28 C
Phnom Penh

វិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យភ្ញៀវជិះយន្តហោះចេញចូលកម្ពុជាធ្លាក់ចុះជិត១០០%

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់របស់រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលបានអះអាងថា ដោយសារវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យអ្នកដំណើរដែលជិះតាមយន្តហោះចេញឬចូលកម្ពុជាធ្លាក់ចុះជិត១០០% តែម្តង។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកនេះ អគ្គនាយករងបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សេរីវុត្ថា បញ្ជាក់ថា តាំងពីជំងឺនេះបានផ្ទុះឡើងនៅលើពិភពលោក ក៏ដូចជានៅកម្ពុជាកាន់តែខ្លាំងនៅដើមឆ្នាំនេះមក ចំនួនភ្ញៀវទេសចរធ្វើដំណើរតាមយន្តចេញចូលកម្ពុជាធ្លាក់ចុះជាបន្ត            បន្ទាប់។

ជាក់ស្តែងលោកថា កាលពីខែកុម្ភៈ អ្នកដំណើរតាមជើងយន្តហោះ ថយចុះ២០% ហើយនៅខែមីនា ថយចុះជាង៥០%។ ដោយឡែកនៅខែមេសានេះ អ្នកដំណើរតាមជើងយន្តហោះចេញចូលកម្ពុជាថយចុះកាន់តែខ្លាំងដោយមិនដែលជួបប្រទះកន្លងមក ពោលគឺថយចុះជិត១០០%តែម្តង ប៉ុន្តែមិនទាន់ដឹងពីទំហំខាតបងជាថវិកានៅឡើយទេ។

មន្រ្តីជាន់ខ្ពស់ដដែល ឱ្យដឹងដែរថា បញ្ហានេះមិនមែនកើតឡើងតែនៅកម្ពុជានោះទេ ពោលគឺពិភពលោកទាំងមូល ដែលរងផលប៉ះពាល់លើបញ្ហានេះដោយសារការរាលដាលជំងឺកូវីដ-១៩។

លោកបញ្ជាក់ថា មានមូលហេតុ២ ដែលនាំឱ្យចំនួនភ្ញៀវធ្វើដំណើរតាមយន្តហោះធ្លាក់ចុះ គឺដោយសារអ្នកដំណើរ មិនហ៊ានធ្វើដំណើរកម្សាន្តដោយខ្លួនឯង និងដោយសារប្រទេសខ្លះ បានបិទប្រទេសរបស់ពួកគេមិនឲ្យធ្វើដំណើរចេញចូលតែម្តង។ ទោះបីជាកម្ពុជាជួបបញ្ហាបែបនេះក្តី ប៉ុន្តែលោកថាមិនទាន់មានក្រុមហ៊ុនអាកាសចរណ៍ដែលរកស៊ីនៅកម្ពុជាណាមួយ ប្រកាសក្ស័យធននៅឡើយទេ។

មន្ត្រីដដែលអះអាងថា ក្រុមហ៊ុនអាកាសចរណ៍បរទេសនៅកម្ពុជា មាន៣៩ក្រុមហ៊ុន ហើយចំនួននេះមិនទាន់រាប់បញ្ចូលក្រុមហ៊ុនខ្មែរនៅឡើយទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស