26 C
Phnom Penh

លោក ហ៊ុន សែន អំពាវនាវឱ្យពលករខ្មែរនៅក្រៅប្រទេសគោរពច្បាប់ប្រទេសគេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវទៅពលរដ្ឋខ្មែរនៅក្រៅប្រទេស ពិសេសពលករ ពលការនី ដែលកំពុងរស់នៅ និងធ្វើការងារនៅក្រៅប្រទេស ជាពិសេសនៅប្រទេសថៃ សូមគោរពតាមច្បាប់ និងបទបញ្ញាត្តិទាំងឡាយដែលប្រទេសគេបានដាក់ចេញ។

ច្បាប់ និងបទបញ្ញាត្តិ រួមទាំងនោះ ដូចជាច្បាប់បម្រាមគោចរ និងបម្រាមជួបជុំគ្នាជាក្រុម ឬជប់លៀងជាក្រុមដែលពេលនេះប្រទេសគេកំពុងមានការហាមឃាត់តឹងរឹងបំផុតក្នុងការទប់ស្កាត់ការចម្លងរោគកូវីដ-១៩។

ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ចុះផ្សាយនៅថ្ងៃនេះថា លោក ហ៊ុន សែន បានស្នើឱ្យពលរដ្ឋដែលកំពុងរស់នៅនិងធ្វើការងារនៅក្រៅប្រទេស កុំធ្វើអ្វីដែលខុសច្បាប់របស់ប្រទេសគេ ខណៈប្រទេសទាំងនោះកំពុងដាក់ក្នុងគ្រាអាសន្ននោះ។

លោកបញ្ជាក់ថា ជារឿងសំខាន់ណាស់នៅពេលនេះ គឺសុវត្ថិភាពសុខភាពអាយុជីវិតរបស់បងប្អូន កូនក្មួយ ពលករ ពលការនីផ្ទាល់ ដោយត្រូវគោរពច្បាប់ទាំងក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសនៅក្នុងស្ថានភាពដែលប្រទេសភាគច្រើនបានដាក់ចេញនូវបទបញ្ញត្តិនិងបម្រាមដ៏តឹងរឹងក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលពេលនេះ ក្រោយពេលសារព័ត៌មានថៃមួយបានចុះផ្សាយនៅថ្ងៃនេះ បញ្ជាក់ថាសមត្ថកិច្ចថៃបានឃាត់ខ្លួនពលករខ្មែរប្រុសស្រីចំនួន ១៧នាក់កាលថ្ងៃម្សិលមិញ ដោយសារពួកគេប្រមូលផ្តុំគ្នាផឹកគ្រឿងស្រវឹង រំលោភទៅនឹងបម្រាមរបស់រដ្ឋាភិបាល។ 

កាលពីថ្ងៃទី១២ ខែមេសា រដ្ឋាភិបាលថៃ បានដាក់បម្រាមមិនឱ្យលក់គ្រឿងស្រវឹង ព្រមទាំងបញ្ជាឱ្យបិទហាង ឬដេប៉ូលក់ស្រា ស្រាបៀរនៅទូទាំង ប្រទេសថៃ អំឡុងពេលបុណ្យចូលឆ្នាំថ្មី។ បម្រាមនេះ ធ្វើឡើងដើម្បីបញ្ចៀសការជួបជុំ និងប្រមូលផ្តុំគ្នាផឹកគ្រឿងស្រវឹងដែលនាំឱ្យមានការរីករាលដាលនៃកូវីដ១៩។

ដោយឡែកនៅកម្ពុជាវិញ រដ្ឋាភិបាលបានចេញបម្រាមមិនឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនោះឡើយ ដោយបម្រាមនេះបានអនុវត្តពីយប់ថ្ងៃទី៩  មេសា រហូតដល់ថ្ងៃទី ១៦មេសា។ ប៉ុន្តែរដ្ឋាភិបាលមិនបានចេញបម្រាមហាមឃាត់ការលក់ដូរគ្រឿងស្រវឹង ឬសេពគ្រឿងស្រវឹងអំឡុងពេលបុណ្យចូលឆ្នាំថ្មីនោះឡើយ។

សង្គមស៊ីវិលបានលើកឡើងថា ការជួបជុំគ្នាផឹកស៊ី ដោយសារការបណ្តោយឱ្យមានការចរាចរណ៍គ្រឿងស្រវឹងក្នុងរដូវបុណ្យចូលឆ្នាំនេះ គឺជាប្រភពមួយផ្នែកនាំឱ្យមានការចម្លងជំងឺកូវីដ១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងពីតំបន់មួយទៅតំបន់មួយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស