រដ្ឋាភិបាលតាមរយៈអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសម្តែងក្តីសង្ឃឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាមេរិក នឹងកាន់តែជិតស្និទ្ធ ព្រមទាំងល្អប្រសើរ។
លិខិតផ្លូវការរបស់ក្រសួងការបរទេសនៅថ្ងៃនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍ដ៏កក់ក្តៅ និងពរសព្វសាធុការ ដែលក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្ញើជូនប្រជាជនកម្ពុជា នៅក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា។
ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងទៀតថារដ្ឋាភិបាល និងប្រជាជនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះមិត្តភាពជាមួយសហរដ្ឋអាមេរិក អមដោយការជឿជាក់យ៉ាងមុតមាំថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែជិតស្និត និងល្អប្រសើរថែមទៀត។
ការលើកឡើងរបស់ក្រសួងការបរទេសកម្ពុជានៅពេលនេះ ជាការតបទៅនឹងសារជូនពរពលរដ្ឋខ្មែរនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០ របស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី MORGAN ORTAGUS ដែលផ្ញើមកកម្ពុជាកាលពីថ្ងៃទី៩ ខែមេសា។
ក្នុងសារជូនពរដោយតាងនាមឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក អ្នកស្រីសូមជូនពរដល់ប្រជាជនកម្ពុជា ឲ្យមានសេចក្តីសុខសប្បាយ នៅក្នុងពេលចូលឆ្នាំខ្មែរ ដែលចាប់ផ្តើមនៅថ្ងៃទី១៣ ខែមេសា។
លោកស្រីបន្តថា ឆ្នាំនេះ ពេលនេះ ជាការបង្ហាញឲ្យឃើញនូវវប្បធម៌ដ៏សម្បូរបែប របស់កម្ពុជា ហើយប្រជាជនអាមេរិក វាយតម្លៃខ្ពស់ចំពោះវប្បធម៌របស់កម្ពុជា និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបន្តថា ទំនាក់ទំនងនេះ ធ្វើឲ្យប្រទេសទាំងពីរមានការតាំងចិត្ត ក្នុងការដោះស្រាយបញ្ហាប្រឈមជាសាកលដែលកំពុងមាននៅចំពោះមុខ ហើយយើងពិតជាជឿថា មិត្តភាពរបស់ប្រទេសទាំងពីរនឹងមានភាពកាន់តែជ្រាលជ្រៅ នៅក្នុងពេលរាប់ឆ្នាំទៅមុខទៀត។
ការប្តេជ្ញាចិត្តរវាងប្រទេសទាំងពីរលើកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងកាន់តែជិតស្និតនេះ ក្រោយពេលទំនាក់ទំនងកម្ពុជា-អាមេរិក ក្នុងរយៈចុងក្រោយហាក់មានភាពជូរចត់បន្តិច ជាពិសេសការចាប់ខ្លួនលោក កឹម សុខា និងរំលាយគណបក្សសង្រ្គោះជាតិ ដោយមន្ត្រីរដ្ឋាភិបាលកម្ពុជាបានចោទអាមេរិកថាជាអ្នកនៅពីក្រោយខ្នងលោក កឹម សុខា ដើម្បីប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់ខ្លួន។ ប៉ុន្តែអាមេរិកបានចាត់ទុកការចោទប្រកាន់បែបនេះ ថាជាការប្រឌិតឡើងរបស់ព្រះរាជអាជ្ញាក្រុងភ្នំពេញប៉ុណ្ណោះ។
កាលពីឆ្នាំ២០១៩ មុនការចូលកាន់តំណែងរបស់ឯកអគ្គរដ្ឋទូតថ្មី លោក Patrick Murphy មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បានប្រើសម្តីជេរប្រមាថ និងបណ្តេញមន្ត្រីទូតអាមេរិកចេញពីកម្ពុជា ប្រសិនបើពួកគេមិនពេញចិត្តនឹងការដាក់ដឹកនាំរបស់រដ្ឋាភិបាល លោក ហ៊ុន សែន នោះ។
ក្នុងខែកញ្ញាឆ្នាំមុន អាមេរិកបានចេញសេចក្តីថ្លែងការន៍២ដងជាបន្តបន្ទាប់ដោយស្នើឱ្យដោះលែងលោកកឹម សុខា ផ្តល់សិទ្ធិនយោបាយឱ្យលោក និងមន្ត្រីជាប់បម្រាមផ្សេងទៀត ព្រមទាំងស្នើឱ្យផ្តល់កៅអីដល់មន្ត្រីបក្សសង្រ្គោះជាតិ នៅមូលដ្ឋានជាង៥ពាន់នាក់ផងដែរ។
យ៉ាងនេះក្តី រដ្ឋាភិបាលតែងចាត់ទុកសេចក្តីថ្លែងការណ៍ទាំងនោះថាជាការរំលោភលើអធិបតេយ្យភាព និងឯករាជ្យភាពកម្ពុជា។
នៅចុងឆ្នាំ២០១៩ ដដែល ប្រធានាធិបតេយ្យសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានផ្ញើលិខិតមួយមកលោកហ៊ុន សែន ផ្ទាល់ ដោយប្រាប់ឱ្យមេដឹកនាំកម្ពុជាវិលត្រឡប់ទៅគន្លងលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សជាដើម។ លើសពីនេះ គប្បីកសាងទំនុកចិត្ត និងស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ ត្បិតការដើរខុសគន្លងលទ្ធិប្រជាធិបតេយ្យ នឹងនាំឱ្យកម្ពុជាវិលទៅរកក្តីវិនាស ពិសេសបំផ្លាញការអភិវឌ្ឍន៍កន្លងមកផងដែរ៕