38 C
Phnom Penh

លោក សម រង្ស៊ី ថា​អំពើ​ឧក្រិដ្ឋកម្ម​ក្នុង​សម័យ​ខ្មែរក្រហម​គឺ​មាន​ការ​គាំទ្រ​ពី​ចិន​កុម្មុយនីស្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង បាន​លើកឡើង​ថា ការ​បាត់បង់​ជីវិត​ពលរដ្ឋ​ប្រមាណ ២​លាន​នាក់​ក្នុង​របប​ខ្មែរក្រហម ដោយ​ការ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ទាំងនោះ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​ចិន​កុម្មុយនីស្ត។

លើកឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ លោក សម រង្ស៊ី លើកឡើង​ថា ការ​លើក​កាន់​អំណាច​របស់​ក្រុម​ខ្មែរក្រហម​ដឹកនាំ​ដោយ ប៉ុល ពត កាលពី​ថ្ងៃ​ទី​១៧ មេសា ឆ្នាំ​១៩៧៥។ របប ប៉ុល ពត បាន​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​វេទនា​យ៉ាង​ខ្លាំង ហើយ​បណ្តាល​ឲ្យ​ពលរដ្ឋ​បាត់បង់​ជីវិត​ប្រមាណ ២​លាន​នាក់។ លោក​ថា របប​នេះ​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​របស់​ខ្លួន ដោយសារតែ​ទទួល​បាន​ការ​គាំទ្រ​ពី​ចិន​កុម្មុយនីស្ត។

លោក សម រង្ស៊ី បន្ត​ថា ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​លោក ហ៊ុន សែន សព្វថ្ងៃ គឺជា​អតីត​កម្មាភិបាល និង​មេទ័ព​ខ្មែរក្រហម ក្នុង​នោះ​មាន​លោក ហេង សំរិន និង​លោក ហ៊ុន សែន ជាដើម។ ពួក​គេ​បាន​រក្សា​ផ្នត់គំនិត​ខ្មែរក្រហម​ដោយ​គ្មាន​អ្វី​ប្រែប្រួល​នោះ​ឡើយ គឺ​ភាព​ផ្ដាច់ការ សាហាវ និង​ល្ងង់ខ្លៅ ថែមទាំង​ប្លន់​ទ្រព្យសម្បត្តិ​ជាតិ​ទៀត​ផង។

អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​បន្ថែម​ថា ទាំង​របប ប៉ុល ពត ពី​មុន និង​រដ្ឋាភិបាល​សព្វថ្ងៃ​ដែល​លោក​ហៅថា​របប ហ៊ុន សែន ឥឡូវ​នោះ ទទួល​បាន​ការ​គាំទ្រ​ពេញ​ទំហឹង​ពី​ចិន​កុម្មុយនីស្ត​ដូច​គ្នា។

សម្រាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​នេះ​វិញ ក៏​បាន​ប្រាប់​ឱ្យ​ពលរដ្ឋ​ចងចាំ​ព្រឹត្តិការណ៍ ១៧ មេសា និង​នាំគ្នា​ទប់ស្កាត់​មិន​ឱ្យ​របប​ខ្មែរក្រហម​កើតឡើង​នៅ​កម្ពុជា​សាជាថ្មី​ទៀត។ លោក ហ៊ុន សែន លើកឡើង​ថា ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២០ នេះ គឺជា​ខួប​លើក​ទី​៤៥​ឆ្នាំ នៃ​ការ​ឡើង​កាន់​អំណាច​នៃ​របប “កម្ពុជា​ប្រជាធិបតេយ្យ” ក្លែងក្លាយ ហើយ​បន្ទាប់មក​បាន​ក្លាយ​ទៅជា​របប “ប្រល័យពូជសាសន៍ ប៉ុល ពត” ឬ​ហៅថា “របប​ខ្មែរក្រហម”។

លោក​បន្ត​ថា ថ្ងៃ​ទី​១៧ មេសា ជា​ថ្ងៃ​ដែល​របប​អាវ​ខ្មៅ​បាន​បង្ខំ​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​ទាំងមូល​ឱ្យ​ចាកចេញ​ទៅតាម​បណ្តា​ខេត្ត និង​ជម្លៀស​ទៅកាន់​ជនបទ ដោយ​បង្ខំ​ឱ្យ​ធ្វើការ​ដូច​គោ​ក្របី​ទាំង​យប់​ទាំង​ថ្ងៃ គ្មាន​ពេល​សម្រាក និង​មិន​បាន​ជួបជុំ​ក្រុម​គ្រួសារ​ឡើយ។

លោក​ចង់​ឱ្យ​មាន​ការ​ចងចាំ និង​ទប់ស្កាត់​មិន​ឱ្យ​ព្រឹត្តិការណ៍​បែប​នេះ​កើតឡើង​ជា​ថ្មី​ទៀត ប៉ុន្តែ​លោក​មិន​បាន​បង្ហាញ​ពី​អ្នកគាំទ្រ​ឱ្យ​មាន​សោកនាដកម្ម​សម្លាប់​ពលរដ្ឋ​ជាច្រើន​លាន​នាក់​នា​សម័យ​នោះ​ឡើយ ហើយ​លោក​ក៏​មិន​បាន​បង្ហាញ​ថា លោក​ជា​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​ក្នុង​សម័យ​ខ្មែរក្រហម ប្រាប់​ទៅ​ពលរដ្ឋ​ខ្មែរ​នោះ​ដែរ។

អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរក្រហម លោក នេត្រ ភក្ដ្រា នៅ​ថ្ងៃ​នេះ​លើកឡើង​ថា មនុស្ស​យ៉ាង​ច្រើន​បាន​បាត់បង់​ជីវិត​ក្រោម​របប​ខ្មែរក្រហម​ដោយ​អំពើ​អមនុស្សធម៌​ផ្សេងៗ ដូចជា​ការ​ជម្លៀស​ដោយ​បង្ខំ ការ​ធ្វើ​ទារុណកម្ម អំពើ​មនុស្ស​ឃាត ការ​បង្ខំ​ឱ្យ​ធ្វើ​ការងារ ការ​បង្ខំ​ឱ្យ​រៀបចំ ទុរ្ភិក្ស និង​គ្មាន​ថ្នាំ​ព្យាបាល ជាដើម។

៤៥​ឆ្នាំ​ក្រោយ​មក លោក​ថា​មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ទាំងនេះ ត្រូវ​បាន​នាំ​ខ្លួន​យក​មក​កាត់ទោស​ក្នុង​តុលាការ​ជាតិ ដោយ​មាន​ការ​ចូលរួម​ពី​អន្តរជាតិ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម ស្វែងរក​ការពិត​ជូន​ប្រជាជន​កម្ពុជា ផ្សះផ្សា​ផ្លូវចិត្ត ផ្សះផ្សា​ជាតិ និង​ការ​ចងចាំ។

នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២០ នេះ គឺ​ខួប ៤៥​ឆ្នាំ​នៃ​ការ​វាយ​យក​បាន​ទីក្រុង​ភ្នំពេញ​ពី​សំណាក់​ក្រុម​ខ្មែរក្រហម ដោយ​គេ​បាន​សម្មត​ជា​ផ្លូវការ​ថា ជា​ការ​លើក​កាន់​អំណាច​របស់​ក្រុម ប៉ុល ពត ក្រោម​ស្លាក​ឈ្មោះ កម្ពុជា​ប្រជាធិបតេយ្យ ដឹកនាំ​ដោយ សាឡុត ស ហៅ ប៉ុល ពត លោក នួន ជា លោក ខៀវ សំផន លោក អៀង សារី លោក សុន សេន និង​មនុស្ស​សំខាន់ៗ​ជាច្រើន​ផ្សេង​ទៀត។

ប៉ុន្តែ​អតីត​ថ្នាក់​ដឹកនាំ​កំពូល​ក្នុង​សម័យ​ខ្មែរក្រហម​បាន​ស្លាប់​ទៅជា​បន្តបន្ទាប់ ដូចជា​លោក ជិត ជឿន ហៅ​តាម៉ុក លោក សាឡុត ស ហៅ ប៉ុល ពត លោក អៀង សារី អ្នកស្រី អៀង ធីរិទ្ធិ ភរិយា​របស់​លោក អៀង សារី និង​លោក នួន ជា ដែល​បាន​ស្លាប់​កាលពី​ឆ្នាំ​មុន ជាដើម។

បច្ចុប្បន្ន ថ្នាក់​ដឹកនាំ​កំពូល​ម្នាក់​ទៀត​នា​សម័យ​នោះ​នៅ​រស់រាន​មាន​ជីវិត គឺ​លោក ខៀវ សំផន ជា​អតីត​ប្រមុខ​រដ្ឋ​សម័យ​នោះ ដែល​កំពុង​ដំណើរការ​កាត់ទោស និង​ជាប់​ឃុំ​ក្នុង​សាលាក្ដី​ខ្មែរក្រហម។

របប​ខ្មែរក្រហម​ត្រូវ​បាន​ដួល​រលំ​ទៅវិញ​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ បន្ទាប់ពី​ដឹកនាំ​ប្រទេស​បាន​រយៈពេល​ជិត ៤​ឆ្នាំ ដែល​បណ្តាល​ឱ្យ​ពលរដ្ឋ​ចន្លោះ​ពី ១​លាន ៧​សែន​នាក់​ទៅ ២​លាន ២​សែន​នាក់​បាន​ស្លាប់។

ត្បិត​តែ​របប​នេះ​ដួល​រលំ​នៅ​ឆ្នាំ​១៩៧៩ ពិតមែន ប៉ុន្តែ​កម្លាំង​តស៊ូ​ក្រុម​នេះ​បន្ត​មាន​ជីវិត​នៅ​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​មហាអំណាច​ចិន ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដែល​គេ​ហៅថា​ជា​រដ្ឋាភិបាល​អាយ៉ង​វៀតណាម ចន្លោះ​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៩ ដែល​ជា​គូសត្រូវ​របស់​ចិន។

កម្លាំង​តស៊ូ​នៅ​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ក៏​បាន​រួបរួម​គ្នា​ជា​បី​ភាគី រួម​មាន​ភាគី​លោកតា សឺន សាន ភាគី​សម្តេច នរោត្តម សីហនុ និង​ភាគី​ខ្មែរក្រហម ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​អាយ៉ង​វៀតណាម ដឹកនាំ​ដោយ​លោក ជា ស៊ីម លោក ហេង សំរិន និង​លោក ហ៊ុន សែន ជាដើម។ ភាគី​ទាំង​បី​នេះ​បន្ត​តស៊ូ​ប្រឆាំង​រដ្ឋាភិបាល​អាយ៉ង​ដែល​មាន​ការ​គាំទ្រ​ពី​ចិន ពី​ប្រទេស​លោក​ខាងលិច និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន រហូត​ដល់​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ចេញ​ជា​រូបរាង​ឡើង។

យ៉ាង​នេះ​ក្តី ក្រុម​ខ្មែរក្រហម​នៅតែ​បន្ត​កាន់កាប់​តំបន់​ភាគ​ខាងលិច​ជាប់​ព្រំដែន​ថៃ ដូចជា​ប៉ៃលិន សំឡូត អន្លង់វែង រហូត​ដល់​មាន​សមាហរណកម្ម​ជាមួយ​រដ្ឋាភិបាល​នៅ​ឆ្នាំ​១៩៩៨៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស