31 C
Phnom Penh

ប្រធានាធិបតីអាមេរិក សម្រេចផ្អាកការផ្ដល់ជំនួយទៅអង្គការ WHO ករណីចោទថា ជួយលាក់ព័ត៌មានអោយចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅទីបំផុត រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ដូណាល់ត្រាំបានសម្រេច ផ្អាកជំនួយ ជាបន្ទាន់ សម្រាប់ អង្កការសុខភាព ពិភពលោក ហៅកាត់ថា WHO ដោយសារតែ អាមេរិកខកចិត្ត ព្រោះតែ WHO រងការចោទថា បានជួយលាក់បាំងព័ត៌មាន អោយចិន អំពីទិន្នន័យនៃការ ផ្ទុះមេរោគកូរ៉ណា ឬជំងឺកូវិដ-១៩។ ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក នៅពេលនេះបាននាំអោយមានការភ្ញាក់ផ្អើលជាខ្លាំងពី ប្រទេស មួយចំនួន។

សេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មាន Channel News Asia ចុះផ្សាយថា លោកប្រធានាធិបតីដូណាល់ត្រាំ បានប្រកាសកាលពីថ្ងៃទី១៤ ខែមេសា បានសម្រេចព្យួរ មូលនិធិជំនួយរបស់សហរដ្ឋអាមេរិក សម្រាប់អង្គការសុខភាពពិភពលោក ដោយលោកត្រាំបញ្ជាក់ថា មានភាពធ្ងន់ធ្ងរណាស់ ចំពោះការផ្ទុះជំងឺកូវិដ-19 នៅចិន មុនពេលរាតត្បាត ទូទាំងពិភពលោក។

លោកត្រាំបាន ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅឯសេតវិមានថា លោកបានណែនាំទៅរដ្ឋបាលរបស់លោក អោយផ្អាកជំនួយទាំអស់ទៅអោយ WHO ហើយត្រូវសិក្សាអំពីតួនាទីរបស់អង្កការនេះឡើងវិញមុននឹងផ្ដល់ជំនួយជាថ្មីម្ដងទៀត។ លោកបញ្ជាក់ថា តួនាទីរបស់អង្គការអន្តរជាតិមួយនេះ កំពុងដើរតួនាទីខុសនឹងគោលការណ៍របស់ខ្លួនពាក់ព័ន្ធ នឹងស្ថានភាពនៃការផ្ទុះជំងឺកូវិដ ។

សហរដ្ឋអាមេរិក គឺជាប្រទេសមួយដែលផ្ដល់ជំនួយ ទៅអោយ WHO ច្រើនជាងគេ គឺមានចំនួនជាង៤០០លានដុល្លារក្នុងមួយឆ្នាំៗ ។ សម្រាប់ចិនវិញក្នុងមួយឆ្នាំៗ បានផ្ដល់ជំនួយទៅអោយ WHO   ពី៤៥លាន ទៅ៥០លានដុល្លារ។

តាមប្រធានាធិបតី ត្រាំ WHO បានបិទបាំងតម្លាភាពរបស់ខ្លួន អំពីការផ្ទុះមេរោគកូរ៉ូណា ដែលលោកថា សម្រាប់សហរដ្ឋអាមេរិក នឹងត្រូវពិនិត្យ សិទ្ធិរបស់អាមេរិក ចំពោះ តួនាទីរបស់អង្គការមួយនេះ។

លោក ត្រាំធ្លាប់ វាយប្រហារប្រទេសចិន ដោយហៅ កូរ៉ូណាគឺជាវិរុសចិន ហើយក្រោយមកទៀត លោកបានវាយប្រហារ WHO  ដោយចោទថាជា ស្ថាប័នមួយលំអៀងទៅរកចិន ដែលចិន ជាគូប្រជែងដំធំនៃ សេដ្ឋកិច្ចរបស់អាមេរិក។

លោកបន្តចោទថា ការលាក់លៀមព័ត៌មានរបស់ WHO បាននាំអោយ ពិភពលោក ទាំងមូល មិនបានត្រៀមខ្លួន ទប់ស្កាត់បានភ្លាមនិងមានប្រសិទ្ធភាព នៃការរាតត្បាតរបស់ជំងឺកូវិដ។ មិនតែប៉ុណ្ណោះ លោកថា អង្គការនេះ ក៏មិនបានណែនាំ អំពីការរឹតត្បិតការធ្វើដំណើរនោះដែរ។មួយវិញទៀត អង្គការនេះ អះអាងថា អ្នកស្លាប់ដោយសារជំងឺកូវិដ មានតិចតួចទេ នៅប្រទេសចិន។

ការសម្រេចរបស់រដ្ឋាភិបាល លោកត្រាំ បានធ្វើឡើងខណៈ អ្នកស្លាប់ ដោយសារជំងឺកូវិដនៅលើពិភពលោក កាន់តែធ្ងន់ធ្ងរ និងកើនឡើងហើយជាពិសេស គឺនៅអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលអ្នកស្លាប់ជាង៣ពាន់នាក់ក្នុងមួយថ្ងៃ។ សម្រាប់សហរដ្ឋអាមេរិកអ្នកស្លាប់ឡើង ជាង២ពាន់ ២០០នាក់ នៅថ្ងៃទី១៤ ខែមេសានេះ។ គិតមកដល់ថ្ងៃនេះអ្នកស្លាប់នៅអាមេរិក មាន២ម៉ឺន ៥ពាន់ ៧០០នាក់ហើយ អ្នកឆ្លងមានជិត ៦០ម៉ឺននាក់។

មកដល់ពេល នេះ WHO បានប្រកាស ស្វែងរក ជំនួយ ជាបន្ទាន់ ជាងមួយពាន់លានដុល្លារ ដើម្បី យកមកប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ។ WHO គឺជាស្ថាប័ន សុខភាព អន្តរជាតិ ដែលឯករាជ្យ ។ អង្គការនេះ គឺជាផ្នែកមួយ នៃអង្គការសហប្រជាជាតិដែលមានស្នាក់ការកណ្ដាលនៅ ប្រទេសស្វិស។

តែយ៉ាងណា មិនមានតែសហរដ្ឋអាមេរិក នោះទេ ដែលរិះគន់ WHO  គឺប្រទេសជប៉ុន កោះតៃវ៉ាន់ អូស្ត្រាលី និងប្រទេសមួយចំនួននៃទ្វិបអឺរ៉ុបក៏បាន រិះគន់ WHO ផងដែរ។ ប្រទេសចិន បានហៅអង្គការនេះ ថា អង្គការសុខភាពសម្រាប់ចិន។ ចំណែក កោះតៃវ៉ាន់ បានហៅ WHO បច្ចុប្បន្ននេះ ថាកំពុងដើរតួនាទីជាស្ថាប័ននយោបាយជាជាងស្ថាប័នជំនាញ ផ្នែកសុខភាព។

បែបនេះក្ដី ប្រទេសដែលប្រតិកម្ម រិះគន់អាមេរិក ព្យួរជំនួយ សម្រាប់ WHO គឺមានប្រទេសចិន មុនគេ។ តាមរយៈក្រសួងការបរទេស  ក្រុងប៉េកាំង បានហៅ សេចក្ដីសម្រេចរបស់ សហរដ្ឋអាមេរិកថាដើរខុសហើយ ។ ក្រុងប៉េកាំងបានទទូចអោយ ក្រុងវាស៊ីតោន ពិចារណាឡើងវិញ ។

សម្រាប់ប្រទេសអូស្ត្រាលី ទោះជាមិនបានបង្ហាញការគាំទ្រអាមេរិក ក្ដី តែ អូស្ត្រាលី បានរិះគន់ WHO ថា មានកំហុស ដោយសារ មានភាពយឹតយ៉ាវ ក្នុងការ បញ្ចេញព័ត៌មាន អំពី ស្ថានភាព នៃការផ្ទុះកូវិដ នៅប្រទេសចិន ដែលមុននឹងរាតត្បាត ពាសពេញពិភពលោក៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស