28 C
Phnom Penh

អង្គការ Human Right Watch បានជំរុញឱ្យតុលាការទម្លាក់ចោលបទចោទ ចាងហ្វាងសារព័ត៌មានអនឡាញ លោក សុវណ្ណ រិទ្ធី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch  បានស្នើឱ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងចាងហ្វាយសារព័ត៌មានអនឡាញ TVFB  លោកសុវណ្ណ រិទ្ធី ត្បិតលោកគ្រាន់តែផ្សព្វផ្សាយដោយដកស្រង់សម្តីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះ។

ក្នុងសេចក្តីថ្លែងការណ៍របស់អង្គការអន្តរជាតិមួយនេះ ក៏បានជំរុញឱ្យ រដ្ឋាភិបាលគួរតែផ្តល់អាជ្ញាប័ណ្ណដល់ស្ថាប័នសារព័ត៌មានអនឡាញមួយនេះទៀតផង។

ចាងហ្វាយសារព័ត៌មានអនឡាញ TVFB  លោកសុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ៧ ខែមេសា ដោយលោកបានផ្សព្វផ្សាយ សម្រង់សម្តីរបស់លោក ហ៊ុន សែន នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយសម្តីនោះលោក ហ៊ុន សែន បានថ្លែងក្នុងសន្និសីទកាសែតមួយថា ប្រសិនបើអ្នកម៉ូតូឌុបក្ស័យធន លក់ម៉ូតូចាយសិនទៅ ព្រោះរដ្ឋាភិបាលគ្មានលទ្ធភាពជួយទេ។

មួយថ្ងៃបន្ទាប់ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានចេញប្រកាសមួយនៅថ្ងៃនេះ ដោយលុបចោលអាជ្ញាប័ណ្ណផ្សព្វផ្សាយព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មាន TVFB ទាំងអស់ ដែលមានលោក សុវណ្ណ សុខា ដែលជាឪពុករបស់លោក សុវណ្ណ រិទ្ធី ជាម្ចាស់ចាប់ពីថ្ងៃនេះតទៅ ព្រោះថាសារព័ត៌មាននេះបានផ្សព្វផ្សាយញុះញង់បង្កឱ្យមានភាពចលាចលក្នុងសង្គមធ្ងន់ធ្ងរ ។

កាលពីថ្ងៃ ម្សិលមិញ តុលាការក្រុងភ្នំពេញ បានចោទប្រកាន់លោក សុវណ្ណ រិទ្ធី ពីបទ“ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ” តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌហើយបានបញ្ជាឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារក្រុងភ្នំពេញឬ PJ តែម្តង។

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch ប្រចាំតំបន់អាស៊ី លោកហ្វីល រ៉ូបឺតសុន លើកឡើងក្នុងសេចក្តីថ្លែងការណ៍នោះថា រដ្ឋាភិបាលគួរដោះលែងលោករិទ្ធី ជាបន្ទាន់ និងទម្លាក់ការចោទប្រកាន់ក្លែងបន្លំប្រឆាំងនឹងរូបលោក ព្រមទាំងអ្នកផ្សេងទៀតដែលត្រូវបានឃុំខ្លួនពីបទសម្តែងមតិ ឬគ្រាន់តែពួកគេបង្ហាញការភ័យខ្លាចចំពោះជំងឺកូវីដ១៩នោះ ។

អ្នកនាំពាក្យក្រសួងព័ត៌មានកាលពីថ្ងៃពុធ លោក មាស សុភ័ណ្ឌ បានអះអាងថាការចំណាត់ការលើលោក សុវណ្ណ រិទ្ធី និងស្ថាប័នសារព័ត៌មាននេះ គឺជាការអនុវត្តច្បាប់ ហើយការទាមទារណាមួយឱ្យដោះលែងនោះ គឺជាការរំលោភលើការងារអនុវត្តច្បាប់របស់កម្ពុជា។

អង្គការឃ្លាំមើលសិទិ្ធមនុស្សមួយនេះរកឃើញថា យ៉ាងហោចណាស់មានមនុស្សចំនួន២៣នាក់ហើយ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួនពាក់ព័ន្ធការចែកចាយព័ត៌មាន ឬសម្តែងមតិជុំវិញជំងឺកូវីដ១៩ ដោយក្នុងនោះមានមនុស្ស ១០នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ន។ អង្គការនេះ ឱ្យដឹងទៀតថា អ្នកឃុំខ្លួន៨នាក់ក្នុងចំណោម១០នាក់ ជាអ្នកគាំទ្រឬជាសកម្មជនគណបក្សប្រឆាំង ដែលត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន រំលាយកាលពីចុងឆ្នាំ២០១៧។ 

ជាមួយគ្នានេះ លោក រ៉ូបឺតសុន បន្ថែមថា“ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ គឺមានសារៈសំខាន់ក្នុងការដោះស្រាយវិបត្តិសុខភាពសាធារណៈ ពីព្រោះប្រជាជនត្រូវការព័ត៌មានពិតដើម្បីការពារខ្លួន និងវាយតម្លៃការឆ្លើយតបរបស់រដ្ឋាភិបាល។

លោកបន្តថា រដ្ឋាភិបាលបរទេស និងម្ចាស់ជំនួយគួរតែជំរុញរដ្ឋាភិបាលកម្ពុជា ឲ្យ បញ្ឈប់ការយាយីនិងការចោទប្រកាន់អ្នកសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដែលគ្រាន់តែបំពេញការងាររបស់ពួកគេក្នុងការរាយការណ៍អំពីអ្វីដែលរដ្ឋាភិបាលកំពុងនិយាយនិងធ្វើ ពាក់ព័ន្ធនឹងវិបត្តិជំងឺកូវីដ-១៩ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស