34 C
Phnom Penh

ប្រធាន WHO រងការចោទថាជួយលាក់បាំងព័ត៌មានអោយចិនករណីមេរោគកូរ៉ូណាត្រូវបង្ខំអោយចុះចេញពីតំណែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទាំងសហរដ្ឋអាមេរិក ជប៉ុន តៃវ៉ាន់ និងប្រទេសមួយចំនួននៅអឺរ៉ុបបានកំពុងដាក់គំនាបទៅលើ ប្រធានអង្គការសុខភាពពិភពលោករបស់អង្គការសហប្រជាជាតិ WHO អោយចុះចេញពីតំណែង ដោយរងការចោទថា លំអៀងទៅរកចិនព្រោះតែជួយលាក់បាំងព័ត៌មាន អំពីការផ្ទុះមេរោគកូរ៉ូណា នៅប្រទេសចិន។

បើតាមFox News Business លោក Tedros Adhanom Ghebreyesus រងការរិះគន់ ដូច្នេះ ពីអ្នកនយោបាយ អាមេរិក ជប៉ុន តៃវ៉ាន់ និងអឺរ៉ុប។

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន Fox News Business សមាជិកព្រឹទ្ធសភាមួយរូបមកពីបក្សសាធារណរដ្ឋគឺអ្នកស្រី Martha McSally បាននិយាយថាអ្នកស្រីមិនដែលជឿរដ្ឋកុម្មុយនីស្ដចិនម្ដងណាទេ ព្រោះតែរដ្ឋាភិបាលចិនតែងលាក់បាំងព័ត៌មានតាំងពីប្រភពនៃការកើតមេរោគនេះ ហើយបង្កឱ្យមានការស្លាប់ដល់ពលរដ្ឋអាមេរិកនិងពលរដ្ឋនៃបណ្តាប្រទេសផ្សេងទៀតនៅទូទាំងពិភពលោក។

អ្នកស្រីបន្ដថាលោក Tedros ត្រូវតែចុះចេញពីតំណែង ព្រោះអង្គការនេះខ្វះតម្លាភាពករណីកូវីដ-១៩ ហើយជួយលាក់បាំងចិន និងកុហក់ពិភពលោក។ អ្នកស្រីបន្តថា លោក Tedros ទុកចិត្តចិនជាងការប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ។

គេនៅចាំបានថា ប្រធានអង្គការសុខភាពពិភពលោក WHO ម្នាក់នេះ បានទៅជួបប្រធានាធិបតីចិនកាលពីចុងខែមករា ហើយត្រឡប់មកវិញ បានត្រឹមតែធ្វើសន្និសីទសាព័ត៌មាន ប្រាប់អ្នកសារព័ត៌មានថា ចិននឹងមិនអោយមេរោគនេះ បន្តរីករាលដាលនោះទេ ហើយសង្ឃឹមខ្លាំងណាស់ថាចិន អាចទប់ស្កាត់បានក្នុងពេលឆាប់ៗ ។  រដ្ឋមន្រ្ដីការបរទេសអាមេរិកលោក Mike Pompeo រិះគន់ប្រធានWHO ថាឈប់កុហកទៀតទៅ។

សមាជិកព្រឹទ្ធសភានៃរដ្ឋតិចសាស គឺលោក ថេដ គ្រូស ក៏បានអំពាវនាវឱ្យលោកTedros ចុះចេញពីតំណែងដែលលោកថាអង្គការសុខភាពិភពលោកនេះក្បត់ឆន្ទៈខ្លួន ហើយលំអៀងទៅរកបក្សកុម្មុយនីស្ដដោយនិយាយសម្រាលស្ថានការណ៍អោយចិនអំឡុងពេលចិន កំពុងធ្ងន់ធ្ងរនឹងការផ្ទុះមេរោគកូរ៉ូណា។

ជាមួយគ្នានេះក៏មានអ្នកនយោបាយអាមេរិកដ៏កំពូលម្នាក់ទៀតគឺសមាជិកព្រឹទ្ធសភា Ben Sasse Marco Rubio បានប្រតិកម្មសុំអោយដកលោកTedros ចេញពីតំណែង។

អ្វីដែលក្រុមអ្នកនយោបាយសហរដ្ឋអាមេរិកកត់សម្គាល់នោះ គឺជាច្រើនលើកច្រើនសា ព្រោះតែអង្គការនេះមិនបានប្រកាសអាសន្នភ្លាមៗបែរជាទុកអោយចិនក្រឡុងសភាពការណ៍ មិនតែប៉ុណ្ណោះ បែរជា ចេញសារ រិះគន់អាអាមេរិក ដែលបានសម្រេចបិទជើងហោះហើរ ពីប្រទេសចិនថែមទៀត។

ជប៉ុនដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បានចេញមុខប្រតិកម្មមុនគេថាអង្គការសុខភាពពិភពលោកនេះគួរតែដាក់ឈ្មោះថា អង្គការសុខភាពពិភពលោកសម្រាប់ចិនទៅវិញទៅ គឺ CHO។ នេះបើតាមឧបនាយករដ្ឋមន្រ្ដីជប៉ុន លោក Taro Aso ដែលបានចោទលោក Tedros ថាធ្វើការវាយតម្លៃមិនត្រឹមត្រូវ និងពុំមានតម្លាភាព ចំពោះការរីករាលដាលនៃមេរោគនេះ។

លោក Taro Aso ក៏បានអំពាវនាវឱ្យ លោកTedrosចុះចេញពីដំណែងដែលលោកថាប្រធាន WHO ខ្សោយគណនេយ្យភាពណាស់។

លោកឧបនាយករដ្ឋមន្ត្រីរូបនេះបន្តថា ញត្តិរបស់លោកដែលសុំអោយលោក Tedros ចុះចេញពីតំណែង មកទល់ពេលនេះមានមនុស្ស ៧សែននាក់ហើយ បានគាំទ្រ ហើយបើមិនដូច្នេះទេលោកថាមានតែដូរឈ្មោះ WHO ទៅCHO វិញទៅប្រសើជាង។

ញត្តិរបស់ឧបនាយករដ្ឋមន្ត្រីជប៉ុន Taro Aso នេះក៏បានជួយប្រតិកម្មឱ្យតៃវ៉ាន់ផងដែរថាមិនគួរមានការពិចារណាដោយហេតុផលនយោបាយពីអង្គការសុខភាពពិភពលោកនេះនោះទេ ត្បិតថាតៃវ៉ាន់ត្រូវបានរាំងខ្ទប់ភាពជាសមាជិកភាពក្នុងអង្គការនេះព្រោះតែទំនាក់ទំនងរវាងចិនក្ដី តែតៃវ៉ាន់មានភាពឯករាជ្យក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគនេះបានយ៉ាងល្អក្នុងដែនដីរបស់ខ្លួនហើយពេលនេះតៃវ៉ាន់ក្លាយជាប្រទេសដឹកមុខគេក្នុងការប្រយុទ្ធនឹងមេរោគនេះ និងជួយប្រទេសជាច្រើនទៀតលើផ្នែកជំនួយធនធានមនុស្ស និងសម្ភារៈពេទ្យ។

ដោយសារហេតុផលដូចនេះ អ្នកស្រី សាយអ៊ឹងវិន ប្រធានាធិបតីកោះតៃវ៉ាន់បានដាក់លិខិតតវ៉ាជាផ្លូវការអោយ ប្រធាន WHO សុំទោស ជាសាធារណៈ ចំពោះភាពលំអៀងខាងនយោបាយរបស់លោក Tedros។

អ្នកស្រីបន្តថា តៃវ៉ាន់បានសួរទៅ WHO ជាច្រើនសំណួរ អំពីឥទ្ធិពលនៃវិរុសកូរ៉ូណា ឬជំងឺកូវិដ-១៩ តែមិនបានឆ្លើយមកកាន់តែសូម្បីមួយម៉ាត់ឡើយ។ អ្នកស្រីចោទថា ស្ថាប័ន WHO មាននិន្ននាការលំអៀងទៅរកចិនទៅហើយ។

ក្នុងមួយឆ្នាំៗអង្គការ WHO នេះទទួលបានជំនួយពីសហរដ្ឋអាមេរិករវាង៤រយលានដុល្លារ ដល់ជិត៥រយលានដុល្លារ អាមេរិក។  ចំណែកចិន បានផ្ដល់ជំនួយអោយអង្គការនេះក្នុងមួយឆ្នាំៗរវាងពី៤០លានទៅ៥០លានដុល្លារអាមេរិកប៉ុណ្ណោះ។ នេះ បើតាមសារព័ត៌មាន អាមេរិក Bloomberg។

ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកាលពីថ្ងៃទី៨ ខែមេសា បាននិយាយថា អាមេរិកនឹងផ្ដាច់ជំនួយរបស់ខ្លួនដែលជួយអង្គការនេះព្រោះតែទង្វើនៃការបង្កើតកំហុសដ៏ធ្ងន់ធ្ងរមួយនេះទាក់ទិននឹងភាពយឺតយ៉ាវក្នុងបញ្ចេញទិន្នន័យ និងការប្រកាសដំណឹងអំពីហានិភ័យនៃមេរោគនេះ ដែលត្រូវប្រកាសជាសាកល។

មកដល់ថ្ងៃសុក្រទី១០មេសានេះ  ពិភពលោក ឆ្លងជំងឺកូវិដ ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកថាជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១០ ។

ជំងឺរាតត្បាតដ៏រហ័សមួយនេះ បានចម្លងទៅមនុស្ស ជាង១លាន,៦សែន ១ម៉ឺន៥ពាន់នាក់។ អ្នកជំងឺចំនួន ៩ម៉ឺន ៦ពាន់ ៧៩១នាក់បានស្លាប់ ហើយ ៣សែន ៦ម៉ឺន ២៥៤២នាក់ ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស