28 C
Phnom Penh

អគ្គមេបញ្ជាការកងទ័ពបញ្ជាឱ្យមានការចល័តរថក្រោះរថពាសដែក ចូលបន្ទាយក្រុងភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គមេបញ្ជាការកងទ័ព បានឱ្យដឹងថា នៅថ្ងៃសុក្រនេះ និងថ្ងៃស្អែក នឹងមានការចល័តរថគ្រោះ រថពាសដែកចំនួន២២ គ្រឿងចូលរាជធានីភ្នំពេញ ប៉ុន្តែជាការចល័តចូលបន្ទាយដើមវិញប៉ុណ្ណោះ។

អគ្គមេបញ្ជាការកងយោពលខេមរភូមិន្ទ លោក វង្ស ពិសេន បានចេញបទបញ្ជាមួយកាលពីថ្ងៃម្សិលមិញស្តីពីការចល័តរថក្រោះ រថពាសដែក របស់កងពលតូចលេខ៧០ ។ 

លិខិតនេះបានបញ្ជាឱ្យមេបញ្ជាការកងទ័ពជើងគោក ត្រូវចល័តរថក្រោះ  ចំនួន១០គ្រឿង និងរថពាសដែកចំនួន១២គ្រឿង ពីសាលាហ្វឹកហ្វឺន និងធ្វើសមយុទ្ធយោធានាគមាសឆ្នាំ២០២០ ជាមួយភាគីចិន នៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរី ក្នុងខេត្តកំពត មកទីបញ្ជាការកងពលតូចលេខ៧០ ស្ថិតនៅសង្កាត់ចោមចៅ៣ រាជធានីភ្នំពេញ ដើម្បីវិលចូលអង្គភាពដើមវិញ។

លោក វង្ស ពិសេន ក៏បានបញ្ជាទៀតថា ការធ្វើយុទ្ធដំណើរនេះ ត្រូវធ្វើឡើងនៅថ្ងៃទី១០ និងថ្ងៃទី ១១ ខែមេសាជាកំហិត ដោយត្រូវរៀបចំផែនការឱ្យបានច្បាស់លាស់ ដើម្បីធានារក្សាឱ្យបាននូវសន្តិសុខ និងសុវត្ថិភាពផងដែរ។

ការបញ្ជាឱ្យរថក្រោះ រថពាសដែក ចល័តចូលបន្ទាយដើមវិញនៅក្រុងភ្នំពេញពេលនេះ ស្របពេលដែលពលរដ្ឋនៅភ្នំពេញមួយចំនួនកាលពីយប់មិញបានសម្រុកចេញទៅស្រុកកំណើតរបស់ខ្លួន  ក្រោយពេលដឹងថារដ្ឋាភិបាលបានចេញបញ្ជាឱ្យបិទការធ្វើដំណើររបស់ពលរដ្ឋចូលក្រុងភ្នំពេញ ឬ ចេញពីក្រុងភ្នំពេញទៅបណ្តាខេត្តនានា និងផ្អាកការធ្វើដំណើររបស់ពលរដ្ឋឆ្លងកាត់រវាងខេត្ត និងខេត្តទៀតផង ដើម្បីជាវិធានការទប់ស្កាត់និងបង្ការការរីករាលដាលជំងឺកូវីដ១៩។

លើសពីនេះ ការចល័តរថក្រោះ និងរថពាសដែកនេះ ស្របពេលរដ្ឋាភិបាលកំពុងជំរុញឱ្យសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នចេញជាផ្លូវការ បានឆាប់បំផុត ដោយច្បាប់នេះបច្ចុប្បន្នបានឆ្លងផុតដៃរដ្ឋសភា ចូលដល់ស្ថាប័នព្រឹទ្ធសភារួចទៅហើយ។

ក្រុមអ្នកតាមដានសង្គម បារម្ភថាច្បាប់នេះនឹងបានជាលេសដើម្បីបង្ក្រាបទៅលើសំឡេងជំទាស់ឬ អ្នកហ៊ានរិះគន់ការដឹកនាំរបស់រដ្ឋាភិបាល។ បន្ថែមពីនេះ អង្គការអន្តរជាតិមើលឃើញថា ច្បាប់នេះ នឹងក្លាយជាឧបករណ៍កសាងអំណាចផ្តាច់ការរបស់លោកហ៊ុន សែន ថែមទៀតផង។  យ៉ាងនេះក្តី  លោក ហ៊ុន សែន ធ្លាប់បានប្រាប់ពលរដ្ឋនិងអង្គការសង្គមស៊ីវិល ថាមិនត្រូវព្រួយបារម្ភចំពោះច្បាប់នេះឡើយ ព្រោះច្បាប់នេះបង្កើតឡើងដើម្បីបុព្វជាតិ និងប្រជារាស្ត្រតែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស