33 C
Phnom Penh

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងភាពប្រកាសអាសន្ន ដោយគ្មានសំឡេងជំទាស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋសភាឯកបក្សនៅថ្ងៃសុក្រនេះ បានសម្រេចជាឯកច្ឆ័ន្ទ ដោយគ្មានសំឡេងជំទាស់ ក្នុងការអនុម័តច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ដែលស្នើឡើងដោយរដ្ឋាភិបាល។

នៅក្នុងកិច្ចប្រជុំនៅវិមានរដ្ឋសភា នៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី លោក កើត រិទ្ធ បានឡើងការពារសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន ដោយអះអាងថាជាតម្រូវការចាំបាច់សម្រាប់រដ្ឋាភិបាល ក្នុងការការពារសន្តិសុខជាតិ សង្គ្រោះសុខភាពសាធារណៈ អំឡុងពេលជំងឺកូវីដ១៩ កំពុងរាតត្បាតនៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ។

 កិច្ចប្រជុំរដ្ឋសភានាព្រឹកនេះ ដឹកនាំដោយប្រធានរដ្ឋសភា លោក ហេង សំរិន ។

ការសម្រេចអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់នេះ ធ្វើឡើងដោយសំឡេង ១១៥ សំឡេង លើ ១១៥ ទំាងគ្មានសំឡេងជំទាស់នោះ  ឡើយ។ 

សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពប្រកាសអាសន្នជាផ្លូវការ មាន ៥ជំពូក និង១២មាត្រា ដោយចំណុចមួយចំនួនបង្ហាញពីការដកហូតសិទ្ធិស៊ីវិល ឬ សិទ្ធិឯកជនរបស់ពលរដ្ឋ ស្ទើរតែទាំងស្រុងនៅពេលច្បាប់នេះចេញអនុវត្ត បន្ទាប់ពីព្រះមហាក្សត្រទ្រង់ព្រះរាជទានប្រកាសដំណឹងដាក់ប្រទេសក្នុងភាពអាសន្ន ក្រោយពេលមានការឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។

យ៉ាងនេះក្តី អ្នកវិភាគនយោបាយចាស់វស្សាមួយរូបគឺលោក បណ្ឌិត ឡៅ ម៉ុងហៃ បានស្នើឱ្យមានការកែលម្អចំណុចមួយចំនួននៃសេចក្តីព្រាងច្បាប់ស្តីនេះ ព្រោះមានចំណុចជាច្រើនចែងមិនច្បាស់លាស់ មានភាពទូលំទូលាយពេក ហើយចំណុចខ្លះគប្បីលុបចោលតែម្តង ព្រោះប្រើអារម្មណ៍ច្រើនពេក។

កាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ត្រី អះអាងថា ប្រសិនមានច្បាប់គ្រប់គ្រងប្រទេសជាតិនៅគ្រាអាសន្នក្នុងដៃ  ប្រហែលជាច្បាប់នោះត្រូវយកមកអនុវត្តនាពេលនេះតែម្តង។

ការអនុវត្តច្បាប់នោះ សម្រាប់ប្រើក្នុងស្ថានភាពទប់ស្កាត់ប្រជាពលរដ្ឋមិនឱ្យធ្វើដំណើរឆ្លងកាត់ពីកន្លែងមួយទៅកន្លែងមួយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពិសេសការសម្រុកចេញពីខេត្តក្រុងទៅជនបទឬ ស្រុកកំណើតពេលនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ១៩ នៅតាមសហគមន៍។

ទោះបីជាយ៉ាងនេះក្តី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃ រដ្ឋសភា លោក ប៉ែន បញ្ញា ប្រកាសថាច្បាប់នេះ ត្រូវបានដំណើរការក្នុងភាពប្រញាប់។ លោកថា ការដាក់ប្រទេសក្នុងគ្រាមានអាសន្នមិនលើសពី ៣ខែ តែអាចបន្តបានបើមានសំណើរពីលោក ហ៊ុន សែន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស