34 C
Phnom Penh

ទ័ពមួកខៀវកម្ពុជា ៣នាក់ឆ្លងជម្ងឺ COVID-19 នៅប្រទេសម៉ាលី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព អះអាងថា កងព័ទមួកខៀវកម្ពុជា ចំនួន៣នាក់ ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩។

អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព លោកផល សាម៉ន បានប្រាប់សារព័ត៌មានដែលស្និតនឹងរដ្ឋាភិបាល Fresh News នៅថ្ងៃទី២៤ ខែមេសានេះ ថា កងកម្លាំងសន្តិសុខរបស់កម្ពុជាឬ ហៅថាកងទ័ពមួកខៀវកម្ពុជាចំនួន ៣រូប មានស្រីមួយរូប និងប្រុស២រូប បានឆ្លងវីរុស COVID-19 នៅក្នុងតំបន់បេសកកម្ម នៃប្រទេសម៉ាលី។

លោកបន្ថែមថា ក្នុងចំណោមកងទ័ពមួកខៀវកម្ពុជាប្រមាណ ៣០០នាក់ ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិឬUN នៅប្រទេសម៉ាលី គឺមានជាង៨០នាក់ផ្សេងទៀត ត្រូវបានយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ១៩ ក្រោយពេលពួកគេមានអាការៈសង្ស័យឆ្លងជំងឺនេះ។

ប្រភពដដែលលើកឡើងថា បច្ចុប្បន្នអ្នកឆ្លងជំងឺកូវីដ១៩ទាំង៣នាក់ បានបញ្ជូនទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមួយក្នុងប្រទេសម៉ាលី ក្រោមការតាមដាន ពីក្រុមគ្រូពេទ្យរបស់ UN។

អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ ធ្លាប់អះអាងថា បច្ចុប្បន្ននេះ កម្ពុជាមានកងទ័ពមួកខៀវ ប្រមាណ ៨០០នាក់ ក្នុងនោះមាននារីជាង៧០នាក់ ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពនៅតាមបណ្តាប្រទេសចំនួន៤  ក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិ។

កាលពីថ្ងៃទី ១៩ មេសា ស្ថានទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី បានឱ្យដឹងថា សិក្ខាកាមយោធាកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យ វេជ្ជសាស្ត្រយោធានៃទីក្រុងសេនភិតធឺស្បឺក (Saint Petersburg) បានឆ្លងជំងឺកូវីដ១៩ ពីសិក្ខាកាមយោធាជនបរទេសដទៃទៀតដែលរៀន និងស្នាក់នៅកន្លែងជាមួយគ្នា។

ស្ថានទូតកម្ពុជាបញ្ជាក់ដែលថាយោធាកម្ពុជាទាំង ៣នាក់នោះ ត្រូវបានសាលាបញ្ជូនទៅមន្ទីរពេទ្យមួយក្នុងប្រទេសរុស្ស៊ី ដើម្បីព្យាបាលកាលពីថ្ងៃទី១៨ ខែមេសា ប៉ុន្តែស្ថានភាពពួកគេនៅពេលនោះមិនទាន់ធ្ងន់ធ្ងរនៅឡើយ។

ក្រោយផ្ទុះជំងឺកូវីដកាន់តែខ្លាំង លោក ហ៊ុន សែន បានប្រកាសដាក់ចេញវិធានការផ្សេងៗ ក្នុងនោះក៏បានហាមមិនឱ្យមន្ត្រីរាជការរបស់ខ្លួនចេញទៅបំពេញបេសកកម្ម ឬចូលរួមកិច្ចប្រជុំនៅក្រៅប្រទេសដែលមិនចាំបាច់នោះឡើយ ដើម្បីចូលរួមការពារមិនឱ្យជំងឺនេះឆ្លង និងរាលដាលចូលកមកម្ពុជាបាន៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស