សេចក្ដីរាយការណ៍ជាច្រើនបានចុះផ្សាយនៅថ្ងៃទី១៦ ខែមេសានេះថាស្ថានភាពនៅតំបន់ឈូងសមុទ្រពែក្សកាន់តែធ្ងន់ធ្ងរហើយនៅពេលនេះ ដោយសារតែឆ្មាំបដិវត្តន៍អ៊ីរ៉អ់បានបង្កជម្លោះដាក់សម្ពាធកាន់តែខ្លាំងទៅលើសហរដ្ឋអាមេរិកឱ្យដកទណ្ឌកម្មមកលើអ៊ីរ៉ង់ និងបញ្ឈប់ចលនាយោធានៅលើឈូងសមុទ្រពែក្ស។
បណ្ដាញផ្សាយព័ត៌មាន BBCបានចុះផ្សាយថាអ៊ីរ៉ង់ បានបញ្ចេញMarine ចំនួន11 គ្រឿងមកឡោមព័ទ្ធនាវាពិឃាតមួយគ្រឿងរបស់សហរដ្ឋអាមេរិកនៅច្រកសមុទ្រអូម៉ុស កាលពីថ្ងៃពុធទី១៥ ខែមេសាដែលសកម្មភាពនេះត្រូវបានក្រសួងការពារជាតិសហរដ្ឋអាមេរិកប្រកាសថាអ៊ីរ៉ង់បង្កអំពើប្រទូស្ដរាយកាន់តែខ្លាំងមកលើសហរដ្ឋអាមេរិក។
តាមសេចក្ដីរាយការណ៍របស់ BBC ដដែលឲ្យដឹងថា សហរដ្ឋអាមេរិកបានព្រមានថាសកម្មភាពរបស់កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដែលឡោមព័ទ្ធនាវាពិឃាតរបស់អាមេរិកកំពុងបើកល្បាតនៅច្រកសមុទ្រអូម៉ុស គឺជាការរុញឱ្យមានភាពតានតឹងនាំទៅរកគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ។
BBCបានបញ្ជាក់ទៀតថាភ្លាមមួយរំពេចនោះសហរដ្ឋអាមេរិកក៏បានបញ្ចេញនាវាល្បាតសមុទ្រចំនួន ៦គ្រឿងមកកាន់ទីតាំងដែលប្រឈមមុខដាក់គ្នា ប៉ុន្ដែក្រសួងការពារជាតិរបស់អាមេរិកបានបញ្ជាក់ថាសកម្មភាព នាវា របស់សហរដ្ឋអាមេរិកបានកំពុងធ្វើសមយុទ្ធនៅ លើទីតាំងដែនទឹកនោះ ហើយពេលនោះស្រាប់តែកងទ័ពជើងទឹករបស់អ៊ីរ៉ង់ឡោមព័ទ្ធតែម្ដង។ ព្រឹត្តិការណ៍នេះបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីកងទ័ពនៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានរឹបអូសនាវាដឹកកុងតឺន័រមួយគ្រឿងដោតទង់ជាតិ ហុងកុង នៅឆកសមុទ្រអូម៉ង់ហើយក្រោយមកឆ្មាំបដិវត្តន៍នោះបាននាំនាវានេះចូលដែនទឹករបស់ខ្លួនមុនពេលដោះលែងនាវានេះវិញ។
កងទ័ពនាវាទី៥របស់សហរដ្ឋអាមេរិកដែលឈរជើងនៅឈូងសមុទ្រពែក្សបាននិយាយថាអំឡុងនៃការសមយុទ្ធរបស់ទ័ពជើងទឹកអាមេរិកដែលមានទាំងឧត្ថម្ភាគចក្រ Apache ជាច្រើនគ្រឿងចូលរួមផងដែរ គឺនៅពេលនោះម៉ារីនជាច្រើនគ្រឿងរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបើកឆ្លងកាត់ចុះឡើងៗបង្កឱ្យមានភាពតានតឹងតែម្ដង។ សេចក្ដីថ្លែងការណ៍របស់កងទ័ពជើងទឹកអាមេរិកបានបញ្ជាក់ថា វាជាចលនាកងទ័ពនៃប្រទេសទាំងពីរដែលអាចនឹងប៉ះទង្គិចគ្នានៅលើឈូងសមុទ្រពែក្សប្រសិនបើស្ថានការណ៍ដូចនេះនៅបន្ដតានតឹងទៀតនោះ។
មន្ទីរបញ្ចកោណបានថ្លែងពីរដ្ឋធានីវ៉ាស៊ីនតោនមកថានាវាអ៊ីរ៉ង់ និងនាវាអាមេរិកខិតចម្ងាយគ្នាត្រឹមតែ១០ម៉ែត្រប៉ុណ្ណោះ។ សេចក្ដីថ្លែងការណ៍របស់បញ្ចកោណបានបញ្ជាក់ថា វាជាសកម្មភាពគ្រោះថ្នាក់ និងបង្កភាពប្រទូស្ដរាយរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដែលរុញទៅរកការប៉ះទង្គិចគ្នា គឺសឹងតែជៀសមិនរួចនៅពេលនេះហើយថាទង្វើរបស់ឆ្មាំបដិវត្តន៍ អ៊ីរ៉ង់នេះពិតជាបានរំលោភលើអនុសញ្ញាអន្ដរជាតិដែលហាមការប៉ះទង្គិចគ្នានៅក្នុងដែនសមុទ្រ។ រដ្ឋមន្រ្ដីការបរទេសអាមេរិក Mike Pompeo បានឆ្លើយនឹងសំណួរក្នុងបទសម្ភាសមួយនឹងFox News ថា លោកបានជួបពិភាក្សានឹងឧត្តមសេនីយ៍ការពារជាតិអស់ហើយអំពីរឿងនេះហើយថា សហរដ្ឋអាមេរិកវាយតម្លៃអំពីសភាពការណ៍និងទង្វើរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់គឺអំពើដែលធ្វើឱ្យសហរដ្ឋអាមេរិកឈឺចាប់។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះប្រទេសអ៊ីរ៉ង់បានបង្ហាញប្រតិកម្មយ៉ាងខ្លាំងទៅលើសហរដ្ឋអាមេរិកបន្ទាប់ពីទីក្រុងតេអេរ៉ង់ឈឺចាប់ដោយសារតែសហរដ្ឋអាមេរិកបានបដិសេធមិនឱ្យអ៊ីរ៉ង់ខ្ចីប្រាក់ពីមូលនិធិIMFនូវទឹកប្រាក់៥ពាន់លានដុល្លារដើម្បីមកស្រោចស្រង់វិស័យសុខាភិបាលរបស់ខ្លួនដែលកំពុងគ្រោះថ្នាក់ដោយសារតែជំងឺឆ្លងកូវីដ១៩ ដោយសម្លាប់ពលរដ្ឋអ៊ីរ៉ង់ជាច្រើនពាន់នាក់ក្នុងនោះមានទាំង មន្រ្ដីជាន់ខ្ពស់របស់អ៊ីរ៉ង់ ដែលជាទីប្រឹក្សារបស់មេដឹកនាំផ្ដាច់ការ អាយ៉ាតូឡេសខេមម៉ានីទៀតផង។
អ៊ីរ៉ង់បានហៅទង្វើរបស់អាមេរិកដែលជំទាស់មិនឱ្យអ៊ីរ៉ង់ទទួលប្រាក់កម្ចីពី IMF ថាជាទង្វើអមនុស្សធម៌ហើយបានប្រកាសថាអ៊ិរ៉ង់មិនចង់ឃើញអាមេរិកបន្ដដាក់ទណ្ដកម្មកលើខ្លួនទៀតនោះទេ។ ជាមួយគ្នានេះឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានប្រកាសថាវត្តមានកងទ័ពអាមេរិកនៅឈូង សមុទ្រពែក្សគឺជាអំពើឈ្លានពានអ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរបំផុត៕