាំងរបស់ប្រទេសនោះតែប៉ុណ្ណោះ។

នៅទ្វីបអាមេរិក ខាងត្បូង មានប្រទេស២ ឬ៣ប៉ុណ្ណោះដែលនៅតែប្រកាន់របបបែបផ្ដាច់ការ។ វេណេហ្សូអេឡា និងគុយបា កំពុងស្ថិតនៅក្រោមការដឹកនាំរបស់បក្សសង្គមនិយម។

សម្រាប់គុយបា មិនមានការបោះឆ្នោត ជ្រើសរើសមេដឹកនាំ របស់ខ្លួន ដោយកើតចេញពីឆន្ទៈប្រជាជនដោយផ្ទាល់នោះឡើយ។ សម្រាប់វេណេហ្សូអេឡា ដែលលោកនីកូឡាសម៉ាឌូរ៉ូ ជាប់ឆ្នោត ជាប្រធានាធិបតី ដោយសារការកំចាត់បេក្ខជនបក្សប្រឆាំងអោយរត់ចេញពីប្រទេស និងចាប់ក្រុមប្រឆាំងដាក់គុករាប់រយនាក់ បានធ្វើអោយខ្លួន ជាប់ឆ្នោត គ្មានគូប្រកួត ហើយក៏ពុំស្របតាមឆន្ទៈរបស់ប្រជាជននៃប្រទេសនេះដែរ។ នៅទីបំផុតលោកម៉ាឌូរ៉ូក្លាយជាប្រធានាធិបតី ដែលទទួលបានការគាំទ្រ តែក្រុមប្រទេសផ្ដាច់ការដូចគ្នាតែប៉ុណ្ណោះ។ 

ប្រទេសដែល គាំទ្ររបបផ្ដាច់ការរបស់លោកម៉ាឌូរ៉ូខ្លាំង ជាងគេគឺ រុស្ស៊ី ចិន និងគុយបា។ ដោយភ័យខ្លាចរបបវេណេហ្សូអេឡា អាចដួលរំលំដោយសារទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងចំពេលដែលប្រទេសសង្គមនិយមមួយនេះ កំពុងឆ្លង ជំងឺ Covid19 គឺទាំងរុស្ស៊ី និងចិន បានអំពាវនាវទៅសហភាពអឺរ៉ុប អោយនិយាយទៅកាន់សហរដ្ឋអាមេរិក សុំអោយព្យួរការដាក់ទណ្ឌកម្ម ដើម្បីបើកផ្លូវអោយ មានការដឹកជំនួយ ទាំងស្បៀង និងសម្ភារៈពេទ្យ និងថ្នាំពេទ្យ ទៅជួយប្រទេសនេះជាបន្ទាន់បើពុំនោះទេ ប្រជាជនក្រីក្រ នឹងស្លាប់ច្រើនរាប់រយពាន់នាក់។

ប្រធានមូលនិធិសន្ដិភាពនៃប្រទេសរុស្ស៊ីលោក Leonid Slutsky បានអំពាវនាវទៅកាន់សហរដ្ឋអាមេរិក អង់គ្លេស និងសហភាពអឺរ៉ុប សុំឱ្យលុបចោលជាបន្ទាន់នូវគោលនយោបាយឯកត្តោភាគីរបស់សហរដ្ឋអាមេរិកដែលដាក់ទណ្ឌកម្ម ទៅលើប្រទេសវេណេហ្សូអេឡាព្រោះជាឧបសគ្គនៃការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់ប្រទេសដែលកំពុងហែកហួរដោយវិបត្តិសេដ្ឋកិច្ចនិងនយោបាយ។

លោកបន្ដថាប្រជាជនវេណេហ្សូអេឡាកំពុងតែត្រូវការជំនួយជាបន្ទាន់ទាំងជំនួយស្បៀង និងថ្នាំពេទ្យព្រមទាំងការផ្គត់ផ្គង់ទឹកស្អាតទៀតផង។

ការទទូចរបស់តំណាងមូលនិធិនៃរដ្ឋាភិបាលទីក្រុងមូស្គូបានធ្វើឡើងដោយយោងទៅតាមស្ថានភាពនៃការធ្លាក់ក្នុងភាពទុរ្ភិក្សនៃប្រជាជនវេណេហ្សូអេឡាកាន់តែមានចំនួនច្រើនឡើងៗ។ ប៉ុន្ដែការអំពាវនាវនេះក៏កើតចេញពីរដ្ឋាភិបាលទីក្រុងមូស្គូបានប្រកាសថាខ្លួននឹងផ្ដល់ជំនួយទៅឱ្យវេណេហ្សូអេឡានូវស្បៀងនិងថ្នាំពេទ្យរាប់សិបតោនតាមការអំពាវនាវរបស់លោកម៉ាឌូរ៉ូ។

ស្របពេលជាមួយគ្នានេះដែរសម្រាប់ប្រទេសកុម្មុយនីស្ដចិនបានសម្រេចបញ្ចូនគ្រូពេទ្យនិងសម្ភារៈពេទ្យរាប់តោនទៅអោយវេណេហ្សូអេឡា។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរចុះផ្សាយថាជំនួយរបស់ចិនបានធ្វើឡើងក៏តាមការស្នើសុំរបស់មេដឹកនាំផ្ដាច់ការម៉ាឌូរ៉ូផងដែរ។ ប៉ុន្ដែធ្វើឡើងក្រោយពេលដែលអង្គការសហប្រជាជាតិបានបញ្ចូនជំនួយជាច្រើនតោនទៅដល់ប្រទេសវេណេហ្សូអេឡារួចហើយនៅថ្ងៃនេះ។

តែយ៉ាងណាក៏ដោយទាំង ចិន និងរុស្ស៊ីកំពុងតែបារម្ភជាខ្លាំងអំពីការដួលក្រឡាប់របបលោកម៉ាឌូរ៉ូព្រោះតែក្រោមសម្ពាធទណ្ឌកម្មសហរដ្ឋអាមេរិកដែលនឹងដាក់ទៅលើរបបលោកម៉ាឌូរ៉ូ នៅចុងខែមេសាឆ្នាំ២០២០នេះ។

សហរដ្ឋអាមេរិកប្រកាសថាក្រុមហ៊ុនរបស់ខ្លួនគឺក្រុមហ៊ុនប្រេងដ៏ធំមួយឈ្មោះថាChevronនឹងត្រូវបញ្ឈប់ការរុករកប្រេងទាំងអស់នៅក្នុងប្រទេសវេណេហ្សូអេឡាហើយពេលនោះក្រុមហ៊ុនប្រេងរបស់រុស្ស៊ីឈ្មោះ Rosnetf ក៏បានប្រកាសដកខ្លួនចេញពីមុខជំនួយជាមួយនឹងក្រុមហ៊ុនប្រេងរបស់វេណេហ្សូអេឡា PDVSAផងដែរ។

ប្រទេសចិន និងរុស្ស៊ីកាលពីសប្ដាហ៍មុនបានស្នើឱ្យក្រុមប្រឹក្សាសន្តុសុខសហប្រជាជាតិកោះប្រជុំអំពីការដែលអាមេរិកដាក់ទណ្ឌកម្មលើប្រទេសវេណេហ្សូអេឡា ប៉ុន្ដែមកដល់ពេលនេះមិនអាចមានការកោះប្រជុំបានឡើយដោយសារតែទីក្រុងញ៉ូវយក ក៏កំពុងរីករាលដាលនៃការឆ្លងកូវីដ១៩ ហើយម្យ៉ាងទៀតសហរដ្ឋអាមេរិកធ្វើព្រងើយកន្ដើយមិនគាំទ្រសំណើណាមួយឲ្យមានការកោះប្រជុំអំពីប្រទេសវេណេហ្សូអេឡាពេលនេះទេ។

ស្របជាមួយគ្នានេះអ្វីដេលធ្វើឱ្យរុស្ស៊ី និងចិនសម្រេចផ្ដល់ជំនួយអោយរបបលោកម៉ាឌូរ៉ូ កើតឡើងបន្ទាប់ពីអាមេរិកសម្រេចបញ្ចូននាវាចម្បាំងជាច្រើនគ្រឿងអមដោយយន្ដហោះចម្បាំងបានទៅកាន់ច្រកសមុទ្រការ៉ាបៀន នៃប្រទេសកូឡុំប៊ី និងប្រេស៊ីលដែលជាការឡោមព័ទ្ធសមុទ្រវេណេហ្សូអេឡាដើម្បីចាប់ខ្លួនមេឈ្មួញរត់ពន្ធគ្រឿងញៀនធំៗមានលោកម៉ាឌូរ៉ូនៅពីក្រោយនិងជាចលនាមួយឆ្ពោះទៅរកការចាប់ខ្លួនលោកម៉ាឌូរ៉ូផងដែរ។ អ្នកសង្កេតការណ៍ព្រមានថាលោកម៉ាឌូរ៉ូអាចនឹងមានវាសនាអាក្រក់ដូចប្រធានាធិបតីប៉ាណាម៉ា លោក ម៉ានូអែលនូរីហ្កា ដែលអាមេរិកនាំទ័ពម៉ារ៊ីនច្រើនពាន់នាក់ឡោមព័ទ្ធប្រទេសនេះហើយចាប់ខ្លួនមេដឹកនាំរូបនេះទៅដាក់គុកនៅទីក្រុងម៉ៃអាមី ពីបទឧក្រិដ្ឋកម្មគ្រឿងញៀនកាលពីឆ្នាំ១៩៨៩៕