28.4 C
Phnom Penh

ក្រសួងសុខាភិបាលស្នើដាក់ដាច់ដោយឡែក ១៤ថ្ងៃ ចំពោះកម្មករដែលឈប់សម្រាកទៅចូលរួមបុណ្យចូលឆ្នាំខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសុខាភិបាលស្នើ ទៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យមានការពិនិត្យតាមដានសុខភាព កម្មករ-កម្មការិនីណា ដែលបានឈប់សម្រាកទៅស្រុកកំណើតអំឡុងបុណ្យចូលឆ្នាំថ្មី  ហើយបានត្រឡប់មកបម្រើការងារតាមរោងចក្រនៅក្នុងរាជធានីភ្នំពេញវិញ។

ក្រសួងអះអាងថា វិធានការដាក់ឱ្យនៅដាក់ដោយឡែកសម្រាប់កម្មករដែលឈប់សម្រាកទាំងនោះ ដើម្បីបង្ការការឆ្លងរាលដាលមេរោគកូវីដ១៩ ទៅកាន់កម្មករដទៃទៀត ក្នុងរោងចក្រសហគ្រាស ។

លិខិតមួយរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃម្សិលមិញ បានស្នើទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវចាត់វិធានការ ដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ចំពោះកម្មករកម្មការិនីដែលនឹងវិលត្រឡប់ចូលបម្រើការងារវិញ ។

ក្រសួងសុខាភិបាលបញ្ជាក់ថា ស្ថានភាពជំងឺកូវីដ១៩ ស្ថិតនៅក្នុងដំណាក់កាលមួយដែលត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីកុំឱ្យជំងឺមួយនេះមានលទ្ធភាពចម្លងរាតត្បាតចូលដល់សហគមន៍ តាមរយៈការធ្វើដំណើរចល័តរបស់បុគ្គលពីកន្លែងមួយទៅកន្លែងមួយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ជាមួយគ្នានេះ លិខិតនោះក៏ស្នើទៅក្រសួងការងារឱ្យបញ្ជូនក្រុមគ្រូពេទ្យទៅតាមដាន និងត្រួតពិនិត្យសុខភាពកម្មករ-កម្មការិនីដែលដាក់ឲ្យនៅដាច់ដោយឡែកទាំងនោះផងដែរ។ ប្រភពដដែលបន្តថា ប្រសិនមានបុគ្គលណាម្នាក់ មានបញ្ហាសុខភាពពាក់ព័ន្ធជំងឺកូវីដ១៩ ត្រូវទំនាក់ទំនងទៅក្រសួងសុខាភិបាលវិញ ដើម្បីអន្តរាគមន៍ក្នុងការពិនិត្យ និងធ្វើរោគវិនិច្ឆ័យបុគ្គលនោះជាបន្ទាន់។

អាជ្ញាធររាជធានីភ្នំពេញ តាមរយៈលិខិតមួយដែលផ្សព្វផ្សាយនៅលើ បណ្តាញសង្គមនៅថ្ងៃនេះ បានឱ្យដឹងថា បន្ទាប់ពីចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររួច នឹងមានកម្មករ កម្មការិនី ចំនួនជាង១ម៉ឺន៥ពាន់នាក់ នៃរោងចក្រជាង៦% នៅរាជធានីភ្នំពេញ នឹងវិលត្រឡប់ចូលមកធ្វើការងារវិញ។

លិខិតដដែលបន្តថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ គឺតម្រូវឱ្យកម្មករ កម្មការិនី ត្រូវដាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ ជាមួយគ្នានេះ អាជ្ញាធរក្រុងភ្នំពេញ ដោយសហការជាមួយក្រសួងពាក់ព័ន្ធ បានត្រៀមសាលារៀននៅភ្នំពេញចំនួន៣៧ ដែលស្មើជិត៧រយបន្ទប់។

គិតត្រឹមថ្ងៃ១៦ មេសានេះ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន១២២ នាក់ ក្នុងនោះ អ្នកដែលត្រូវបានព្យាបាលឱ្យជាសះស្បើយមានចំនួន ៩៨នាក់ ឬស្មើនឹងជាង ៨០% ដោយនៅសល់ ២៤នាក់ទៀត កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស