29 C
Phnom Penh

វៀតណាមនិងហ្វីលីពីនបានត្រឹមសំឡឹងមើលចិនឈ្លានពានខណៈអាមេរិកជាប់ផុងនឹងកូវិដ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កំដៅនៅសមុទ្រចិនខាងត្បូងបានចាប់ផ្ដើមខ្លាំងទៀតហើយនៅ សប្ដាហ៍នេះ គឺដោយសារតែចិនបានចូលទៅកាន់កាប់តំបន់មួយចំនួនទៀតនៅប្រជុំកោះប៉ារ៉ាសែលដែលជាដែនទឹកមួយផ្នែករបស់វៀតណាម និងបានឡោមព័ទ្ធយកកោះថ្មប៉ប៉្រះទឹកនៃដែនទឹកហ្វីលីពីន។ ចិន កាលពីថ្ងៃទី៣មេសាបានយកនាវាល្បាតបំពាក់ដោយកាំភ្លើងយន្ដបើកបុកពន្លិចនាវានេសាទរបស់វៀតណាម។

ទាំងវៀតណាមនិងហ្វីលីពីនបានចេញសេចក្ដីថ្លែងការណ៍ឆ្លើយឆ្លងគ្នាថ្កោលទោសចិន ប៉ុន្តែបានត្រឹមតែថ្កោលទោសប៉ុណ្ណោះមិនដឹងធ្វើអ្វីចិនបានព្រោះពេលនេះចិនបានធូរស្រាលក្នុងការប្រយុទ្ធជំងឺកូវីដ១៩ហើយសម្រាប់ហ្វីលីពីន និងវៀតណាមពេលនេះកំពុងតែជាប់ដៃក្នុងការប្រយុទ្ធនឹងជំងឺដ៏កំណាចនេះ។

ទាំងវៀតណាម និងហ្វីលីពីនគឺជាសមាជិកនៃសមាគមអាស៊ាន១០ប្រទេស។ ប៉ុន្ដែវៀតណាមនិងហ្វីលីពីនមានខ្នងបង្អែកដ៏រឹងមាំទប់ទលនឹងចិន គឺសហរដ្ឋអាមេរិក។ ឥឡូវនេះសហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់ កំពុងតែផុងខ្លួនក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដដែលសម្លាប់ពលរដ្ឋអាមេរិកមួយថ្ងៃៗរាប់ពាន់នាក់។

ក្នុងស្ថានភាពនេះហើយដែលអ្នកសង្កេតការណ៍តំបន់អាស៊ានមើលឃើញថា នេះជាឱកាសដែលចិនត្រូវពង្រីកមហិច្ឆិតារបស់ខ្លួនបានមួយកម្រិតទៀតក្នុងការកាន់កាប់តំបន់ទឹកនៅសមុទ្រចិនខាងត្បូង។

ទីភ្នាក់ងារសារព័ត៌មាន Asia News បានចុះផ្សាយថាប្រទេសហ្វីលីពីននៅខណៈនេះបានសម្រេចថានឹងចាប់ដៃជាមួយនឹងវៀតណាដើម្បីតវ៉ាប្រឆាំងនឹងប្រទេសចិនដែលកំពុងបង្កការឈ្លានពានដែនទឹករបស់ខ្លួន។

ទីក្រុងម៉ានីលបានហៅឧបទ្ទវហេតុនៃការបុកពន្លិចទូកនេសាទវៀតណាមហើយចាប់ខ្លួនអ្នកនេសាទប្រាំបីនាក់យកទៅឃុំទៀតនោះគឺជាការឈ្លានពានយ៉ាងកម្រោលប៉ុន្ដែមិនដល់ប៉ុន្មានថ្ងៃផង នាវាល្បាតចិនជាច្រើនគ្រឿងបានទៅឡោមព័ទ្ធកោះមួយចំនួនដែលទីក្រុងម៉ានីលចាត់ទុកថាជាដែនទឹករបស់ខ្លួននៅតំបន់ស្កាបូរ៉ូ។

រដ្ឋាភិបាលហ្វីលីពីនថ្កោលទោសចិនជាខ្លាំងប៉ុន្ដែសម្រាប់ប្រធានាធិតីឌូទ័រតេ និងមន្រ្ដីជាន់ខ្ពស់ របស់ហ្វីលីពីនមួយចំនួនកំពុងតែដាក់ខ្លួនឯងនៅក្នុងការតាមដានសុខភាព ដោយសារតែភ័យខ្លាចពីការឆ្លងជំងឺកូវីដ ដែលពលរដ្ឋហ្វីលីពីនរាប់រយនាក់បានឆ្លង និងរាប់សិបនាក់ទៀតបានស្លាប់។

ប្រធានាធិបតីហ្វីលីពីនបានប្រកាសប្រទេសក្នុងស្ថានភាពគ្រាមានអាសន្នផ្នែកសុខភាពសាធារណៈដោយយកកងទ័ពមកដាក់ពង្រាយនៅទីក្រុង និងនៅតាមបណ្ដាទីប្រជុំជនទាំងអស់នៅទូទាំងប្រទេស។

ចំណែកឯប្រទេសវៀតណាមឯណោះវិញក៏ដាក់ប្រទេសស្ថិតក្នុងស្ថានភាពអាសន្នផ្នែកសុខភាពផងដែរ គឺទាំងមន្រ្ដីរដ្ឋាភិបាលរាប់ទាំងនាយករដ្ឋមន្រ្ដីរហូតដល់ទៅរដ្ឋមន្រ្ដីការបរទេសមិនអាចចាកចេញពីប្រទេសបានឡើយ។

រដ្ឋាភិបាលទីក្រុងហាណូយបានត្អូញត្អែរថាពេលនេះមានការលំបាកខ្លាំងណាស់ ដើម្បីស្នើកោះប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន ឬក៏រដ្ឋមន្រ្ដីការពារជាតិដើម្បីពិនិត្យមើលឡើងវិញ នូវសន្ដិសុខតំបន់ជាពិសេស ការដែលប្រទេសចិនបានលុកលុយកាន់កាប់កោះរបស់ខ្លួននៅសមុទ្រចិនខាងត្បូងហើយមិនតែប៉ុណ្ណោះបានបុកពន្លិចទូកនេសាទ និងចាប់ខ្លួនពលរដ្ឋវៀតណាមឃុំខ្លួនទៀតផង។

ក្រុងហាណូយបានហៅទង្វើនេះថាជាការបង្កភាពតានតឹងយ៉ាងពិតប្រាកដពីសំណាក់ក្រុងប៉េកាំង ហើយមិនបានគិតអំពីតំបន់អាស៊ានដែលកំពុងរងគ្រោះដោយសារតែជំងឺឆ្លងកូវីដ ឬមេរោគកូវ៉ូណាដែលប្រភពដើមចេញពីប្រទេសចិននោះទេ។

ទាំងវៀតណាម និងហ្វីលីពីនដែលរងគ្រោះដោយសារនាវាល្បាតរបស់ចិនប្រព្រឹត្តបែបនេះ គឺជាលើកទី២ មកហើយក្នុងរយៈពេល៦ខែមកនេះ។ កាលពីឆ្នាំមុនអ្នកនេសាទហ្វីលីពីន២២នាក់ត្រូវបានវៀតណាមជួយសង្គ្រោះនៅពេលដែលចិនបានដេញបុកទូកនេសាទរបស់ពួកគេដូចនេះដែរ។

កាលពីដើមខែមករា នៅពេលចិនកំពុងតែធ្លាក់ក្នុងស្ថានភាពអាសន្ននៃជំងឺឆ្លងកូវិដ គឺក្រុងប៉េកាំងស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់ខណៈសហរដ្ឋអាមេរិកដែលមិនទាន់ទទួលរងគ្រោះថ្នាក់កូវីដធ្ងន់ធ្ងរ បានបញ្ចេញនាវាធំមួយគ្រឿងមកកាន់សមុទ្រចិនខាងត្បូងចូលដែនទឹកដីវៀតណាមដោយប្រកាសពង្រឹងសាមគ្គីភាពដើម្បីសន្ដិសុខនៅក្នុងតំបន់អាស៊ានជាពិសេសសមុទ្រចិនខាងត្បូង។

តែពេលនេះអាមេរិកឃ្លាតឆ្ងាយពីវៀតណាម និងហ្វីលីពីនដោយសារតែកងទ័ពរបស់អាមេរិកដែលឈរជើងនៅអាស៊ីប៉ាស៊ីហ្វិកជាពិសេសនៅលើនាវា USS Rossevelt ប្រមាណជាជាង៥០០នាក់ក្នុងចំណោម ៥ពាន់នាក់ បានឆ្លងមេរោគកូរ៉ូណា ហើយបានដឹកយោធា ទាំងនោះទៅសង្គ្រោះបន្ទាន់នៅកោះGUAM នៃដែនសមុទ្រប្រទេសជប៉ុន។

សម្រាប់សហរដ្ឋអាមេរិក បានត្រឹមចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស និងព្រមានចិន អំពីហានិភ័យ នៅក្នុងការតំបន់តែប៉ុណ្ណោះ។ទាំងវៀតណាម និងហ្វីលីពីនបានប្រកាសថាក្រោយពីការបញ្ចប់សង្គ្រាមកូវីដហើយនោះ គឺនឹងពិនិត្យឡើងវិញភ្លាមសន្ដិសុខតំបន់ដោយស្នើឱ្យមានការកោះប្រជុំនៃសមាជិកអាស៊ានជាបន្ទាន់មួយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស