38 C
Phnom Penh

រដ្ឋាភិបាល អះអាងជាថ្មីទៀតថា បក្សកាន់អំណាចគ្មានការបែកបាក់ផ្ទៃក្នុងនោះឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានអះអាងជាថ្មី ទៀតថា គណបក្សកាន់អំណាចគ្មានការបែកបាក់ផ្ទៃក្នុងនោះឡើយ ដោយនៅតែមានសាមគ្គីភាពគ្នាកាន់តែរឹងមាំថែមទៀត។

ការលើកឡើងនេះ ក្រោយមានការលើកឡើងថា នៅក្នុងជួររដ្ឋាភិបាល ពិសេសក្នុងជួរគណបក្សប្រជាជនកម្ពុជា កំពុងមានវិបត្តិផ្ទៃក្នុង បន្ទាប់ពីមន្ត្រីចាស់ៗក្នុងជួរបក្សត្រូវបានដកចេញជាបន្តបន្ទាប់ ដោយយកមនុស្សស្និតនឹងក្រុមលោក ហ៊ុន សែន ដាក់ជំនួស។

អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃពុធនេះ មានប្រសាសន៍ថាបក្សកាន់អំណាច មិនបានបាក់បែកនោះឡើយ។ លោកថា ព័ត៌មានដែលលើកឡើងថាបក្សប្រជាជនកម្ពុជាមានការបែកបាក់ជាពីរឬជាបី បំណែកនោះ គឺជាការលើកឡើងបែបទុច្ចរឹត ដ៏អាក្រក់តែប៉ុណ្ណោះ។

កាលពីឆ្នាំ២០១៩ អតីតប្រធានគណបក្សសង្រ្គោះជាតិនៅប្រទេសបារាំង លោក សម រង្ស៊ី បានសរសេរសារលើទំព័រហ្វេសប៊ុកថាគណបក្សប្រជាជនកម្ពុជាកំពុងមានភាពមិនចុះសម្រុងគ្នា ដោយសាររដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង កំពុងឃុបឃិតជាសម្ងាត់ជាមួយកូនប្រសាររបស់លោកហ៊ុន សែន គឺ លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ដើម្បីកម្ចាត់លោក ហ៊ុន សែន។ គម្រោងនោះដើម្បីសងសឹកក្រុមលោក ហ៊ុន សែន ជូនឪពុករបស់ខ្លួន គឺលោក ហុក ឡុកឌី អតីតអគ្គស្នងការនគរបាលជាតិ ដែលបានបាត់បង់ជីវិតដោយសារគេលួចដាក់គ្រាប់បែកបំផ្ទុះក្នុងឧទ្ធម្ភាគចក្រ នៅខេត្តស្វាយរៀង កាលពីឆ្នាំ២០០៨។

លោក សម រង្ស៊ី បន្ថែមថា លោក ហ៊ុន សែន បានដឹងពីគម្រោងនេះ ហើយកំពុងរៀបចំផែនការដកលោក ស ខេង ចេញពីតំណែង និងដើម្បីកម្ចាស់លោក ស ខេង ឱ្យបានមុន។

ក្រោយការលើកឡើងរបស់លោក សម រង្ស៊ីទាំងនេះ កាលពីខែកក្កដា លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចប្តឹងលោក សម រង្ស៊ី ទៅតុលាការក្រុងភ្នំពេញ ដោយចោទ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងទាមទារសំណងចំនួន១លានដុល្លារ។

លោក ស ខេង  លើកឡើងពេលនោះថា ស្ទើរពេញមួយជីវិតហើយ  លោកមិនដែលជាប់ពាក់ព័ន្ធនឹងការប្តឹងផ្តល់ ឬមានក្តីក្តាំជាមួយបុគ្គលណាមួយឡើយ ប៉ុន្តែការសម្រេចចិត្តដាក់ពាក្យបណ្តឹងនេះ គឺជាការដាស់តឿនដល់អ្នកនយោបាយមួយចំនួន ឲ្យប្រកាន់ខ្ជាប់នូវ សេចក្តីថ្លៃថ្នូរ សីលធម៌ និងគុណធម៌ក្នុងវិជ្ជាជីវៈ ចៀសវាងការប្រឌិតព័ត៌មានញុះញង់បំផុសបំផុល ក្នុងចេតនាទុច្ចរិតមួលបង្កាច់ និងបំបែកបំបាក់ ដើម្បីបំពេញគោលបំណង និងមហិច្ឆតារបស់ខ្លួន។

ទោះបីជាយ៉ាងនេះក្តី អ្នកវិភាគមើលឃើញថាលោក ហ៊ុន សែន កំពុងរៀបចំសេនារីយោលជាបណ្តើរៗ ដើម្បីអនុវត្តផែនការផ្ទេរអំណាចទៅកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត។  ប៉ុន្តែពួកគេយល់ឃើញថាឧបសគ្គដ៏ធំ ក្នុងការផ្ទេរអំណាចបន្តត្រកូលនេះ គឺបញ្ហាផ្ទៃក្នុងរបស់ខ្លួន ដែលនឹងធ្វើឱ្យបក្សនេះរង្គោះរង្គើលផងដែរ ប្រសិនបើសេនារីយោនេះកើតឡើងមែននោះ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស