26 C
Phnom Penh

ចិនបញ្ចេញនាវាចម្បាំងគំរាមលុកលុតកោះតៃវ៉ាន់ បង្ខំអោយអាមេរិកបង្ហោះយន្តហោះចម្បាំងមកកាន់កោះតៃវ៉ាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅខណៈពិភពលោក ជាពិសេស លោកខាងលិចដែលសហរដ្ឋអាមេរិក ជាប្រទេសខ្លាំងជាងគេ ទាំងសេដ្ឋកិច្ចនិងយោធាកំពុងជាប់ផុងនឹងសង្រ្កាមកូវិដ  បែរជាប្រទេសចិន បញ្ចេញ កម្លាំងយោធា និងគ្រឿងចម្បាំងធ្វើសមយុទ្ធ គំរាមប្រទេសជិតខាងខ្លួន ក្នុងនោះ មានកោះ                  តៃវ៉ាន់ដែលជាមហាមិត្តរបស់អាមេរិក ហើយជាមួយគ្នានេះក្រុងប៉េកាំងក៏បានបញ្ជូននាវាល្បាត ចូលលុកលុយដែនទឹកនៅតំបន់សមុទ្រចិនខាងត្បូង ថែមទៀត។

នៅពេលនេះមានសេចក្ដីរាយការណ៍មកថា ចិនបាន កំពុង ធ្វើសមយុទ្ធទ័ពជើងទឹក ដោយបង្ហាញ នាវាផ្ទុកយន្តហោះដ៏ធំរបស់ខ្លួន ដែលអាចផ្ទុកយន្តហោះ និងឧទ្ធម្ភាកចក្រ ជាច្រើនគ្រឿង ឡោមព័ន្ធកោះតៃវ៉ាន់តែម្តង។ សមយុទ្ធរបស់ចិននៅពេលនេះធ្វើឡើង បន្ទាប់ពីនាវាល្បាតចិនជាគ្រឿងបំពាក់ដោយកាំភ្លើងយន្តបានបើកបុកទូកនេសាទវៀតណាម និងបានឡោមព័ន្ធកោះ មួយចំនួន ដែលជាកម្មសិទ្ធរបស់ហ្វីលិពីន នៅសមុទ្រចិនខាងត្បូងកាលពីសប្ដាហ៍មុន។

ហេតុការណ៍នេះ បានធ្វើអោយតៃវ៉ាន់ដែល ជាដែនដីផ្ដាច់ខ្លួនពីចិនដោយសារសង្រ្កាមស៊ីវិល នៅឆ្នាំ ១៩៤៩ បានបង្ខំចិត្ត អូសកាំភ្លើងត្បាល់ បញ្ចេញ យន្តហោះ  និងនាវាចម្បាំង ដាក់ពង្រាយភ្លាមៗ ដែលជាសញ្ញាមួយបញ្ជាក់ថា អាជ្ញាធរតៃវ៉ាន់ពិតជា ហ៊ាន ធ្វើសង្រ្កាម ជាមួយមហាយក្សចិន ក្រោមការដឹកនាំរបស់ស្រ្តីឆ្នើម សាយអឺងវិន ។

ប៉ុន្តែ បណ្ដាញផ្សាយព័ត៌មាន Channel News Asia បានចុះផ្សាយ នៅថ្ងៃទី១៤ មេសានេះថា អាមេរិក ដែលជាមហាមិត្តរបស់កោះតៃវ់ាន់ បានបញ្ជូនយន្តហោះ ស៊ើបការណ៍មួយគ្រឿង ដែលមានសមត្ថភាពអាចវាយប្រហារនាវាមុជទឹកនោះ  បានបង្ហោះលើដែនអាកាសតៃវ៉ាន់ ដែលយន្នហោះនេះ ក៏បានហោះពីលើ នាវាផ្ទុកយន្តហោះរបស់ចិនផងដែរ។

យន្តហោះរបស់អាមេរិក នេះ គឺ P-3 Orion ដែលបានហោះចេញពី មូលដ្ឋានកងទ័ពជើងទឹករបស់អាមេរិក ក្នុងដែនទឹករវាងកោះតៃវ៉ាន់និងហ្វីលីពីន។ អ្មកនាំពាក្យកងទ័ពតៃវ៉ាន់លោក Shih Shun-wen បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កងកម្លាំងរបស់តៃវ៉ាន់ បានចល័តខ្លួន រួចរាល់ហើយ ដើម្បីការពារខ្លួនក្នុងស្ថានភាពនៃការបង្កសង្រ្កាម។

លោកបញ្ចាក់ថា លោកបានដាក់ពង្រាយទាំងទ័ពជើងទឹក ជើងអាកាស និងទ័ពថ្មើជើង។ ក្រសួងការពារជាតិកោះតៃវ៉ាន់ឲ្យដឹងថា សហរដ្ឋអាមេរិកបានបញ្ចេញយន្ដហោះស៊ើបការណ៍ និងយន្ដហោះទម្លាក់គ្រាប់បែកបេ ៥២ មកកាន់ដែនអាកាសកោះតៃវ៉ាន់ចំនួនប្រាំលើកមកហើយ ដោយសារអាមេរិកដឹងថាចិនអាចនឹងមានសកម្មភាពយោធាដូចនៅថ្ងៃនេះ។

ការណ៍សហរដ្ឋអាមេរិកដែលបញ្ចេញនាវាចម្បាំង និងយន្ដហោះចម្បាំងហោះលើដែនអាកាសកោះតៃវ៉ាន់គឺក្នុងគោលបំណងដើម្បីពង្រឹងសន្ដិសុខសម្រាប់ដែនកោះតៃវ៉ាន់ និងសន្ដិសុខតំបន់អាស៊ីប៉ាស៊ីហ្វិក។

ប៉ុន្តែអ្នកនាំពាក្យកងទ័ពជើងទឹកចិនលោក Gao Xiucheng បាននិយាយថានាវាផ្ទុកយន្ដហោះដ៏ធំនេះមានឈ្មោះថា Lia-on-ing បើកបរអមដោយនាវាពិឃាតជាច្រើនគ្រឿងទៀត ដើម្បីធ្វើសមយុទ្ធក្រឡឹងជុំវិញកោះតៃវ៉ាងន់តែម្ដង ប៉ុន្ដែអ្នកនាំពាក្យរូបនេះបានអះអាងថាវាគ្រាន់តែជាបេសកកម្មប្រចាំឆ្នាំតែប៉ុណ្ណោះ។

ប៉ុន្តែសាព័ត៌មាន Chanel News Asia បានដកស្រង់សម្តីអ្នកវិភាគ របស់វិទ្យាស្ថានកិច្ចការបរទេសនិងយុទ្ធសាស្រ្ដនៃសកលវិទ្យាជាតិជុងចេង ចុះផ្សាយថា សកម្មភាពយោធារបស់មហាអំណាចទាំងពីររវាងចិន និងអាមេរិក នៅតំបន់នោះគឺជាការបង្កភាពតានតឹងខ្លាំងមែនទែនព្រោះតែអាមេរិកអាចដឹងថាពេលខ្លួនកំពុងធ្លាក់ក្នុងសង្គ្រាមកូវីដ គឺចិនពិតជាបង្កើនឥទ្ធិពលយោធារបស់ខ្លួនក្នុងតំបន់។

តែបើតាមគេហទំព័ Daily Mail សហរដ្ឋអាមេរិកនឹងបញ្ចូននាវាផ្ទុកយន្ដហោះ រ៉ូណាលរីហ្កេន មកច្រកសមុទ្រកោះតៃវ៉ាន់ឆាប់ៗនេះ ហើយ អមដោយយន្ដហោះទម្លាក់គ្រាប់បែកបេ៥២ទៀតផងដែល ហោះចេញពីកោះGuam ជាមូលដ្ឋានទ័ពអាមេរិកនៅសមុទ្រប៉ាស៊ីហ្វិកខាងកើត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស