មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ បានហៅក្រុមអ្នករិះគន់ច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន គឺជាមនុស្សដែលរិះគន់ទាំងមិនយល់ និងមិនដែលបានបើកភ្នែកមើលពីអត្ថន័យឬ ខ្លឹមសារនៃច្បាប់នោះឡើយ។
ថ្លែងក្នុងពីធីសន្និសីទកាសែតនៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកនេះ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានលើកឡើងថា ការរិះគន់ច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងគ្រាមានអាសន្ន គឺជាការរិះគន់ទាំងងងឹតងងុល ដោយមិនយល់ពីសារសំខាន់នៃច្បាប់នេះ។ បន្ថែមពីនេះ លោកថាការរិះគន់នោះ គឺពួកគេមិនដែលបានបើកភ្នែកមើលខ្លឹមសារ ឬអត្ថន័យសេចក្តីព្រាងច្បាប់នោះឡើយ ខណៈរដ្ឋាភិបាលមិនដែលបង្ហាញសាធារណជនពីខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះជាផ្លូវការឡើយ។
លើសពីនេះសម្រាប់បណ្តាប្រទេសលោកខាងលិចដែលរិះគន់លើច្បាប់នេះដែរនោះ លោកថាជាការរិះគន់ទាំងអយុត្តិធម៌បំផុត សម្រាប់ប្រទេសកម្ពុជា ខណៈបណ្តាប្រទេសមួយចំនួននៅលើពិភពលោក បានអនុវត្តន៍ច្បាប់នេះយ៉ាងតឹងរឹងបំផុត ចំពោះប្រជាជនពួកគេក្នុងគ្រាមានអាសន្ន ពិសេសក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩នេះ។
លោក ជិន ម៉ាលីន បានអះអាងថា ច្បាប់នេះបង្កើតឡើងក្នុងគោលបំណងរក្សាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ និងប្រទេសជាតិទាំងមូលប៉ុណ្ណោះ ពុំមែនអាក្រក់ដូចមតិរិះគន់មួយចំនួននោះឡើយ។
លោកបញ្ជាក់ថា ការបង្កើតច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ននេះ គឺបង្កើតឡើងដើម្បីឱ្យមានឧបករណ៍គតិយុត្តនៅក្នុងដៃប៉ុណ្ណោះ ប្រសិនបើស្ថានភាពជំងឺកូវីដ១៩ មានលក្ខណៈប្រសើរដូចពេលបច្ចុប្បន្ន ច្បាប់នេះក៏មិនត្រូវបានយកមកប្រើនោះដែរ។ លោកថា ច្បាប់នេះ យកមកប្រើគឺទាល់តែក្នុងស្ថានភាពប្រទេសជាតិទប់ទល់លែងជាប់កើតឡើងប៉ុណ្ណោះ ហើយការស្នើចេញឱ្យប្រើប្រាស់ច្បាប់នេះ ត្រូវមានការឯកភាពពីឥស្សរៈជននយោបាយបីរូប គឺនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។
យ៉ាងនេះក្តី មតិជាតិ និងអន្តរជាតិមួយចំនួននៅតែបារម្ភពីវិសាលភាពនៃការអនុវត្តច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ននេះ នៅពេលច្បាប់នេះចេញជាផ្លូវការ ដោយថាក្រុមប្រឆាំង ឬ អ្នកមានមតិរិះគន់រដ្ឋាភិបាលនឹងក្លាយជាមុខសញ្ញាដើម្បីកម្ចាត់ចោល ដែលនឹងធ្វើឱ្យច្បាប់នេះមានការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរតែម្តង។
បន្ថែមពីនេះ ច្បាប់នេះ នឹងក្លាយជាមូលដ្ឋានកសាងអំណាចផ្តាច់ការរបស់លោក នាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមទាំងជាឧបករណ៍នយោបាយ ដើម្បីរក្សាអំណាច និងផ្ទេរអំណាចរបស់លោក ហ៊ុន សែន ផងដែរ។
យ៉ាងនេះក្តី លោក ជិន ម៉ាលីន លើកឡើងថាការវាយតម្លៃបែបនេះ គឺ ជាការវាយតម្លៃខុសស្រឡះ ដោយថាច្បាប់នេះនឹងមិនមែនជាឧបករណ៍រក្សាអំណាចឬ ផ្ទេរអំណាចបន្តត្រកូលហ៊ុន នោះឡើយ។
សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងគ្រាអាសន្ននេះ មាន៥ ជំពូក និង ១២ មាត្រា ដោយបច្ចុប្បន្នច្បាប់នេះបានឆ្លងផុតដៃព្រទ្ធសភា ហើយក្រុមប្រឹក្សាធម្មនុញ្ញកំពុងពិនិត្យ មុននឹងដាក់ថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងគ្រាអាសន្នន គឺជាស្នាដៃទីមួយ របស់ លោក កើត រិទ្ធ ក្នុងគ្រាលោកចូលមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្តពី លោក អង្គ វង្សវឌ្ឍា មិនបានមួយសប្តាហ៍ផង៕