30 C
Phnom Penh

រដ្ឋអំណាចបន្តចាប់ខ្លួនអតីតសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់ ពាក់ព័ន្ធបញ្ហាជំងឺកូវីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋអំណាចលោក ហ៊ុន សែន បានចាប់ខ្លួនអតីតសកម្មជនបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀងម្នាក់ទៀតឈ្មោះ ញ៉ែម វាន ពាក់ព័ន្ធនឹងការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងរួមគំនិតក្បត់ជាតិជាដើម។

សារព័ត៌មានសំឡេងប្រជាធិបតេយ្យវី.អូ.ឌី នៅថ្ងៃព្រហស្បតិ៍បានដកស្រង់សម្តីរបស់អ្នកនាំពាក្យនគរបាលជាតិ លោក ឆាយ គឹមឃឿន ឱ្យដឹងថា លោក ញ៉ែម វាន ត្រូវបាន សមត្ថកិច្ចខេត្តបន្ទាយមានជ័យ ចាប់ខ្លួនកាលពីថ្ងៃម្សិលមិញ។ លោកបញ្ជាក់ថាការចាប់ខ្លួនអតីតសកម្មជនបក្សប្រឆាំងរូបនេះធ្វើឡើងតាមដីកាតុលាការរាជធានីភ្នំពេញ ពាក់ព័ន្ធបទញុះញង់ឱ្យមានអំពើឧក្រិដ្ឋជាអាទិ៍។

លោក ញ៉ែម វាន ជាអតីតសមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង ហើយលោកក៏ធ្លាប់ត្រូវបានសមត្ថកិច្ចខេត្តនេះដាក់កម្លាំងព័ទ្ធផ្ទះបម្រុងចាប់ខ្លួនក្នុងយុទ្ធនារការប្រឆាំងអ្នកគាំទ្រការវិលត្រឡប់ចូលស្រុករបស់លោក សម រង្ស៊ី កាលពីចុងឆ្នាំមុន។

កាលពីថ្ងៃទី១៣ មេសា សមត្ថកិច្ចបានចាប់ខ្លួនសមាជិកក្រុមប្រឹក្សាខេត្តព្រៃវែងមកពីគណបក្សសង្គ្រោះជាតិ លោក ជុំ ចាន់ ហើយបញ្ជូនទៅឃុំខ្លួននៅរាជធានីភ្នំពេញភ្លាមៗក្រោយពេលចាប់ខ្លួន ដោយចោទប្រកាន់ពាក់ព័ន្ធបទញុះញង់ឱ្យប្រព្រឹត្តិបទល្មើស និងរួមគំនិតក្បត់ជាតិជាដើម។ ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ រហូតមកដល់ពេលនេះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនមនុស្ស ៤២នាក់ ដោយភាគច្រើននៃពួកគេជាសកម្មជននិងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ។

ប្រភពដដែលបញ្ជាក់ថាក្នុងចំណោមពលរដ្ឋ ៤២នាក់ ដែលត្រូវបានចាប់ខ្លួន និងណែនាំនោះ មាន២២នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត និងបទញុះញង់ផងដែរ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់លើកឡើងដោយថាអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញបញ្ហាជំងឺកូវីដ១៩ គឺជាក្រុមភរវករ ដែលត្រូវចាត់វិធានការតាមច្បាប់។

អ្នកវិភាគនយោបាយលោក គឹម សុខ លើកឡើងថាលេសរបស់លោកហ៊ុន សែន នោះ នឹងក្លាយជាវិធានការឬក្លាយជាឧបករណ៍សម្រាប់ចាត់ការលើសកម្មជនឬមន្ត្រីគណបក្សសង្រ្គោះជាតិ។

កាលពីសប្តាហ៍មុន ឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបារម្ភចំពោះវិធានការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋឬ សំឡេងរិះគន់ ក្រោមលេសនៃការផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញបញ្ហាកូវីដ១៩ នេះ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស