30 C
Phnom Penh

លោក ស ខេង អះអាងថាដើម្បីឱ្យគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអះអាងថាដើម្បីសម្រេចបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព គឺរដ្ឋាភិបាលត្រូវពង្រឹងយន្តការឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន។

ថ្លែងក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត និងសម្ភារការពារជម្ងឺកូវីដ-១៩ ជូនអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៣ ខែមេសានេះ លោក ស ខេង បានជំរុញឱ្យមានការចូលរួមពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យបានម៉ឹងម៉ាត់ ព្រោះវាជារឿងធំបំផុត។

លោកបញ្ជាក់ថាគោលនយោបាយនេះមានសារៈសំខាន់បំផុត ព្រោះនៅពេលភូមិឃុំទាំងអស់មានសុវត្ថិភាព ស្រុកទេសទាំងមូល ពោលគឺមាតុភូមិកម្ពុជា នឹងមានសុខសន្តិភាព និងស្ថិរភាពដូចគ្នាផងដែរ។

ជាមួយគ្នានេះ ដើម្បីធានាឱ្យគោលនយោបាយភូមិឃុំមានសុវត្ថិភាពទទួលបានជោគជ័យ ត្រូវមានយន្តការអនុវត្តឱ្យបានច្បាស់លាស់។ បន្ថែមពីនេះត្រូវពង្រីកការចូលរួម និងគាំទ្រពីគ្រប់មជ្ឈដ្ឋានឱ្យបានច្រើន ហើយអ្នកដែលដើរតួនាទីសំខាន់គឺសមត្ថកិច្ចឃុំ និងស្រុក ដែលជាអ្នកនៅផ្ទាល់ជាមួយពលរដ្ឋក្នុងមូលដ្ឋាន។

គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព មាន៩ចំនុចដូចជាគ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ។ គ្មានការដាំដុះ គ្មានការផលិត គ្មានចរាចរ គ្មានការជួញដូរ ឬការចែកចាយ និងការប្រើប្រាស់ គ្រឿងញៀនខុសច្បាប់។ គ្មានអំពើអាណាចារ្យ ការជួញដូរស្ត្រីនិងកុមារ និងអំពើហិង្សាក្នុងគ្រួសារ។ គ្មានក្មេងទំនើង គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងការប្រើប្រាស់វុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ បន្ថែមពីនេះ គ្មានគ្រោះថ្នាក់ចរាចរណ៍ ឬ គ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ មានវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតប ចំពោះគ្រោះមហន្តរាយ ប្រកបដោយ ប្រសិទ្ធិភាពនិង គ្មានការត្រួតពិនិត្យខុសច្បាប់ជាដើម។

យ៉ាងនេះក្តី មន្ត្រីសង្គមស៊ីវិលនៅតែមើលឃើញថាការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាលនៅតែបរាជ័យចំណុចជាច្រើន ព្រោះចំណុចទាំងនោះមិនអាចដោះស្រាយបានឱ្យមានប្រសិទ្ធភាពឬ មិនអាចលុបបំបាត់បានឡើយ។ ជាក់ស្តែង ដូចជា ករណីល្បែងស៊ីសង ជាពិសេសបញ្ហាថ្នាំញៀនក៏បានរីកសាយភាយដល់ជនបទដាច់ស្រយាល។ អំពើហិង្សាក្នុងសហគមន៍នៅតែកើតឡើង។

ករណីកុងត្រូលជជុះនៅតែមាននៅតាមតំបន់ខ្លះ ហើយគ្រោះថ្នាក់ចរាចរណ៍ក៏កើតមានឥតឈប់ឈរ ដែលធ្វើឱ្យមនុស្សគិតជាមធ្យមយ៉ាងហោចណាស់៦នាក់បានស្លាប់ក្នុងមួយថ្ងៃ ជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស