លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ានដោយជំរុញឱ្យមេដឹកនាំអាស៊ានទាំងអស់ រួមដៃគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយគ្មានការរើសអើងពូជសាសន៍។
ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពីកូវីដ-១៩ តាមប្រព័ន្ធវីដេអូនអនឡាញ នៅព្រឹកថ្ងៃទី១៤ ខែមេសា នេះ លោក ហ៊ុន សែន បានឡើកឡើងថា នាពេលកន្លងមក, វិធានការនានាប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ប្រទេសទាំងអស់ ភាគច្រើនគឺផ្តោតទៅលើការអនុវត្តនៅផ្ទៃក្នុងប្រទេសឬតំបន់ប៉ុណ្ណោះ។
លោកយល់ថា ការប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ គឺមិនអាចដោះស្រាយត្រឹមកម្រិតប្រទេសនីមួយៗបានឡើយ ព្រោះភាពជោគជ័យនៃការប្រយុទ្ធនឹងជំងឺនេះ ទាមទារឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ។
ជាមួយគ្នានេះ លោកថាអាស៊ានត្រូវតែរួមដៃគ្នា និង ប្រែក្លាយ ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទៅជាសមរភូមិរួម ដែលត្រូវចូលរួមប្រយុទ្ធទាំងអស់គ្នាក្នុងស្មារតី រួបរួមសាមគ្គីគ្នា ចែករំលែកនូវបទពិសេស ចំណេះដឹង និងបច្ចេកទេសវេជ្ជសាស្ត្រ ថវិកា ព្រមទាំងព័ត៌មានពាក់
លើសពីនេះ សមាគមអាស៊ាន ត្រូវជៀសវាងការរើសអើងពូជសាសន៍ និង ការប្រកាន់ជំហរស្ដីបន្ទោស ដែលជាល្បែងទម្លាក់កំហុសដ៏អាក្រក់មួយ នាំដល់ការបែកបាក់សាមគ្គីភាព ខណៈដែលពិភពលោកទាំងមូល កំពុងខិតខំរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ។
យ៉ាងនេះក្តី អ្នកវិភាគនយោបាយធ្លាប់លើកឡើងថា គោលការណ៍រួមរបស់អាស៊ាន ដែលចែងថាសហគមន៍តែមួយវាសនាតែមួយ នៅមិនទាន់សម្រេចគោលដៅនៅឡើយ។ ជាក់ស្តែងបញ្ហាជំងឺកូវីដ១៩នេះ បានបង្ហាញកាន់តែច្បាស់ថាអាស៊ានមិនទាន់មានឯកភាព និងសាមគ្គីភាពគ្នានោះឡើយ ពោលគឺសក់នរណា ក្បាលអ្នកហ្នឹង។
ជាក់ស្តែងវៀតណាមបានអនុញ្ញាតឱ្យពលរដ្ឋបរទេសដែលដឹងថាមានជំងឺកូវីដ១៩ ចូលមកកម្ពុជា ហើយថែមទាំងបិទព្រំដែនជាមួយកម្ពុជា ដោយមិនបានជូនដំណឹងមកកម្ពុជាជាមុននោះឡើយ។ រីប្រទេសថៃវិញ ក៏រកឃើញថាបានអនុញ្ញាតឱ្យអ្នកមានជំងឺកូវីដ១៩ ចូលមកកម្ពុជា ព្រមទាំងការប្រកាសបិទព្រំដែនជាមួយកម្ពុជាជាដើម។
យ៉ាងនេះក្តី លោកហ៊ុន សែន បានអះអាងថា សមាជិកអាស៊ានបានអនុម័តដោយចេញសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពីជំងឺកូវីដ-១៩ លើចំនុចសំខាន់ៗចំនួន០៨។
ចំណុចទាំងនោះដូចជា ការបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការលើសុខភាពសាធារណៈ ជាពិសេសចំណាត់ការផ្សេងៗដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ជាពិសេសការពារប្រជាពលរដ្ឋអាស៊ានតាមរយៈការផ្លាស់ប្ដូរព័ត៌មាន ការផ្លាស់ប្ដូរបទពិសោធន៍ ការកសាង និងពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលនៃប្រទេសនីមួយៗ។
ជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងការផ្គត់ផ្គង់ថ្នាំពេទ្យ និងសម្ភារៈវេជ្ជសាស្ត្រផ្សេងទៀតក្នុងគោលដៅដើម្បីការពារជំងឺកូវីដ១៩ ពិសេសអ្នកដែលធ្វើការជួរមុខក្នុងការព្យាបាលជម្ងឺនេះ។
ជាងនេះទៀត ជំរុញទំនាក់ទំនងជាសាធារណៈប្រកបដោយតម្លារភាព និងប្រសិទ្ធភាពដោយប្រើប្រាស់យន្តការផ្សេងៗ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយ ដូចជាការទប់ស្កាត់ព័ត៌មានក្លែងក្លាយពាក់ព័ន្ធទៅនឹងជំងឺកូវីដ១៩នេះ។
ប្រភពដដែលអះអាងថា អាស៊ានមានការប្ដេជ្ញាចិត្តឡើងវិញ ចំពោះចំណាត់ការរួមគ្នា និងការសម្របសម្រួលគោលនយោបាយនៅក្នុងអាស៊ាន ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ច សង្គមកិច្ច ដោយសារជំងឺរាតត្បាតនេះ ជាពិសេសដើម្បីថែរក្សាប្រជាពលរដ្ឋអាស៊ាន និងរក្សាម៉ាក្រូសេដ្ឋកិច្ចរបស់អាស៊ានជាដើម៕