35 C
Phnom Penh

កម្មករជិត២០នាក់ ត្រូវបានយកសំណាកទៅពិនិត្យក្រោយសង្ស័យមានជំងឺកូវីដ ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា មានកម្មករចំនួន១៨ នាក់ ដែលមន្ត្រីជំនាញបានយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ១៩ ក្រោយសង្ស័យពីអាការៈរបស់ពួកគាត់។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការងារនៅថ្ងៃនេះ ស្តីពីការធ្វើការដាក់ឱ្យនៅដាច់ដោយឡែកចំពោះកម្មកររោងចក្រ ក្នុងរាជធានីភ្នំពេញ ដែលត្រឡប់មកពីលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

ក្រសួងការងារបានបញ្ជាក់ថា លទ្ធផលនៃការត្រួតពិនិត្យសុខភាពបងប្អូនកម្មកររោងចក្រ ថ្ងៃទី២០ ខែមេសា គិតត្រឹម ម៉ោង៦ យប់  មានកម្មកររោងចក្រមកពិនិត្យសុខភាព ចំនួនជាង១ពាន់នាក់(១,០១៨)។ ក្នុងនោះ ក្រសួងបានដាក់ឱ្យពួកគេនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ នៅតាមផ្ទះ ចំនួនជិត១ពាន់នាក់(៩៥៩) និង ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ នៅវិទ្យាល័យជម្ពូវ័នរាជធានីភ្នំពេញ ចំនួន៣៨នាក់ព្រមទាំងដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័ក កម្រិត២ នៃវិទ្យាល័យជម្ពូវ័នដដែលមានចំនួន២១នាក់។

លើសពីនេះ ក្រសួង និងមន្ត្រីជំនាញបានយកសំណាកកម្មករចំនួន១៨នាក់ ដោយពួកគេមានអាការៈសង្ស័យជំងឺកូវីដ១៩ ទៅពិសោធន៍រកមេរោគនេះ។

ដោយឡែកសម្រាប់ថ្ងៃទី ២១ មេសានេះ គិតត្រឹមម៉ោង១១ ព្រឹក ក្រសួងការងារអះអាងថា  មានកម្មកររោងចក្រមកពិនិត្យសុខភាពចំនួន ៤០៥នាក់ក្នុងនោះ ដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ចំនួន៣៧៦នាក់ និងដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន៦នាក់ និងដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ ចំនួន ២៣នាក់។

ក្រសួងការងារបានបញ្ជាក់ថា ការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រនេះ ក្នុងគោលបំណងការពារសុខភាពបងប្អូនកម្មកររោងចក្រជាង៩៥% ដែលបានមកធ្វើការងារធម្មតា អំឡុងពេលបុណ្យចូលឆ្នាំថ្មីផង និងការពារសុខភាព និយោជិតដែលបានឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំផង។

ក្រសួងការងារ បានឱ្យដឹងថា កម្មករ កម្មការិនី ដែលបានឈប់សម្រាកទៅចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ ហើយនឹងត្រឡប់មកធ្វើការងារវិញមានចំនួនប្រមាណ១ម៉ឺន៥ពាន់នាក់ ដោយពួកគេទាំងនេះ ប្រឈមនឹងការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃមុននឹងអនុញ្ញាតឱ្យចូលធ្វើការងារវិញ ហើយការឈប់សម្រាកនេះ នឹងមិនទូទាត់ប្រាក់ជូនទេ។

ក្រសួងសុខាភិបាលអះអាងថា គិតត្រឹមថ្ងៃនេះ  អ្នកឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន ១២២នាក់ ដោយកម្ពុជារកមិនឃើញករណីឆ្លងថ្មីរយៈពេលជាង១សប្តាហ៍មកហើយ។  ក្នុងចំណោម អ្នកជំងឺទាំងនោះ  មានអ្នកជំងឺចំនួន១១០នាក់ហើយ ដែលត្រូវបានព្យាបាលជាសះស្បើយនៅឡើយសល់ ១២នាក់ទៀតប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃនេះ បានបន្តអំពាវនាវបន្ថែមទៀត ឱ្យពលរដ្ឋចូលរួមទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ១៩។ 

លោកថា រាល់វិនាទី និងជារៀងរាល់ថ្ងៃ សូមបងប្អូនជនរួមជាតិចងចាំនិងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាពដែលជាអាយុជីវិតផ្ទាល់របស់បងប្អូន ប្តីប្រពន្ឋ កូនចៅ និងក្រុមគ្រួសារ ក្នុងស្ថានភាពដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺឆ្លងកូវីដ ១៩។ លោកក៏បានផ្តាំឱ្យពលរដ្ឋ យកជាប់តាមខ្លួនរាល់ពេលធ្វើដំណើរដូចជាម៉ាស ទឹកអាល់កុល និងជេលសម្លាប់មេរោគ ឬបាក់តេរីផ្សេងៗ។

បន្ថែមពីនេះ ត្រូវការពារខ្លួន ដោយមិនត្រូវនាំយកមេរោគឆ្លងទៅឱ្យគេ និងសូមកុំនាំមេរោគពីគេមកយើង និងទៅកាន់ក្រុមគ្រួសារ ដោយត្រូវមានអនាម័យសុខភាពខ្ពស់ជាប្រចាំ ហើយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលជានិច្ច៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស