រដ្ឋមន្ត្រីក្រសួងសុខាភិបាលអះអាងថា ក្រសួងត្រៀមចេញសេចក្តីណែនាំមួយប្រាប់ទៅពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធ ប្រសិនបើរកឃើញថាមានពលរដ្ឋស្លាប់ដោយជំងឺកូវីដ១៩មែន នោះអាជ្ញាធរនឹងមិនអនុញ្ញាតឱ្យរៀបចំធ្វើពិធីបុណ្យសពតាមប្រពៃណីឡើយ ហើយត្រូវទុកដាក់សពអ្នកដែលស្លាប់ដោយជំងឺកូវីដ១៩ ដូចជាត្រូវបូជា ឬកប់ភ្លាមៗតែម្តង។
ការអះអាងនេះធ្វើឡើងដោយសារក្រសួងសុខាភិបាលបញ្ជាក់ថាគិតត្រឹមថ្ងៃទី ១៣ ខែមេសា កម្ពុជារកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន១២២នាក់ ក្នុងនោះអ្នកដែលត្រូវបានព្យាបាលឱ្យជាសះស្បើយមានចំនួន៧៧នាក់ ឬស្មើជាង៦៣% ហើយ៤៥នាក់ទៀតកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ។ ក្រសួងបញ្ជាក់ថា កម្ពុជានៅមិនទាន់មានពលរដ្ឋណាម្នាក់ស្លាប់ដោយសារជំងឺកូវីដ១៩នៅឡើយទេ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពជំងឺកូវីដ១៩ នៅព្រឹកថ្ងៃច័ន្ទនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង អះអាងថានៅពេលមានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ គឺត្រូវបូជា ឬ កប់ភ្លាមៗ ដោយមិនត្រូវធ្វើបុណ្យសពតាមប្រពៃណី មានអ្នកហែហម ឬ អ្នកចូលរួមនោះឡើយ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះ បារម្ភជាខ្លាំងចំពោះការរីករាលដាលជំងឺនេះ នៅតាមសហគមន៍មូលដ្ឋាន ត្បិតវានឹងនាំមកនូវក្តីវិនាសដល់អ្នកឆ្លងជំងឺនេះ។ លោកបន្តថា នៅពេលដែលស្ថានភាពអ្នកឆ្លងកាន់តែធ្ងន់ធ្ងរ វាអាចនឹងបណ្តាលឱ្យអ្នកឆ្លង ឈានដល់សេចក្តីស្លាប់ ហើយក្រសួងនឹងកាន់តែពិបាកក្នុងការគ្រប់គ្រង។
លោកអំពាវនាវដល់ពលរដ្ឋជាថ្មីទៀតត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺ កូវីដ១៩ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ត្បិតឱកាសចម្លងជំងឺនៅក្នុងសហគមន៍មូលដ្ឋានមានហានិភ័យខ្លាំង ប្រសិនបើគ្មានការចូលរួមទប់ស្កាត់ ឬការពារឱ្យមានប្រសិទ្ធភាពទេនោះ។
ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោកស្រី លី អៃឡាន (Li Ailan) បានឱ្យដឹងតាមរយៈអ្នកបកប្រែថា អ្នកស្រីក៏បារម្ភចំពោះស្ថានភាពរីករាលដាលនៅតាមសហគមន៍កាន់តែច្រើន ដែលធ្វើឱ្យកម្ពុជាត្រូវប្រឈមជាច្រើន ដូចជាបញ្ហាខ្វះមន្ត្រីជំនាញ ខ្វះសម្ភារៈ ខ្វះសមត្ថភាពគ្រប់គ្រង ដូចបណ្តាប្រទេសមួយចំនួនកំពុងជួបប្រទះនៅលើពិភពលោក។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលបានប្រកាសផ្អាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយជំនួសមកវិញនូវការបំពេញការងារជាធម្មតាដើម្បីកាត់បន្ថយការចាកចេញពីទីក្រុងទៅជនបទ ឬបញ្ជៀសការរីករាលដាលជំងឺកូវីដ១៩បន្ថែមទៀត។ លើសពីនេះ រដ្ឋាភិបាល ចេញវិធានការទប់ស្កាត់ការធ្វើដំណើររបស់ឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយដើម្បីកាត់បន្ថយការជួបជុំ និងនាំជំងឺកូវីដ១៩ ពីតំបន់ផ្សេងៗ ទៅចម្លងតគ្នានៅមូលដ្ឋាន។ រដ្ឋាភិបាលក៏បានប្រកាសមិនឱ្យមានការជួបជុំគ្នានៅវត្តអារាម លេងល្បែងប្រជាប្រិយ្យ ឬរាំរែក និងមិនឱ្យមានការជួបជុំគ្នាច្រើននោះដែរ ដោយថាជាវិធានការទប់ស្កាត់ការរីករាលដាលជំងឺមួយនេះ។
សង្គមស៊ីវិល បានផ្តល់ជាយោបល់ថារដ្ឋាភិបាលគប្បីប្រកាសដាក់បម្រាមមិនឱ្យមានការជួបជុំផឹកស៊ី និងផ្សព្វផ្សាយគ្រឿងស្រវឹងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីតែម្តង ត្បិតការជួបជុំគ្នាស៊ីផឹក ក៏ជាផ្នែកមួយនាំឱ្យមានការឆ្លងជំងឺកូវីដ១៩ផងដែរ៕