27.5 C
Phnom Penh

លោក ហ៊ុន សែន អះអាងថាប្រាក់ទទួលបានពីសប្បុរសជនជាង១៣លានដុល្លារ តែមិនទាន់បង្ហាញខ្ទង់ចំណាយជាក់លាក់នៅឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ឱ្យដឹងថា រដ្ឋាភិបាលលោកទទួលបានថវិកាពីសប្បុរសជនដែលបានបរិច្ចាគ សម្រាប់ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងដោះស្រាយបញ្ហាផ្សេងៗ ចំនួនជាង ១៣លានដុល្លារសហរដ្ឋអាមេរិក។

សរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃនេះ លោក ហ៊ុន សែន បានបញ្ជាក់ថាប្រាក់ជាង១៣លានដុល្លារទទួលបានពីសប្បុរ សជននោះ មិនទាន់គិតបញ្ចូលទាំងជំនួយជាសម្ភារ បរិក្ខារ ដូចជាម៉ាស់ អាល់កុល សាប៊ូ សម្ភារពេទ្យផ្សេងៗទៀត ដែលមានតម្លៃរាប់លានដុល្លារនៅឡើយទេ។

យ៉ាងនេះក្តី លោកហ៊ុន សែន ធ្លាប់លើកឡើងថាថវិកាទាំងនោះមួយចំនួន បានយកទៅប្រើប្រាស់ទិញសម្ភារៈចាំបាច់សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជូនមន្ត្រីពេទ្យ ប៉ុន្តែរដ្ឋាភិបាលរបស់លោកនៅមិនទាន់បង្ហាញខ្ទង់ចំណាយជាក់លាក់ជុំវិញថវិកាជំនួយទាំងនេះនៅឡើយ។

ក្រៅពីការចូលរួមរបស់សប្បុរសជនទាំងនេះ មានមន្ត្រីពីគ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ            ក៏បានចូលរួមវិភាគទានតាមរយៈការបរិច្ចាកប្រាក់បៀវត្សទាំងស្រុងឬ មួយផ្នែក ប៉ុន្តែរដ្ឋាភិបាលក៏មិនទាន់បញ្ជាក់ពីទំហំទឹកប្រាក់ទាំងនោះនៅឡើយទេ។

កាលពីដើមឆ្នាំ២០២០នេះ លោកហ៊ុន សែន ធ្លាប់អួតថាកម្ពុជាបានត្រៀមថវិកាបម្រុងចន្លោះពី៨០០លានដុល្លារ ទៅ ២ពាន់ លានដុល្លារ ដើម្បីទប់ទប់នឹងវិបត្តិជំងឺកូវីដ១៩នេះ។ អ្នកវិភាគនយោបាយនៅក្រៅប្រទេស លោក គឹម សុខ ធ្លាប់លើកឡើងថា ទំហំទឹកប្រាក់ទាំងនោះ ជាតួលេខខ្យល់ និងជាការបោកប្រាស់ពលរដ្ឋសុទ្ធសាធ។

ដោយឡែកលុយជំនួយពីសប្បុរសជន ការកាត់ខ្ទង់ចំណាយពីស្ថាប័នរដ្ឋ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភពីមន្ត្រីរាជការ ជាដើមនោះ គឺជាថវិកាដែលនឹងបញ្ចូលទៅក្នុងតួលេខខ្យល់របស់លោក ដើម្បីបំពេញការចំណាយផ្សេងៗ ក្នុងស្ថានភាពចំពោះមុខនេះ ព្រោះការលើកឡើងរបស់លោកហ៊ុន សែន កន្លងមក ជារឿងអួតហួសហេតុ និងគ្មានផែនការច្បាស់លាស់។

លោក គឹម សុខ យល់ឃើញថាប្រសិនបើមេដឹកនាំដែលមានអំណាចក្នុងដៃពិតជាមានបេះដូងស្មោះចំពោះជាតិ ទោះកាលៈទេសៈណាក៏អាចដោះស្រាយបានដែរ គ្រាន់តែបុគ្គលផ្សេងគ្នា អាចដោះស្រាយបានទំហំល្អខុសគ្នាប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើប្រើអ្នកដឹកនាំ យកជាតិធ្វើជាឧបករណ៍អំណាចបុគ្គលហើយ គ្មានវិធីដោះបញ្ហាជាតិទេ ហើយជាតិនឹងលិចលង់តាមនយោបាយអំណាចនិយម។

គិតមកត្រឹមថ្ងៃនេះ អ្នកឆ្លងជំងឺកូវីដ១៩ សរុប ១២២នាក់ ក្នុងនោះ អ្នកជាសះស្បើយចំនួន ៩៨នាក់ ហើយនៅសល់ ២៤នាក់ទៀត កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស