40.6 C
Phnom Penh

លោក សម រង្ស៊ី ជំរុញរដ្ឋាភិបាលយកថវិកាបានមកពីអឺរ៉ុបជួយ កម្មករដែលបាត់បង់ការងារធ្វើ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតមេដឹកនាំបក្សសង្រ្គោះជាតិ ដែលកំពុងរស់នៅក្រៅប្រទេស លោក សម រង្ស៊ី បានជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន យកថវិកាដែលជាជំនួយរបស់សហភាពអឺរ៉ុប ទៅឧបត្ថម្ភកម្មករដែលបាត់បង់ការងារធ្វើ ដោយសារវិបត្តិកូវីដ១៩។

លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃម្សិលមិញថា ជំនួយរបស់សហភាពអឺរ៉ុបដែលមានចំនួនជាង៦០លានដុល្លារសហរដ្ឋអាមេរិក អាចយកមកផ្តល់ឲ្យកម្មករបានចំនួនរហូតដល់ទៅ ២សែននាក់ ដោយម្នាក់ទទួលបាន ៥០ដុល្លារ ក្នុងរយៈពេល ៦ខែ។

កាលពីថ្ងៃទី២០ ខែមេសា សហភាពអឺរ៉ុបបានសម្រេចផ្តល់កញ្ចប់ថវិកា ដែលជាជំនួយឥតសំណងសរុបចំនួន ៥៦លានអឺរ៉ូ ឬស្មើជាង៦០លានដុល្លារអាមេរិកសម្រាប់ជួយដល់កម្ពុជាលើវិស័យគាំពារសង្គម និងស្ដារសេដ្ឋកិច្ច ពីវិបត្តិជំងឺកូវីដ១៩។

កាលពីដើមឆ្នាំ២០២០នេះ លោក ហ៊ុន សែន បានប្រកាសក្តែងៗ ប្រាប់ទៅកម្មករ កម្មការិនីទាំងអស់ថា កុំបារម្ភរឿងការងារឱ្យសោះ ត្បិតរដ្ឋមានគោលនយោបាយជួយដល់ពួកគាត់នៅពេលរោងចក្រព្យួរការងារ ឬបិទទ្វារ ហើយកម្មករនឹងទទួលបានប្រាក់ខែ ៦០% ដោយ             ភាគីថៅកែចេញ៤០% ហើយរដ្ឋាភិបាលចេញ២០%។

ក្រោយការប្រកាសនោះមិនបានប៉ុន្មានផង ខាងតំណាងនិយោជកក្នុង         វិស័យកាត់ដេរនៅកម្ពុជា អះអាងថាពួកគេគ្មានលទ្ធភាពផ្តល់ប្រាក់             ៤០% ជូនកម្មករដែលត្រូវព្យួរពីការងារ តាមការប្រកាសរបស់លោកហ៊ុន សែន នោះឡើយ។

ដោយសារបញ្ហានេះ លោកហ៊ុន សែន ក៏បានប្រកាសកែប្រែដោយខ្លួនឯងសារជាថ្មីទៀតថា កម្មករដែលព្យួរការងារ ឬបាត់បង់ការងារទាំងអស់ នឹងទទួលបានប្រាក់៧០ដុល្លារក្នុងមួយខែ ដោយរដ្ឋឧបត្ថម្ភ៤០ដុល្លារ ហើយថៅកែចេញ ៣០ដុល្លារ។

ទោះបីជាបែបនេះក្តី លោក សម រង្ស៊ី អះអាងថា ការសម្រេចផ្តល់ឲ្យកម្មករ ដែលបាត់បង់ការងារម្នាក់ ៧០ដុល្លារក្នុងមួយខែនោះ គឺមិនអាចធានាជីវភាពរស់នៅរបស់កម្មករដែលបាត់បង់ការងារនោះបានឡើយ។

លោកថា បើរដ្ឋយកថវិកាបានពីជំនួយអឺរ៉ុប ទៅបែងចែកជូនកម្មករបន្ថែម ៥០ដុល្លារទៀត នោះប្រាក់ឧបត្ថម្ភសម្រាប់កម្មករម្នាក់ៗ នឹងឡើងដល់ទៅ ១២០ដុល្លារ ក្នុង ១ខែ។ លោកថាចំនួនប្រាក់នេះ ស្មើទៅនឹងអ្វីដែលលោក ហ៊ុន សែន បានសន្យាឲ្យកម្មករកាលពីដំបូងគឺ ៦០%។

ក្រសួងការងារ បានឱ្យដឹងថា យ៉ាងហោចណាស់មានរោងចក្រប្រមាណ ១៣០ហើយ បានដាក់ពាក្យសុំព្យួរការងារ ដែលបណ្តាលឱ្យប៉ះពាល់ដល់កម្មករជិត ១០ម៉ឺននាក់ ដោយសារបញ្ហាខ្វះវត្ថុធាតុដើម និងមិនមានអ្នកបញ្ជាទិញ។ ក្រៅពីបញ្ហាប្រឈមរបស់កម្មករក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ កម្ពុជាក៏កំពុងជួបបញ្ហាប្រឈមមួយបន្ថែមទៀត គឺការសម្រុកចូលប្រទេកម្ពុជាវិញ ពីសំណាក់ពលករខ្មែរនៅក្រៅប្រទេស ជាពិសេសពីប្រទេសថៃ។

កាលពីថ្ងៃម្សិលមិញ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងថា ពលករខ្មែរដែលត្រឡប់មកពីក្រៅប្រទេស ជាពិសេសពីប្រទេសថៃមានចំនួនជិត១០ម៉ឺននាក់នោះ(៨៥ ០០០នាក់) គឺភាគច្រើនពួកគេអាចដោះស្រាយជីវភាពគ្រួសារបានតែរយៈពេលខ្លីប៉ុណ្ណោះ។

យ៉ាងនេះក្តី ក្រៅពីប្រាក់ជំនួយបានពីអឺរ៉ុប កាលពីថ្ងៃទី ១៧ ខែមេសា លោក ហ៊ុន សែន បានអះអាងថា ជំនួយថវិកាបានពីសប្បុរសជនក្នុងស្រុកដែលចូលរួមសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មានចំនួនទឹកប្រាក់ជាង ១៣លានដុល្លារ (១៣ ៥៩៧ ២៩៥) ហើយជំនួយនេះមិនទាន់គិតពីជំនួយជាសម្ភារៈ និងជំនួយបរិច្ចាគប្រាក់បៀវត្សរបស់មន្ត្រីរាជការនោះឡើយ។

ប៉ុន្តែមកទល់ពេលនេះ ជំនួយជាថវិកាទាំងនោះរដ្ឋាភិបាលមិនទាន់បានប្រកាសពីការបែងចែកជួយឧបត្ថម្ភដល់កម្មករ ឬពលករ ដែលកំពុងប្រឈមក្នុងជីវភាពគ្រួសារ ដោយសារការបាត់បង់ការងារធ្វើនោះឡើយ៕  

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស