មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ចំណូលបានពីវិស័យរ៉ែ នៅកម្ពុជាក្នុងឆ្នាំ២០១៩ កន្លងទៅ មានចំនួនជាង៨ម៉ឺនលានរៀល (៨៥,៩៨៣លានរៀល) ឬស្មើជាង២១លានដុល្លារសហរដ្ឋអាមេរិក។
ថ្លែងក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី២១ ខែមេសា នេះ អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ លោក យស មុនីរ៉ាត់ បានឲ្យដឹងថា បច្ចុប្បន្ននេះនៅកម្ពុជា ក្រុមហ៊ុនចំនួន៤០ មានអាជ្ញាប័ណ្ណកំពុងតែធ្វើអាជីវកម្មរុករករ៉ែមាសដោយស្របច្បាប់ ដែលចេញដោយក្រសួងរ៉ែ និងថាមពល។
លោក បញ្ជាក់ក្នុងចំណោមក្រុមហ៊ុន ៤០នោះ មានក្រុមហ៊ុនខ្លះទទួល១អាជ្ញាប័ណ្ណ ហើយក្រុមហ៊ុនខ្លះ២ ឬ៣អាជ្ញាប័ណ្ណ។
មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែង និងថាមពលរូបនេះ ឱ្យដឹងថាសម្រាប់ទុនវិនិយោគសរុបក្នុងវិស័យរ៉ែ ដែលបានចុះបញ្ជីទាំងអ្នកវិនិយោគក្នុងស្រុក និងបរទេស គិតមកត្រឹមឆ្នាំ២០១៩ មានចំនួនជាង១ពាន់លានដុល្លារ(១,១៥៧.៧៣)។
យ៉ាងនេះក្តី មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលរូបនេះ មិនបានបញ្ជាក់លម្អិតពីចំណូលពីវិស័យរ៉ែ ថារដ្ឋាភិបាលយកទៅធ្វើអ្វីខ្លះនោះទេ ហើយលោកក៏មិនបានបញ្ជាក់លម្អិតពីចំណូលរបស់ក្រុមហ៊ុននីមួយៗនោះទេ។
កាលពីថ្ងៃទី១០ ខែមករា ក្រសួងរ៉ែ និងថាមពលបានចេញសេចក្ដីជូនដំណឹងស្តីពីការបើកតំបន់សម្បទានស្វែងរុករករ៉ែសម្រាប់ដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ បានឱ្យដឹងថា រដ្ឋាភិបាលបានសម្រេចបើកតំបន់សម្បទានស្វែងរករ៉ែចំនួន៨កន្លែង ក្នុងខេត្តចំនួន៤ ដោយមានទំហំផ្ទៃដីជាង១ពាន់គីឡូម៉ែត្រក្រឡា ឱ្យក្រុមហ៊ុនរុករកដេញថ្លៃនិងស្នើសុំអាជ្ញាប័ណ្ណ។
តំបន់សម្បទានស្វែងរករ៉ែចំនួន៨កន្លែង រួមមានតំបន់អូរកោងកាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានទំហំជាង១០០គីឡូម៉ែត្រក្រឡា។ តំបន់ភ្នំនទោង និងភ្នំច្រាច ស្រុកជ័យសែន ខេត្តព្រះវិហារ មានទំហំជាង៣គីឡូម៉ែត្រក្រឡា(៣៣៥) ។ តំបន់ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មានទំហំ ១៥១គីឡូម៉ែត្រក្រឡា។
បន្ថែមពីនេះ តំបន់ខ្វាវខាងកើត និងខាងលិច ខេត្តសៀមរាប មានទំហំ ៤០០គីឡូម៉ែត្រក្រឡា ព្រមទាំងតំបន់ព្រែកខ្លុង និងតំបន់អូរខ្ទង់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ដែលមានទំហំជិត៤រយគីឡូម៉ែត្រក្រឡា(៣៩២)។
យ៉ាងនេះក្តី សកម្មជនព្រៃឈើ និងបរិស្ថាន បានប្រឆាំងទៅនឹងសេចក្តីសម្រេចរបស់រដ្ឋាភិបាលនេះ។ សកម្មជនព្រៃឈើ និងបរិស្ថាន លោក ហេង ស្រស់ ធ្លាប់ប្រាប់ The Cambodia Daily ថា ការសម្រេចឱ្យមានការធ្វើអាជីវកម្មរុករ៉ែនៅកម្ពុជា នឹងនាំឱ្យវិនាសទាំងរ៉ែ វិនាសទាំងព្រៃឈើបន្ថែមទៀត។
លោក ហេង ស្រស់ បន្ថែមថា ស្ទើរតែគ្រប់គម្រោងរបស់រដ្ឋាភិបាលដែលតម្រូវឱ្យក្រុមហ៊ុនឯកជនដាក់ដេញថ្លៃរុករករ៉ែ តែងធ្វើឱ្យប៉ះពាល់ដល់ព្រៃឈើ និងធនធានធម្មជាតិ ។
លោកថា តំបន់ណាដែលមានរ៉ែ ក្រុមហ៊ុនទាំងនោះ មិនត្រឹមតែយករ៉ែឱ្យអស់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេនឹងប្រមូលឬ កាប់បំផ្លាញព្រៃឈើនៅតំបន់នោះដូចគ្នាដែរ ពោលគឺមិនបានផ្តល់ប្រយោជន៍អ្វីដល់ពលរដ្ឋមូលដ្ឋាននោះឡើយ៕