41.3 C
Phnom Penh

លោកព្រាប កុល ថាក្នុងវិស័យការងាររបស់ខ្លួន៨ឆ្នាំមកនេះ បានចូលរួមបន្សាប ភាពរសើបនៃការប្រឆាំងអំពើពុករលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយកប្រតិបត្តិអង្គការតម្លាភាពនៅកម្ពុជាលោក ព្រាប កុល បានអះអាងថារយៈពេល៨ឆ្នាំ ក្នុងអាណត្តិលោកជានាយកប្រត្តិបត្តិនៃអង្គការមួយនេះ លោកបានរួមចំណែកជួយជំរុញឱ្យមានការកែប្រែនូវស្ថានភាពអំពើពុករលួយ ដោយបានបន្សាប ភាពរសើបនៃការប្រឆាំងអំពើពុករលួយ និងការនិយាយពាក្យថា «អំពើពុករលួយ»នៅកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍បញ្ចប់អាណត្តិ ជានាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជាដែលផ្ញើជូនជនរួមជាតិនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃម្សិលមិញ លោក ព្រាប កុល លើកឡើងថា រយៈពេល៨ ឆ្នាំ កន្លងផុតទៅ យ៉ាងឆាប់រហ័ស រីឯស្ថានភាពសង្គម នយោបាយ និងសេដ្ឋកិច្ចក៏បានប្រែប្រួលឥតឈប់ឈរ។ លោកបន្តថា ទិដ្ឋភាព និងការវិវត្តខ្លះ បានប្រែក្លាយទៅជាល្អជាងមុន រីឯទិដ្ឋភាពខ្លះទៀតបានប្រែក្លាយទៅជាអាក្រក់ជាងមុន។
លោកបន្តថា ក្នុងពេល៨ឆ្នាំមកនេះ លោកបានធ្វើការអប់រំ និងណែនាំឲ្យមហាជនយល់ដឹងបន្ថែមអំពីអំពើពុករលួយ និងផលប៉ះពាល់របស់វាទៅលើការអភិវឌ្ឍន៍និងទៅលើជីវិភាពរស់នៅរបស់ពលរដ្ឋ។

បន្ថែមពីនេះលោកបានជំរុញឲ្យពលរដ្ឋ និងយុវជន មានចំណាប់អារម្មណ៍ ការតាំងចិត្ត និងចូលរួមដំណើរការងារលើកកម្ពស់តម្លាភាព និងសុចរិតភាពក្នុងសង្គម ព្រមទាំងចូលរួមកាត់បន្ថយអំពើពុករលួយ។


លើសពីនេះ ជំរុញដល់រាជរដ្ឋាភិបាលឲ្យផ្តល់អាទិភាពខ្ពស់ ក្នុងការធ្វើកំណែទម្រង់ក្នុងវិស័យអាទិភាពនានាក្នុងបុព្វហេតុកាត់បន្ថយអំពើពុករលួយ និងលើកកំពស់តម្លាភាព និងគណនេយ្យភាព ព្រមទាំងអភិបាលកិច្ចល្អផងដែរ។
ជាងនេះទៀតលោកក៏បានបង្កើតធនធានមនុស្ស ដើម្បីរួមចំណែកប្រឆាំងអំពើពុករលួយ និងបណ្តុះវប្បធម៌សុចរិត ក្នុងចំណោមយុវជនជំនាន់ក្រោយជាដើម។

យ៉ាងនេះក្តី មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះលោកពុំសូវពេញចិត្តនឹងលទ្ធផលនៃការប្រឆាំងអំពើពុករលួយ ដែលកម្ពុជាសម្រេចបានក្នុងរយ:ពេល ៨ ឆ្នាំកន្លងទៅនេះឡើយ  ព្រោះលោកធ្លាប់រំពឹងថាចង់បានលទ្ធផលល្អប្រសើជាងនេះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកអះអាងថាលោកបានព្យាយាមធ្វើអស់ពីលទ្ធភាព ទាំងកម្លាំងកាយ និងកម្លាំងចិត្តរបស់លោក ក្នុងរង្វង់នៃមុខងារ និងសិទ្ធិក្នុងនាមជាមន្ត្រីសង្គមស៊ីវលនិងក្នុងនាមជាពលរដ្ឋម្នាក់។

លោកព្រាប កុល មើលឃើញថាចាប់តាំងពីចុងឆ្នាំពី ២០១៧ រហូតមកទល់ពេលបច្ចុប្បន្ន មានការប្រែប្រួលផ្នែកនយោបាយ និងប្រជាធិបតេយ្យនៅកម្ពុជា ដែលបានធ្វើឲ្យសង្គមស៊ីវិល ស្ថាប័នសារពត៌មានឯករាជ្យ និងសហជីពប្រឈមនឹងការរិតត្បិតសិទ្ធិសេរីភាព។

លោកថា ទិដ្ឋភាព និងបរិយាកាសនយោបាយបែបនេះ បានធ្វើឲ្យការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការតស៊ូមតិ និងការលើកកម្ពស់ ការគោរព សិទ្ធមនុស្ស មានការលំបាកនិងមានការប្រឈមជាខ្លាំង។

មន្ត្រីសង្គមស៊ីវិលដដែលបញ្ជាក់ថាលោកលែងមានមុខតំណែងជានាយកប្រត្តិបត្តិអង្គការមួយនេះចាប់ពីថ្ងៃម្សិលមិញ ដោយ លោក ប៉ិច ពិសី នឹងឡើងមកគ្រប់គ្រងដំណែងរបស់លោក ជានាយកប្រតិបត្តិ      របស់អង្គការតម្លាភាពកម្ពុជា។

លោកអះអាងថា ទោះបីជាលោក លាឈប់ពីតំណែងនាយកប្រតិបត្តិអង្គការមួយនេះមែន ប៉ុន្តែមិនមែនមានន័យថាលោកឈប់ចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ឬឈប់លើកកម្ពស់តម្លាភាពឬ សុចរិតភាពសង្គមនោះឡើយ។

លោកថាជំហានបន្តទៀតលោកនឹងប្រកបរបរចិញ្ចឹមជីវិតខ្លះ ព្រមទាំងចូលរួមកែលម្អសង្គម ពិសេសលោកនឹងបំពេញតាមសំណូមពររបស់មហាជនមួយចំនួន ដែលនឹងបន្តចូលរួមបណ្តុះបណ្តាលនិងចែករំលែកចំណេះដឹងឬ បទពិសោធន៍ល្អៗ ដល់យុវជនជំនាន់ក្រោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស