31 C
Phnom Penh

សមត្ថកិច្ចបិទទីតាំងអាជីវកម្មជនជាតិចិនមួយកន្លែង ក្រោយរកឃើញកន្លែងចែកចាយសារធាតុសម្លាប់មេរោគខុសច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជំនាញ បានសម្រេចផ្អាកអជីវកម្មលក់ដូរមួយកន្លែងរបស់ជនជាតិចិនបណ្តោះអាសន្ន បន្ទាប់ពីរកឃើញថាទីតាំងអាជីវកម្មនោះនាំចូល ស្តុកទុក និងចែកចាយសារធាតុសម្លាប់មេរោគខុសច្បាប់ ជាង៣តោន នៅរាជធានីភ្នំពេញ។

ទំព័រហ្វេសប៊ុករបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៅថ្ងៃនេះ បានឱ្យដឹងថា ផលិតផលសារធាតុសម្លាប់មេរោគខុសច្បាប់ ជាង៣តោននោះ រួមមាន អាល់កុលជាង៣ពាន់លីត្រ កានឬប៊ីដុងទទេ ដបទទេ អាកុលដបតូចៗ ម៉ាស់ សំបកដប និងស្ទីកឃ័របិទលើដបជាដើម។ 

ប្រភពដដែលឱ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី ៧មេសា លើទីតាំងជនជាតិចិននាំចូល ស្តុកទុក និងចែកចាយ ផលិតផលមានហានិភ័យខុសច្បាប់ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។ វត្ថុតាងទាំងនេះ បានឃាត់រក្សាទុកនៅទីតាំងដដែល និងដកហូតវត្ថុតាងមួយចំនួនយកទៅធ្វើការពិសោន៍ ហើយសមត្ថកិច្ចចម្រុះនៃគណៈកម្មាធិការនេះ កំពុងបានបន្តនីតិវិធីចាត់វិធានការតាមច្បាប់។

ប្រភពដដែលបន្តថា បន្ទាប់ពីបានត្រួតពិនិត្យផលិតផលទំាងនេះ សមត្ថកិច្ចចម្រុះ របស់គណៈកម្មាធិការនេះបានពិនិត្យ និងសន្និដ្ឋាន បឋមថា ទីតាំងនេះ ធ្វើអាជីវកម្មដោយខុសច្បាប់ ដោយផលិតផលទាំងនេះ អាចនឹងអន់គុណភាព ដែលប៉ះពាល់ដល់សុខភាពស្បែករបស់អ្នកប្រើប្រាស់ផងដែរ។

កាលពីសប្តាហ៍មុន អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំឱ្យដឹងថា អគ្គនាយកដ្ឋាននេះបានបើកយុទ្ធនាការបង្ក្រាបអាល់កុលក្លែងក្លាយ សរុបបានចំនួនជាង៦ម៉ឺនលីត្រ(៦៤,១៧៨) មករក្សាទុកដើម្បីអនុវត្តតាមនីតិវិធីគិតត្រឹមថ្ងៃទី៣ ខែមេសា ប៉ុន្តែស្ថាប័នជំនាញនេះនៅមិនទាន់បង្ហាញពីការឃាត់ខ្លួនម្ចាស់អាជីវកម្ម ឬមនុស្សពាក់ព័ន្ធករណីនេះនៅឡើយទេ។

ផលិតផលសម្លាប់មេរោគដែលរកឃើញក្លែងក្លាយឬ ខុសច្បាប់ទាំងនេះ បានចរាចរណ៍ក្នុងប្រទេសកម្ពុជាកាន់តែច្រើន ក្រោយពេលពលរដ្ឋមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន ដើម្បីយកមកប្រើប្រាស់ទប់ស្កាត់ឬបង្ការជំងឺកូវីដ១៩។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់ប្រកាសកាលពីឆ្នាំមុនថា លោកនឹងមិនចូលរួមកម្មវិធីបំផ្លាញផលិតផលក្លែងក្លាយបន្តទៀតឡើយ ព្រោះការបង្ក្រាបកន្លងមក បានត្រឹមតែបង្ក្រាប និងបំផ្លាញផលិតផល ប៉ុន្តែមិនបានបង្ក្រាបជនល្មើសនោះទេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស