27 C
Phnom Penh

ក្រសួងព័ត៌មានកែលម្អលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានមុននឹងបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តីសម្រេច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងព័ត៌មានបានបើកកិច្ចប្រជុំពិនិត្យ កែលម្អ ជាលើកចុងក្រោយលើសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មានផ្នែកទោសប្បញ្ញត្តិ មុននឹងបញ្ចូនទៅទីស្ដីការគណៈរដ្ឋមន្រ្ដីពិនិត្យ និងសម្រេច ។

ភ្នាក់ងារសារព័ត៌មានជាតិ AKP  បានដកស្រង់សម្តីរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ក្នុងកិច្ចប្រជុំនៅថ្ងៃនេះថា ការប្រជុំពិនិត្យកែលម្អលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះ គឺជាការពិនិត្យចុងក្រោយបង្អស់ មុននឹងបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ និងសម្រេចជាផ្លូវការ ហើយនឹងបញ្ជូនទៅរដ្ឋសភាដើម្បីអនុម័ត។

ប្រភពដដែលបន្តថា ក្នុងកិច្ចប្រជុំនោះ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានបង្ហាញនូវរបាយណ៍ អំពីការវិវត្តថ្មីៗ នៃសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះ។ លោកថា  ក្នុងនោះក៏មានការចូលរួមមតិយោបល់ និងបានធ្វើការ                 ពិនិត្យកែលម្អលើសេចក្តីព្រាងច្បាប់នេះ ដើម្បីដាក់ក្នុងសេចក្តីថ្លែងហេតុ រួមទាំងបញ្ហាផ្សេងៗទៀត។

សេចក្តីព្រាងច្បាប់ស្តីពីស្តីពីសិទ្ធិទទួលព័ត៌មាន ដែលក្រសួងព័ត៌មាន ជាអ្នកពង្រាងនេះ មាន១០ ជំពួក ចែកចេញជា ៣៦មាត្រា ហើយសេចក្តីព្រាងច្បាប់នេះ មានគោលបំណងធានាឱ្យសាធារណជនគ្រប់រូបនូវសិទ្ធិសេរីភាព ក្នុងការទទួលបានព័ត៌មាន ពីស្ថាប័នសាធារណៈ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

ទោះបីជាយ៉ាងនេះក្តី សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ត្រូវបានក្រុមការងារបច្ចេកទេសនៃក្រសួងព័ត៌មានចាប់ផ្តើមតាក់តែង តាំងពីឆ្នាំ២០១៥ ប៉ុន្តែច្បាប់នេះនៅតែអូសបន្លាយរហូតមក ខុសពីច្បាប់ផ្សេងៗ ដែលស្នើឡើងដោយលោកហ៊ុន សែន ឬដោយបក្សកាន់អំណាច។

យ៉ាងនេះក្តី មន្រ្តីជាន់ខ្ពស់នៃក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ អះអាងថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននឹងចេញជាផ្លូវការមិនឱ្យលើសពីឆ្នាំ២០២០នេះទេ។

ច្បាប់ស្តីពីរបបសេរីភាពសារព័ត៌មានកាលពីឆ្នាំ១៩៩៥ ចែងថា អ្នកសារព័ត៌មានគ្រប់រូប ត្រូវតែចៀសវាងរាល់ការសរសេរ ឬផ្សព្វផ្សាយព័ត៌មានណាដែលជម្រុញការរើសអើងពូជសាសន៍ វណ្ណៈ ពណ៌សម្បុរ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ជាដើម។

ដោយឡែក អ្នកសារព័ត៌មានវិញ ត្រូវតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈឲ្យបានច្បាស់លាស់ និងគោរពទៅដល់ប្រភពព័ត៌មាន។

កាលពីដើមឆ្នាំមុន អង្គការ និងសមាគមចំនួន១៩ បានផ្ញើលិខិត៤ ដាច់ដោយឡែកពីគ្នាទៅស្ថាប័នកំពូលរបស់រដ្ឋាភិបាល ដោយជំរុញដំណើរការតាក់តែងច្បាប់ និងអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះឱ្យបានលឿន ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងសិទ្ធិទទួលបានព័ត៌មានជាសាធារណៈ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស