29 C
Phnom Penh

ក្រសួងព្យាករណ៍ថា នៅដើមរដូវវស្សាឆ្នាំនេះនឹងមានបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ច្រើន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា នៅដើមរដូវវស្សា ឆ្នាំ២០២០  ពោលគឺនៅខែឧសភា និងខែមិថុនា បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នឹងអាចបន្តកើតមានច្រើន។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃនេះ បានឱ្យដឹងថា ផ្អែកទៅលើស្ថានភាពសីតុណ្ហភាពលើផ្ទៃសមុទ្រ                        ប៉ាស៊ីហ្វិក ក្បែរខ្សែអេក្វាទ័រ បានបង្ហាញថា ក្នុងឆ្នាំ២០២០នេះ កម្ពុជាទទួលរងនូវឥទ្ធិពលពីបាតុភូត Neutral ដែលជាបាតុភូតអន្តរកាល ចន្លោះរវាងបាតុភូត El Nino ឬបាតុភូតក្តៅ និងបាតុភូតត្រជាក់ ឬហៅថា La Nina ។

ក្រសួងបានព្យាករណ៍ថា នៅឆ្នាំនេះ រដូវវស្សា នឹងចូលមកដល់លឿនជាងឆ្នាំ២០១៩ ដោយចាប់ផ្តើមពីខែមេសាទៅ ខុសពីប្រក្រតីដែល                 រដូវវស្សា តែងចាប់ផ្តើមនៅពាក់កណ្តាលខែឧសភា ជាមួយបរិមាណទឹកភ្លៀង ពីមធ្យមទៅបង្គួរ។ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅឆ្នាំនេះនឹងអាចបន្តកើតមានច្រើននៅដើមរដូវវស្សា ក្នុងខែឧសភា និងខែមិថុនាផងដែរ។

ដោយឡែកពាក់កណ្តាលរដូវវស្សា នៅក្នុងខែសីហា និងខែកញ្ញា ភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អលើផ្ទៃប្រទេស ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើន ក្នុងនោះក៏នឹងអាចបណ្តាល ឲ្យខេត្តមួយ ចំនួន ដែលមានភូមិសាស្រ្តនៅទីទំនាបជាប់ក្បែរតំបន់ជួរភ្នំ តំបន់ខ្ពង់រាប និងតំបន់ជាប់នឹងផ្លូវទឹក ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ដែលបណ្តាលមកពីការធ្លាក់ភ្លៀងច្រើនលើសលប់។

រីឯនៅចុងរដូវវស្សាវិញ តាមបណ្តាខេត្តនៅតំបន់ខ្ពង់រាប រដូវវស្សាអាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី២ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅមធ្យម។

ប៉ុន្តែនៅតាមបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ រដូវវស្សាអាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី៣ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅបង្គួរ។

សម្រាប់រដូវវស្សានៅឆ្នាំ២០២០នេះ ក៏មានវត្តមានកូនរដូវប្រាំងអាចនឹងកើតមាននៅក្នុងសប្តាហ៍ទី២ នៃខែកក្កដា រហូតដល់ដំណាច់ខែកក្កដា។

នៅក្នុងឆ្នាំ២០២០នេះ អាចនឹងមានព្យុះកើតឡើងប្រមាណពី ២៤ទៅ២៦ ព្យុះ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងពី ៤ទៅ ៥ ព្យុះ ដែលកើតផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង។

ជាមួយនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ព្យុះច្រើននៅរដូវវស្សាឆ្នាំនេះ ក្រសួងបានអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហានេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស