ព័ត៌មានជាតិ

ជីវិតលោកគីមជុងអ៊ុននៅតែអាថកំបាំងខណៈប្អូនស្រីលោក ត្រៀមស្នងតណែង

By ឌឹ ខេមបូឌា ដេលី

April 25, 2020

លោក គីមជុងអ៊ុន មេដឹកនាំផ្ដាច់ការវ័យក្មេងនៃប្រទេសកូរ៉េខាងជើង នៅតែបន្តស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ ក្រោយពីការវះកាត់បេះដូងដ៏គ្រោះថ្នាក់កាលពីថ្ងៃទី១២ ខែមេសា។

លោក គីម ជុងអ៊ុន ឡើងកាន់តំណែងជំនួសឱពុករបស់លោក នៅឆ្នាំ២០១១ បន្ទាប់ពីឱពុកលោក គីមជុងអ៊ិលស្លាប់នៅលើរថភ្លើង ពេលកំពុងធ្វើដំណើរទៅកាន់ការដ្ឋានកសិកម្ម មួយកន្លែងកាលពីទី១៧ធ្នូ   ឆ្នាំ២០១១ ដោយជំងឺគាំបេះដូង។

លោក គីមជុងអ៊ុន បានបាត់មុខជាសាធារណៈព្រោះលោកមិនបាន ចូលរួមពិធីរំលឹកថ្ងៃបង្កើតប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី១៥មេសា ដែលព័ត៌មានចុះផ្សាយថា លោកមានជំងឺបេះដូងធ្ងន់ធ្ងរហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការវះកាត់។

សារព័ត៌មាន ជប៉ុន Yomi-uri Shimbun  បានចុះផ្សាយនៅថ្ងៃទី២៣មេសានេះថា ប្អូនស្រីពៅម្ដាយទីទៃរបស់លោកគីមជុងអ៊ុន ត្រូវបានថ្នាក់ដឹកនាំប្រទេសកូរ៉េខាងជើង សម្លឹងមើលតាំងពីឆ្នាំ២០១៩ ថាជាបុគ្គលម្នាក់ដ៏មានអំណាច និងឥទ្ធិពលដែលអាចបន្ដវេនពីលោកគីមជុងអុន។

ប្អូនស្រីរបស់លោកគីមជុងអ៊ុនមានឈ្មោះថា Kim YoJong ។ អ្នកស្រីជាអនុប្រធានបក្សពលករ។ មួយរយៈក្រោយនេះអ្នកស្រីតែងដើរតាមបងប្រុសរបស់អ្នកស្រីទៅចូលរួមកម្មវិធីនយោបាយសំខាន់ៗទាំងក្នុងប្រទេសនិងក្រៅប្រទេស។

សាព័ត៌មានជប៉ុនដដែលចុះផ្សាយថា គណៈកម្មាធិការមជ្ឈឹមបក្សពលករកូរ៉េខាងជើងបានសម្រេចបើកកិច្ចប្រជុំផ្ទៃក្នុងកាលពីចុងឆ្នាំ២០១៩ថា ប្រសិនបើលោកគីមជុងអ៊ុនទទួលមរណភាព ឬមិនអាចដឹកនាំប្រទេសបានទៀត អ្នកដែលត្រូវឡើងបន្តដំណែងនេះ គឺមានតែអ្នកស្រី Kim Yo-jong ប៉ុណ្ណោះ។

ហេតុអ្វីអ្នកស្រី Kim Yo-jong ត្រូវបានស្នើអោយត្រៀមជំនួសតំណែងបងប្រុសរបស់អ្នកស្រី?

អ្នកស្រីត្រូវបានអនុញ្ញតិអោយបង្ហាញមុខជាសាធារណៈលើកដំបូងកាលពីឪពុករបស់លោកជាប្រមុខរដ្ឋក្នុងឆ្នាំ២០០៧។ ពេលនោះនាងជាកម្មាភិបាលម្នាក់ទើបតែងតាំងដោយបក្សពលករ។ ក្នុងនាមជាអនុប្រធានបក្សកុម្មុយនិស្ដ អ្នកស្រី Kim Yo-jongជាមនុស្សម្នាក់ដែលឧស្សាហ៍ទៅចូលរួមព្រឹត្តិការណ៍ទាំងក្នុង និងក្រៅប្រទេស។

ចាប់ពីឆ្នាំ២០១៨ដែលជាឆ្នាំអ្នកស្រីទៅប្រទេសកូរ៉េខាត្បូងជាលើកដំបូងនោះ អ្នកស្រីបានជួបប្រធានាធិបតីនៃប្រទេសនេះគឺលោក មូនចែអ៊ីន ហើយបានថតរូបជាមួយអនុប្រធានាធិបតីអាមេរិកលោក  ម៉ៃក ផេនស៍ ថែមទៀតផង។

អ្នកស្រីជាមនុស្សស្រីតែម្នាក់គត់ដែលត្រូវបានគេដឹងថាលោកគីមជុងអុន ទុកចិត្តបំផុតតាំងពីអនុញ្ញាតឱ្យនាងរួមដំណើរជាមួយលោកក្នុងជំនួបសំខាន់ៗរួមទាំងជួបលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំនៅប្រទេសចំនួនបី រួមមាន សិង្ហបុរី វៀតណាម និងនៅព្រំដែនរួម កូរ៉េខាងជើង និងកូរ៉េខាងត្បូង។

តាំងពីបរាជ័យនៃជំនួបទាំងបីលើកជាមួយលោកត្រាំ  នាងត្រូវបានខកខានឡើងនិយាយជាសាធារណៈ។ ប៉ុន្តែកាលពីពេលថ្មីៗនេះនាងលេចវត្តមានឡើងវិញនៅពេលផ្ញើសារទៅកាន់កូរ៉េខាងត្បូង និងមេរិកក្រោយពីកូរ៉េខាងជើងបាញ់មីស៊ីលលើកទីបី។ អ្នកស្រីបែរជាសរសើរលោកដូណាល់ត្រាំចំពោះការចាត់ទុក និងទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់បងប្រុសអ្នកស្រីក្នុងប្រយុទ្ធនឹងជម្ងឺកូវីដ១៩។

ទាំងនេះសុទ្ធតែបង្ហាញពីស្មារតីជាតិនិយមរបស់អ្នកស្រីខ្ពស់ សមត្ថភាពគ្រប់គ្រងយោធា និងការចេះការពារផលប្រយោជន៍នៃកេរ្តិ៍ តំណែលត្រកូលគីមលើឆាកអន្ដរជាតិ។

បើទោះបីជាគ្មានលោក គីម ជុងអ៊ុន ក៏កូរ៉េខាងជើងនៅមិនអាចបញ្ចប់របបផ្ដាច់ការ បានងាយស្រួលនោះដែរ។ មេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន កាលពីថ្ងៃទី១២ ខែមេសាបានឆ្លងកាត់ ការវះកាត់បេះដូងដ៏គ្រោះថ្នាក់ និងកំពុងបន្ដព្យាបាលនៅឡើង នៅឯភូមិគ្រឹះមួយជិតមន្ទីរពេទ្យដែលលោកវះកាត់នោះ។