ក្នុងស្ថានភាពនេះគេមិនអាចមើលស្រាលថាអាជ្ញាធរកោះតៃវ៉ាន់ ថាខ្លបខ្លាចមហាយក្សចិននោះទេ។ តៃវ៉ាន់បានបំបែកខ្លួនពីចិនដោយសារសង្គ្រាមស៊ីវិលនៅឆ្នាំ១៩៤៩។ អាជ្ញាធរដែនដីកោះមួយនេះមានចំនួនប្រជាជនជិត២៤លាននាក់ប៉ុណ្ណោះ បើធៀបនឹងចិនជិត១ពាន់ ៤រយលាននាក់។ ប៉ុន្ដែសម្រាប់កោះតៃវ៉ាន់ដែលបានបំបែកខ្លួនពីចិនតាំងពី១៩៤៩មក គឺចិនមិនអាចយកដែនកោះមួយនេះបានវិញម្ដងណាឡើយ គឺគ្រាន់តែគំរាមកំហែងនិងថ្កោលទោសតែវ៉ាន់តែប៉ុណ្ណោះ។
ចំណែកតៃវ៉ាន់វិញបានក្លាយខ្លួនជាសមាជិកអង្គការសហប្រជាជាតិម្ដងនៅដើមទសវត្សឆ្នាំ១៩៧០ ដែលកាលនោះនៅជាសាធារណរដ្ឋប្រជាមានិតចិននៅឡើយ។
តែពេលនេះតៃវ៉ាន់ក្រោមការដឹកនាំរបស់ស្ដ្រីឆ្នើម គឺលោកស្រី សាយអ៊ឹងវិន ដែលបានឈ្នះឆ្នោតភូកទឹកភូកដីម្ដងទៀតនៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី១១មករាបានកំពុងពង្រឹងកោះតៃវ៉ាន់ឲ្យប្រែក្លាយជាដែនដីរដ្ឋអធិបតេយ្យ មួយមានទំនាក់ទំនងទូលំទូលាយជាមួយនឹងប្រទេសនៅលើពិភពលោក។
ជាក់ស្ដែងកោះតៃវ៉ាន់បានកំពុងតែឈ្នះនឹងសមរភូមិជំងឺកូវីដ១៩ហើយមិនតែប៉ុណ្ណោះរដ្ឋដែលពុំទាន់មានអធិបតេយ្យភាពជារដ្ឋពិតប្រាកដនៅលើពិភពលោកនេះបានក្លាយជាម្ចាស់ជំនួយដ៏ច្រើនលើសលប់ទៅដល់ប្រទេសដែលកំពុងរាតត្បាតដោយជំងឺកូវីដ១៩ ថែមទៀត។
កាលពីសប្ដាហ៍មុនសភាកោះតៃវ៉ាន់បានសំរេចអនុម័តកញ្ចប់ថវិកា៣៥ពាន់លានដុល្លារ តាមសំណើរបស់ប្រធានាធិបតី សាយអ៊ឹងវិនដែលកញ្ចប់ថវិកា ដ៏ច្រើនសម្បើមនេះ គឺដើម្បីផលិតសំភារៈពេទ្យនិងសាច់ប្រាក់ សុទ្ធជួយដល់ប្រទេសដែលរង់គ្រោះដោយជំងឺកូវីដ។
ឥឡូវនេះជំនួយរបស់កោះតៃវ៉ាន់បានធ្លាក់ទៅ ដល់ប្រទេសជាច្រើននៅលើពិភពលោកនិងប្រទេសជាច្រើននៅទ្វីបអឺរ៉ុបដែលជាប្រទេសប្រជាធិបតេយ្យជឿនលឿនក៏ទទួលបានជំនួយសំភារៈពេទ្យពីកោះ តៃវ៉ាន់ផងដែរ។
មានប្រទេសខ្លះដូចជា សាធារណរដ្ឋឆែកជាដើមបានសរសេរលិខិត អរគុណអាជ្ញាធរកោះតៃវ៉ាន់ដោយចាត់ទុកថាតៃវ៉ាន់ ថ្វីត្បិតជាដែនដីដាច់ឆ្ងាយពីអឺរ៉ុបក៏ដោយតែដែនដីកោះមួយនេះមានសប្បរសធម៌ជាខ្លាំងដើម្បីសង្គ្រោះជីវិតមនុស្សលោក។
ទំនងមានការខកចិត្តនឹងអាម៉ាសមុខ គឺមហាអំណាចចិននៅថ្ងៃសុក្រ ទី១៧ មេសានេះបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសតៃវ៉ាន់យ៉ាងខ្លាំងដោយហៅជំនួយរបស់ កោះតៃវ៉ានទៅឲ្យប្រទេសជាច្រើននៅលើពិភពលោក គឺដើម្បីទិញទឹកចិត្តប្រទេសទាំងនោះហើយជំរុញឲ្យប្រទេសទាំងនោះជួយឲ្យតៃវ៉ាន់បានក្លាយជារដ្ឋឯករាជ្យ។
សេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានចិនហ្ស៊ីនហួរ បានចុះផ្សាយដោយស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសចិនមកថាបក្សកុម្មុយនីស៍ចិនបានថ្កោលទោសបក្សកាន់អំណាចនៅកោះតៃវ៉ាន់ដឹកនាំដោយប្រធានាធិបតីសាយអឹងវិនថាខណៈដែលពិភពលោកកំពុងធ្លាក់ក្នុងវិបត្តិនៃជំងឺកូវី១៩ ប៉ុន្តែបែរជាតៃវ៉ាន់ ព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួនលើឆាកអន្ដរជាតិដើម្បីស្វែងរកឯករាជ្យភាពទៅវិញ។
អ្នកនាំពាក្យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់អ្នកស្រី Zhu Fenglian បាន អះអាងថាមន្ទីរសុខភិបាលរបស់តៃវ៉ាន់ អះអាងថាតាំងពីផ្ទុះជំងឺ កូវិដ១៩ មក ព័ត៌មានដែលតៃវ៉ាន់ផ្ដល់ឱ្យអង្គការសុខភាពិភពលោកក៏ដូចជាប្រទេសផ្សេងទៀតដែរ គឺសុទ្ធតែទាន់ពេលវេលា។ អ្នកស្រីបញ្ជាក់ថាតៃវ៉ាន់កុហកយកមុខមាត់ដែលហ៊ានថាតៃវ៉ាន់ជាដែនដីមុនគេដែលប្រាប់ថាមានករណីឆ្លងពីមនុស្សទៅមនុស្ស។
ជាការកត់សំគាល់ គឺតៃវ៉ាន់នៅពេលនេះ ពិតជាកំពុងទទួលបាន ការគាំទ្រ កាន់តែខ្លាំងឡើងៗ ពី អ្នកនយោបាយ នៃប្រទេសជាច្រើន នៅទ្វីបអាស៊ី អឺរ៉ុប និងអាមេរិកដោយសារតៃវ៉ាន់បានចែករំលែកបទបិសោធន៍និង ជំនួយសមា្ភរពេទ្យ ទៅដល់ប្រទេសដែលធ្លាក់ក្នុងការរាតត្បាតនៃជំងឺកូវិដ១៩។
អ្នកនយោបាយ ដែលជាសមាជិកសភា នៃសហភាពអឺរ៉ុបចំនួន ១២៣រូប បានដាក់ញត្តិ ទៅកាន់ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបសុំ ជួយជំរុញអោយមានការទទួលស្គាល់កោះតៃវ៉ាន់ ជាសមាជិក WHO ។ ចំណែក សហរដ្ឋអាមេរិកវិញក៏មានសមាជិកសភា និងព្រឹទ្ធសភាជាច្រើននាក់បានសរសើរ កោះតៃវ៉ាន់ ហើយពួកគេបានលើកទឹកចិត្តរដ្ឋការរបស់លោក ត្រាំ រុញកោះតៃវ៉ាន់អោយក្លាយជាសមាជិក WHO ។
នៅអាស៊ី ប្រទេសជប៉ុនបានឈានមុខគេ ក្នុងការជំរុញអោយកោះ តៃវ៉ាន់ឆាប់ទទួលបានជាសមាជិក WHO ។
អ្នកសង្កេតការណ៍ យល់ថា ប្រសិនបើកោះតៃវ៉ាន់ក្លាយជាសមាជិក WHO គឺដែនដីកោះមួយនេះ នឹងមានឱកាសក្លាយជារដ្ឋឯករាជ្យ យ៉ាងពិតប្រាកដ៕