38 C
Phnom Penh

សកម្មជនបក្សសង្រ្គោះជាតិនៅក្រៅប្រទេសថា ការចូលរួមបំបែកសំឡេងប្រឆាំង ប្រៀបដូចជួយពង្រឹងអំណាចផ្តាច់ការនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជនគណបក្សសង្រ្គោះជាតិនៅប្រទេសកូរ៉េខាងត្បូង បានលើកឡើងថា ការចូលរួមបំបែកសម្លេងប្រឆាំងណាមួយ គឺជាការរួមចំណែកបំផ្លាញសរសរស្តមចុងក្រោយ នៃតុល្យភាពអំណាចនៅប្រទេសកម្ពុជា ហើយប្រៀបបាននឹងជួយពង្រឹងអំណាចផ្តាច់ការគ្មានទីបញ្ចប់នៅ                 កម្ពុជាផងដែរ។

ប្រធានចលនាយុវជនគណបក្សសង្រ្គោះជាតិ នៅប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន បានបញ្ចេញទស្សនៈនៅលើបណ្តាញសង្គម             ហ្វេសប៊ុករបស់លោកនៅថ្ងៃនេះ ថាការបង្កើត និងបង្រួបបង្រួមកំលាំងអ្នកប្រជាធិបតេយ្យឲ្យក្លាយជាកម្លាំងសរុប នាពេលនេះគឺសំដៅឆ្លើយតបឲ្យទាន់ពេលវេលា មានប្រសិទ្ធភាព និងប្រកបដោយគុណភាពចំពោះចរន្តនៃការផ្លាស់ប្តូរនៅកម្ពុជា។

ជាពិសេសការត្រៀមរៀបចំកម្លាំងនយោបាយថ្មី ដើម្បីចូលរួមយ៉ាងសកម្មបំផុតក្នុងចរន្តនៃការផ្លាស់ប្តូររយៈពេលមធ្យម និងចរន្តនយោបាយរយៈពេលវែង។

លោកបន្តថា ដើម្បីឆ្លើយតបចំពោះការផ្លាស់ប្តូរក្នុងដំណាក់កាលចំពោះមុខដែលប្រជាជាតិខ្មែរកំពុងជួបប្រទះវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរនាពេលបច្ចប្បន្ននេះ អ្នកប្រជាធិបតេយ្យត្រូវហ៊ានធ្វើការប្រកាសជាឧឡារឹកនូវយុទ្ធសាស្រ្តនយោបាយចំពោះមុខ។ យុទ្ធសាស្ត្រទាំងនោះតម្រូវឲ្យអ្នកប្រជាធិបតេយ្យរួមគ្នា និងចូលរួមយ៉ាងសកម្មបំផុតក្នុងការជំរុញឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានរហូតទទួលបានជោគជ័យ។

បន្ថែមពីនេះ អ្នកប្រជាធិបតេយ្យត្រូវយល់ឃើញថាអាស្រ័យដោយតុល្យភាពអំណាច គ្រប់គ្រងរដ្ឋក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ត្រូវបានបាត់បង់សឹងតែទាំងស្រុងដោយសារការអនុវត្តនយោបាយប្រមូលផ្តុំអំណាចផ្តាច់មុខរបស់មេដឹកនាំជាតិ។

ដូច្នេះជម្រើសនៅសល់ គឺមានតែគណបក្សសង្រ្គោះជាតិតែមួយគត់ ដែលមានកម្លាំងមហាជន គាំទ្រគ្រប់គ្រាន់ជាជញ្ជីងតុល្យភាពកម្លាំងក្នុងការប្រកួតប្រជែងស្មើភាពជាមួយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងអាចយកឈ្នះប្រសិនមានការបោះឆ្នោតដោយសេរីត្រឹមត្រូវ និងទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។

បន្ថែមពីនេះ អ្នកប្រជាធិបតេយ្យត្រូវធ្វើការ អំពាវនាវឲ្យគ្រប់កម្លាំងនយោបាយ និងគណបក្សនយោបាយទាំងអស់ ឲ្យរួបរួមសម្លេងគាំទ្រទាមទារស្តារគណបក្សសង្រ្គោះជាតិឡើងវិញ និងកុំឆ្លៀតឱកាស ដើម្បីបំបែកសម្លេងគាំទ្រ ក្នុងគ្រាដែលប្រជាជាតិខ្មែរត្រូវការ ការរួបរួមកម្លាំង ដើម្បីសម្រេចបុព្វហេតុនៃការផ្លាស់ប្តូរនាពេលខាងមុខ។

អ្នកប្រជាធិបតេយ្យ ត្រូវធ្វើការអំពាវនាវឲ្យគណបក្សនយោបាយទាំងអស់ ធ្វើពហិកាមិនចូលរួមការបោះឆ្នោតណាមួយ ដែលមិនសេរីត្រឹមត្រូវ និងយុត្តិធម៌ ដែលលទ្ធផលនៃការបោះឆ្នោតនេះមិនបានទទួលស្គាល់ពីសហគមន៍អន្តរជាតិ និងស្នើឲ្យគណបក្សប្រជាជនកម្ពុជាគិតគូរដល់ឧត្តមប្រយោជន៍របស់ជាតិ ដោយស្តារស្ថានការណ៍នយោបាយឲ្យបានដូចមុនចូលឆ្នាំ ២០១៧ឡើងវិញ ព្រមទាំងពង្រឹងការផ្សះផ្សាជាតិដ៏ពិតប្រាកដឡើងវិញក្នុងភាតរភាពនៃមហាគ្រួសារខ្មែរជាដើម។

ការលើកឡើងទាំងនេះ ស្របពេលបញ្ហាផ្ទៃក្នុងបក្សសង្រ្គោះជាតិមានកាន់តែច្រើន ពិសេសការបង្ហាញជំហរផ្ទុយគ្នាកន្លងមក រវាងក្រុមអតីតបក្សសមរង្ស៊ី និងបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់លើកឡើងថាការបែកបាក់របស់គណបក្សសង្រ្គោះជាតិ ពុំមែនលោកជាអ្នកបំបែកនោះទេ ប៉ុន្តែការបែកបាក់ខ្លួនឯង ហើយអ្នកដឹកនាំបក្សដែលធ្វើគណបក្សខ្លួនបែកបាក់ គឺជាមនុស្សអន់។

អ្នកវិភាគនយោបាយវិញក៏ធ្លាប់ព្រមានដែរថា ប្រសិនបើគណបក្សសង្រ្គោះជាតិឈានទៅរកការបែកបាក់ ជាជំហានដើរទៅបញ្ចប់ជីវិតនយោបាយរបស់លោក សម រង្ស៊ី និង លោក កឹម សុខា ត្បិតនឹងពិបាកស្តារប្រជាប្រិយភាពឡើងវិញ ហើយក៏គ្មានថ្ងៃអាចយកឈ្នះដៃគូប្រកួតនយោបាយរបស់ខ្លួន គឺ លោក ហ៊ុន សែន បានឡើយ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស