យ៉ាងហោចណាស់មាននាវាចម្បាំង៤គ្រឿង គឺរបស់អាមេរិក៣គ្រឿង និងអូស្ត្រាលីមួយគ្រឿង បានរួមគ្នាធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង តាំងពីថ្ងៃទី២០ ខែមេសា ដែលនាំអោយចិនចេញការប្រកាសព្រមានថា រាល់ការលុកដៃចូលកិច្ចការដែនទឹករបស់ខ្លួន គឺតែងតែជួបរឿង បរាជ័យ។
នាវាចម្បាំងរបស់ អាមេរិក និងអូស្ត្រាលី ដែលធ្វើសមយុទ្ធ នៅក្បែរនឹងនាវាស្ទង់អណ្ដូងប្រេងរបស់ចិន Haiyang Dizhi -8 គឺជានាវា វាយប្រហារលឿនដែលបំពាក់ដោយ កាំជ្រួច។
មន្ត្រី យោធាអាមេរិក បាននិយាយថា នាវាអាមេរិក ២គ្រឿង នោះ គឺ the USS America amphibious assault ship and the USS Bunker Hill រួមជាមួយ នឹងនាវាចម្បាំងរបស់ប្រទេសអូស្ត្រាលី HMAS Parramatta បានមកដល់ ទីតាំងនៅសមុទ្រចិនខាងត្បូងដើម្បី ធ្វើសមយុទ្ធរួមគ្នា ប៉ុន្តែនាវាទី៣របស់អាមេរិក មួយគ្រឿងទៀត គឺជានាវា ពិឃាត USS Barry បានមកទាន់គ្នា នាំអោយការធ្វើសមយុទ្ធនេះ មានសកម្មភាព រស់រវើកនិងខ្លាំងក្លា នៅចំពោះមុខ នាវាស្ទង់ប្រេងរបស់ចិនតែម្ដង។
ក្រសួងការពារជាតិអូស្ត្រាលី បានអះអាងថា ជាសមយុទ្ធដែលមិនបានរំពឹងទុក ថានឹងមានបែបនេះទេ ព្រោះត្រូវលើកពេលធ្វើរហូតដល់ខែកញ្ញា ឆ្នាំ២០២០។តែក្រសួងការបរទេស អូស្ត្រាលី គ្រាន់តែនិយាយថា ជាសកម្មភាព ស្របច្បាប់នឹងសមុទ្រអន្តរជាតិ ព្រោះទីនោះជាផ្លូវនាវាចរអន្តរជាតិ។
តែបើតាមសារព័ត៌មាន ABCNEWS បានរាយការណ៍ថានាវាចម្បាំង នៃប្រទេសទាំងពីរ បានធ្វើសមយុទ្ធជើងទឹកនៅតំបន់ជម្លោះសមុទ្រចិនខាងត្បូងគឺរយៈពេលពីរថ្ងៃមកហើយ។
បើតាមការទ្វីតធឺរបស់ទ័ពជើងទឹកអាមេរិកគឺនាវាចម្បាំងអាមេរិកទាំងទៅបីគ្រឿងនេះបានទៅដល់សមុទ្រចិនខាងត្បូងដោយអាមេរិកអះអាងថាសកម្មភាពរបស់ខ្លួនគឺដើម្បីគាំទ្រ សន្ដិសុខ ស្ថេរភាពតំបន់ប៉ាស៊ីហ្វិក។
តែយ៉ាងណាគេដឹងថា ត្បិតអាមេរិកគ្មានដែនកោះណាមួយនៅសមុទ្រចិនខាងត្បូងក៏ពិតមែន តែអាមេរិកអះអាងថាខ្លួនបានជួយរក្សាសន្ដិភាពនៅទីនោះរាប់ទសវត្សមកហើយ។ នេះជាការបកស្រាយ របស់ អ្នកនាំពាក្យបញ្ជាការដ្ឋានអាមេរិកនៅឥណ្ឌូប៉ាស៊ីហ្វីកអ្នកស្រី Nicole SCHWEGMAN។
អ្នកស្រីបន្តថា វត្តមាននាវារបស់អាមេរិកនៅសមុទ្រចិនខាងត្បូងនៅពេលនេះ គឺមកជាធ្វើសកម្មភាពជាមួយនឹងក្រុមសម្ព័ន្ធមិត្តក្នុងការលើកកម្ពស់សេរិភាពនាវាចរណ៍ ជើងហោះហើរ ស្ថេរភាពសន្ដិសុខវិបុលភាពសម្រាប់អាស៊ីវប៉ាស៊ីហ្វីកដើម្បីប្រយោជន៍សេដ្ឋកិច្ចជាពិសេសរបស់សម្ព័ន្ពមិត្ត។
ការអះអាងរបស់អ្នកស្រី Nicole SCHWEGMAN គឺជាការឆ្លើយតបដូចគ្នានឹងក្រសួងការពារជាតិអូស្រ្ដាលីដែលបានប្រកាសថា អូស្រ្ដាលីធ្វើសមយុទ្ធជាមួយនឹងអាមេរិកដោយឆ្លងកាត់តំបន់ជម្លោះសមុទ្រចិនគឺក្នុងគោលបំណងអបអរសាទរ ពិធីបុណ្យនៃការចងចាំរបស់អូស្រ្ដាលីដែលមានការចូលរួមពីនាវាចម្បាំងយក្សរបស់អូស្រា្ដលីHMAS Parramatta ហើយជាសកម្មភាពយោធាប៉ុន្មានខែរបស់អូស្ត្រាលីទៅហើយគឺមិនមែនដោយចៃដន្យ នោះទេ។
បើទោះបីជាដើមខែមករាមានការផ្ទុះឡើងជំងឺកូវីដក៏ដោយក្ដីតែមន្រ្ដីយោធាអូស្រ្ដាលីនៅតែបន្ដឃ្លាំមើលសកម្មភាពយោធាជាយុទ្ធសាសរ្ដ្របស់ខ្លួនៅសមុទ្រចិនខាងត្បូង។
ប៉ុន្ដែសមយុទ្ធនៅលើកនេះ ចំពេលចិនត្រូវបានគេមើលឃើញថាបានពង្រឹងអានុភាពរបស់ខ្លួនកាន់តែខ្លាំងនៅសមុទ្រចិនខាងត្បូងដែលបណ្ដាលអោយរដ្ឋជាច្រើនក្នុងតំបន់មានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការឈ្លានពានពីសំណាក់ចិន។ យុទ្ធសាស្រ្ដចិននៅសមុទ្រចិនខាងត្បូងនេះគឺកាលពីថ្មីៗនេះចាប់ល្បីឡើងបន្ទាប់ពីចិនបានបង្កើននូវរដ្ឋបាលថ្នាក់សង្កាត់ចំនួនពីរ ឬបន្ថែមទៀតលើកោះនៃដែនទឹកជម្លោះនោះដោយប្រសិទ្ធនាមថាទីក្រុងវ័យក្មេង។
កាលពីខែមិនាចិនបានបើកស្ថានីយ៍ស្រាវជ្រាវចំនួនបីរនៅម្ដុំថ្មប៉ប្រ៉កទឹករបស់ហ្វីលីពីន ហើយនៅខែមេសា ចិនបានបង្កើតមន្ទីរពេទ្យដ៏ធំមួយធានាព្យាបាលទាហានទាំងអស់នៅសមុទ្រចិនខាងត្បូងដោយជំងឺណាមួយ។ នៅពាក់កណ្ដាលខែមេសាចិនបានដេញតាមប្រមាញ់ទូកនេសាទវៀតណាម និងបុកពន្លិច ។
ប៉ុន្មានថ្ងៃក្រោយមកចិនបានល្បាតជុំវិញថ្មប៉ប្រ៉ះទឹកហ្វីលីពិនហើយក៏ចាកចេញទៅកាន់ម៉ាឡេស៊ីដើម្បីឃ្លាំមើលសកម្មភាពខួងយករ៉ែរបស់នាវានៃប្រទេសរបស់ខ្លួន នៅក្នុងតំបន់សេដ្ឋកិច្ចត្រួតស៊ីគ្នាជាមួយបទេស វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី។
ពេលនោះមានតែហ្វីលីពីន និងវៀតណាមទេដែលរួមដៃគ្នាប្រតិកម្ម ចំណែកម៉ាឡេស៊ីថាចិនមិនមានសកម្មភាពខុសច្បាប់អ្វីនោះទេតែស្របពេលដែលគេដឹងថាប្រទេសម៉ាឡេស៊ី កំពុងស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរដោយសារចំនួនអ្នកឆ្លងកូវីដកាន់តែច្រើនដោយបានទទួល ជំនួយសុខាភិបាលយ៉ាងពិសេសពីចិន។
នាយកប្រតិបត្តិវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្រ្ដអូស្រ្ដាលី លោក Peter Jennings ថាចិនបានព្យាយាយាមពង្រីក យុទ្ធសាស្រ្ដ គឺជាចេតនារបស់ខ្លួនដើម្បីរារាំងនិងកាត់បន្ថយសមត្ថភាពសម្ព័ន្ធមិត្តរបស់អាមេរិក នៅក្នុងតំបន់អាស៊ីអាគ្នេយ៌។
នេះហើយដែលតម្រូវឱ្យនាវាចម្បាំងអាមេរិកត្រូវលេចមុខឡើងចំពេលចិនបង្ហាញសាច់ដុំតែម្នាក់ឯង។តែយ៉ាងណា អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានហៅសមយុទ្ធរបស់អាមេរិក និងអូស្ត្រាលី ថាបានកំពុងបំពានសន្តិសុខ តំបន់ដោយបានទាមទារអោយ បញ្ឈប់សមយុទ្ធនេះ ជាបន្ទាន់៕