29 C
Phnom Penh

តើពិភពលោកត្រូវប្តឹងចិនទៅតុលាការណា ហើយប្តឹងពីបទអ្វី?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មានចរន្តមតិ និងចលនាពលរដ្ឋក្នុងប្រទេសសេរីខ្លះ ចង់ឃើញប្រទេសចិន សងការខូចខាតទាំងជីវិតមនុស្ស និងអាជីវកម្មខ្នាតតូចធំនានា ដែលខាតបង់ដោយសារមេរោគ ឬ វីរុស កូរ៉ូណា ដែលមានប្រភពចេញពីប្រទេសចិន។ មធ្យោបាយបង្ខំឲ្យចិនសងការខូចខាត ព្រោះតែការធ្វេសប្រហែស ហើយលាក់បាំងពត៌មានពីសំណាក់រដ្ឋអំណាចកុម្មុយនិស្ត គឺដាក់ពាក្យប្តឹងទៅតុលាការ។ សំណួរថា តើត្រូវប្តឹងចិនទៅតុលាការណា ហើយប្តឹងពីបទអ្វី?

យើងខ្ញុំសូមបញ្ចាក់ជូនថា យើងខ្ញុំមិនមែនជាអ្នកច្បាប់ ផ្តល់ឱវាទខាងច្បាប់នោះទេ គឺគ្រាន់តែចែករំលែកការយល់ដឹងខ្លះប៉ុណ្ណោះ តាមរយៈការស្រង់ខ្លឹមសារមាត្រាច្បាប់អន្តរជាតិពីសាលាច្បាប់នៃសកលវិទ្យាល័យក្នុងស.រ.អា និង សេចក្តីពណ៌នាអំពីច្បាប់អន្តរជាតិពីការិយា

ល័យមេធាវីជំនាញខាងច្បាប់អន្តរជាតិក្នុងស.រ.អា។

មកទល់ពេលនេះ នៅស.រ.អា មានពាក្យបណ្តឹងយ៉ាងតិច៥ រាប់ទាំងពាក្យបណ្តឹងតាមផ្លូវឯកជន ទាំងផ្លូវរដ្ឋបាលនៃរដ្ឋផ្សេងៗ។ គេដាក់ពាក្យបណ្តឹងទាំងអស់ក្នុងសាខាតុលាការសហព័ន្ធតាមរដ្ឋ និមួយៗនៅចុងខែមីនាកន្លងទៅនេះ។

មេធាវី Robert Iglet តំណាងឲ្យអាជីវកម្មធំតូចនៅក្រុងល្បែស៊ីសង Las Vegas រដ្ឋ Nevada ចំនួន៣២លានមុខរបររកស៊ី, មេធាវី Berman Berman តំណាងឲ្យក្រុមជនរងគ្រោះដូចគ្នា ឬប្រហាក់ប្រហែលគ្នា ហៅថា class action suit នៅក្រុងម៉ាយ៉ាមី រដ្ឋ Florida, មេធាវី Larry Clayman តំណាងឲ្យអាជីវកម្មក្នុងរដ្ឋតិកសាស់ ទារសងជម្ងឺចិត្ត ២០លាន លានដុល្លារ, ក្រសួងយុត្តិធម៌ រដ្ឋ Mississippi ដឹកនាំដោយអ្នកស្រី Lynn Fitch តំណាងឲ្យពលរដ្ឋក្នុងរដ្ឋនេះ, ក្រសួងយុត្តិធម៌ រដ្ឋ Missouri ដឹកនាំដោយលោក Eric Schmitt តំណាងឲ្យពលរដ្ឋក្នុងរដ្ឋនេះដែលមានអ្នករងគ្រោះដោយសារជម្ងឺ កូវិដ−១៩។

អ្នកច្បាប់ទាំងអស់នោះ ទាំងស្មាក្តីរដ្ឋបាលក្នុងរដ្ឋនិមួយៗ ទាំងស្មាក្តីឯកជន បានបង្ហាញហេតុផលក្នុងពាក្យបណ្តឹងរបស់គេ ប្រហែលៗគ្នា គឺផ្តោតលើ៖ ចេតនាបណ្តែតបណ្តោយឲ្យរីករាលដាល ការធ្វេសប្រហែស (ប្រមាទមើលស្រាលបញ្ហា) បំបិទមាត់អ្នករាយការណ៍ លាក់បំបាំងពត៌មាន មិនបានទប់ស្កាត់ការផ្ទុះមេរោគឆ្លងបង្កឲ្យមានការមនុស្សស្លាប់ និង ខាតបង់មុខរបបរកស៊ី។

ពាក្យបណ្តឹងពីរដ្ឋ Florida មាន៥បទចោទ ប្តឹង៖ រដ្ឋាភិបាលប្រទេសចិន, គណៈកម្មការសុខាភិបាលជាតិចិន, ក្រសួង គ្រប់គ្រងភាពអាសន្នចិន, ក្រសួង កិច្ចការស៊ីវិលចិន, រដ្ឋអំណាចខេត្ត ហ៊ូបេយ និង រដ្ឋអំណាចក្រុង វូហាន។ ពាក្យបណ្តឹងពីរដ្ឋ មីស៊ូរី Missouri មាន៤បទចោទ រាប់ទាំងការ ‘គរទុកឧបករណ៍ការពារខ្លួនប្រាណ’ ផងដែរ។

ក្រុមអ្នកច្បាប់អាមេរិកាំងទំាងអស់ សុទ្ធតែប្តឹងដោយសំអាងលើច្បាប់ស.រ.អាឈ្មោះថា ច្បាប់ការពារអធិបតេយ្យបរទេស ឆ្នាំ១៩៧៦ ជាភាសាអង់គ្លេសហៅថា  “Foreign Sovereign Immunity Act of 1976” ឬ កូដ ២៨ (28 Code) និង ច្បាប់ផ្សេងទៀត ដែលអនុញ្ញាតឲ្យដាក់ពាក្យប្តឹងរាល់ៗអំពើ (ខុសឆ្គង) នៅក្រៅដែនដីស.រ.អា ដែលឲ្យផលដោយត្រង់ៗទៅលើស.រ.អា។ ប៉ុន្តែ ច្បាប់ កូដ ២៨ ក៏មានលក្ខខណ្ឌចែងអំពី កិច្ចការពារតាមផ្លូវច្បាប់ ឬ immunity ចំ ពោះប្រទេសដទៃដែរ លើកលែងតែករណី អំពើភេរវកម្ម។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang អធិប្បាយអំពី ពាក្យបណ្តឹងទាំងនោះថា ជារឿង អត់សមហេតុសមផល គ្មានផ្អែកលើវត្ថុតាងអ្វីទាំងអស់ ហើយថា រដ្ឋាភិបាលចិន ធ្វើការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ មានតម្លាភាពច្បាស់លាស់។

មានមតិមួយចំនួនចោទសួរថា ហេតុអ្វីមេធាវីអាមេរិកាំង មិនសំអាង មិនយកច្បាប់អន្តរជាតិណាមួយទៅប្រើក្នុងការប្តឹងរដ្ឋាភិបាលក្រុងប៉េកាំង?

បើប្រទេសពីរមានវិវាទនឹងគ្នា គេអាចតវ៉ាទៅ អង្គការសុខភាពពិភពលោក។ បើភាគីណាមិនសុខចិត្ត បទបញ្ញត្តិអន្តរជាតិស្តីអំពីសុខភាព (International Health Regulations) ត្រង់មាត្រា៥៦ ភាគទី១០ ស្តីអំពី លក្ខខណ្ឌអវសាន ភាគីក្នុងវិវាទរវាងប្រទេសនិងប្រទេស មានសិទ្ធិបន្តការក្តីក្តាំទៅ តុលាការអចិន្ត្រៃយ៍ដំណោះស្រាយវិវាទមានជម្រើសបទបញ្ជា ដើម្បីធ្វើអាជ្ញាកណ្តាលវិនិច្ឆ័យក្តី សម្រុះសម្រួលវិវាទ។ ប៉ុន្តែ លក្ខខណ្ឌក្នុងការស្នើសុំជម្រះក្តីក្នុង តុលាការអចិន្រ្តៃយ៍ ដំណោះស្រាយវិវាទ ដើម្បីកាត់ក្តីនោះ ភាគីទាំងអស់ត្រូវតែទទួលយកសេចក្តីសម្រេចចុងក្រោយពីស្ថាប័នអន្តរជាតិនេះជាដាច់ខាត ពោលគឺមិនអាចតវ៉ាទៅទីផ្សេងទៀតបានឡើយ។

ចំពោះការប្តឹងប្រទេសចិនទាំងមូល រដ្ឋាភិបាលចិន មេដឹកនាំចិនគ្រប់ជាន់ថ្នាក់ ដែលទាក់ទិននឹងបញ្ហារីករាលដាលមេរោគ និង ជម្ងឺ កូវិដ−១៩ មេធាវី Robert Iglet តំណាងអាជីវកម្ម មុខ របររកស៊ី៣២លានប្រភេទនោះ ក៏បានបញ្ជាក់ដែរ ថាជាការប្រើពេលយូរអង្វែង។

ចំណែកឯសាស្រ្តាចារ្យច្បាប់អន្តរជាតិនៃសកលវិទ្យាល័យ យ៉េល (Yale) នៅស.រ.អា អ្នកស្រី លៀ ប្រៀលម៉េយ័រ៍ (Lea Brilmayer) បកស្រាយថា៖ វាជារឿងមិនធម្មតាមួយដែលប្រទេសអធិប

តេយ្យមួយ ប្តឹងប្រទេសអធិបតេយ្យមួយទៀត ក្នុងករណីរីករាលដាលមេរោគ កូរ៉ូណា និងជម្ងឺ កូវិដ−១៩  ព្រោះថា ច្បាប់ដដែលនេះ មិនបានអនុញ្ញាតឲ្យប្តឹងទេ។

អ្នកស្រីថា ច្បាប់ ការពារអធិបតេយ្យបរទេស ឆ្នាំ១៩៧៦  “Foreign Sovereign Immunity Act of 1976” ឬកូដ២៨ (28 Code) មិនរាប់បញ្ចូលការឆ្លងមេរោគ ឬជម្ងឺ កូវិដ−១៩ នោះទេ លើក លែងតែប្រទេសផ្សេងនោះ ឬ រដ្ឋបរទេសនោះ មានសកម្មភាពពាណិជ្ជកម្ម មានអាជីវកម្មធ្វើផលិតផល ហើយថ្លោះធ្លោយដោយការធ្វេសប្រហែស ដោយចេតនា ឬ អចេតនា បណ្តាលឲ្យប៉ះពាល់ដល់ពលរដ្ឋ មុខរបរ និង ទ្រព្យសម្បត្តិ ក្នុងដែនដីស.រ.អា ទើបជនរងគ្រោះមានឱកាសប្តឹងទារសំណងការខូចខាត។ តុលាការស.រ.អា អាចស្រាវជ្រាវរកឫសគល់នៃក្រុមហ៊ុនមួយ ថាតើក្រុមហ៊ុននោះជារបស់រដ្ឋ ឬ ឯកជន ឬ ផ្ទេរពីរដ្ឋទៅឯកជន ឬ យកឯកជនបាំងមុខរដ្ឋ ឬ យករដ្ឋបាំងមុខឯកជន។

គេមិនទាន់ឃើញអ្នកច្បាប់អាមេរិកាំងណាម្នាក់ ប្តឹងប្រទេសចិនដោយយកច្បាប់អន្តរជាតិ ណាមួយមកសំអាងជាគោល ហើយដាក់បណ្តឹងនៅ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នោះទេ។

ដំណាលគ្នានឹងការដាក់ពាក្យប្តឹងប្រទេសចិនពីរដ្ឋមួយចំនួនក្នុងស.រ.អានិងមេធាវីអាមេរិកាំងមួយចំនួន មានមតិពលរដ្ឋមួយចំនួនដែរ ជាអ្នកច្បាប់ដែលនិយាយថា មេដឹកនាំប្រទេសខ្លះក៏ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដែរ ពេលពួកគេមិនបានស្តាប់ មិនយកចិត្តទុកដាក់ ធ្វេស

ប្រហែស (ប្រមាទ មើលស្រាលបញ្ហា) មិនចាត់វិធានការ ចាត់វិធីការពាររហ័សរហួនឲ្យទាន់ពេលវេលាតាមដំបូន្មានអ្នកជំនាញ អ្នកឯកទេសខាងវេជ្ជសាស្រ្ត ប៉ុន្តែចង់បានចំណេញន យោបាយ ខា្លចសេដ្ឋកិច្ចធ្លាក់ចុះ បាត់ផលចំណេញ រួចចាត់ទុកការរីករាលដាលមេរោគដ៏មហាកំណាច មហាគ្រោះថ្នាក់នេះ ជាជម្ងឺគ្រុនផ្តាសាយធំធម្មតា ហើយថាវានឹងរលាយសាបសូន្យក្នុងពេល១៥ថ្ងៃទៅវិញហើយនោះ។

ឥឡូវនេះ អ្នកដឹកនាំ អ្នកនយោបាយមួយចំនួន គិតតែពីចង្អុល ទម្លាក់កំហុសលើអ្នកដទៃ ហើយមើលមិនឃើញអសមត្ថភាព និង បរាជ័យក្នុងកិច្ចដឹកនាំរបស់ខ្លួន។ មេធាវីអាមេរិកាំងមួយរូបឈ្មោះ Neil Baron សរសេរអត្ថបទវិចារណកថាមួយក្នុងទស្សនាដ្តី

Newsweek នៅថ្ងៃទី១៦ មេសា កន្លងទៅ បកស្រាយអំពី ការធ្វេសប្រហែសបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ ជីវិតមនុស្សនោះ មិនខុសពីការទម្លាក់កំហុស ចោទប្រកាន់រដ្ឋាភិបាលចិននោះដែរ។

ចៅហ្វាយក្រុងខ្លះនៅស.រ.អា និយាយថា គេនឹងផ្អាកកម្មវិធីជួបជុំតាមប្រពៃណីបាត់ទៅហើយ បើរដ្ឋការក្រុងវ៉ាស៊ិនតុន ប្រកាសអំពីគ្រោះមហន្តរាយអំពី មេរោគឆ្លង កូរ៉ូណា និង ជម្ងឺ កូវិដ−១៩ នោះ។ បណ្តាញសារពត៌មាន ដូចជាទូរទស្សន៍ Fox News ជាដើម មានពលរដ្ឋអាមេរិ

កាំងប្តឹងដែរ ព្រោះផ្សាយពត៌មានបំភ័ន្ត ដែលគេចាត់ទុកជាការជ្រៀតជ្រែកក្នុងកិច្ចប្រឹងប្រែងការពារជម្ងឺឆ្លងនេះ។

លោក Neil Baron ពន្យល់អំពីច្បាប់អាមេរិកាំងដូច្នេះ៖ អត្ថន័យនៃខ្លឹមសារច្បាប់អំពី ពាក្យថាការសម្លាប់មនុស្សដោយការធ្វេសប្រហែស និង មិនបានដឹងខ្លួន មានន័យថា រាប់បញ្ចូលទាំងការសម្លាប់មនុស្សដោយអចេតនាតាមរយៈការធ្វេសប្រហែស។ អំពើឬទង្វើទាំងឡាយខ្វះការទទួលខុសត្រូវ ឬ ការអាក់ខានបំពេញភារកិច្ចដែលត្រូវបំពេញ គឺជាឧក្រិដ្ឋកម្ម។ តើទង្វើ និង ការអាក់ខានមិនធ្វើអ្វីមួយដែលប្រធានាធិបតី (ឬនាយករដ្ឋមន្រ្តី) ត្រូវធ្វើតាមសីលធម៌និងតាមច្បាប់ (ពោលគឺកិច្ចការពារជីវិតមនុស្ស) អាចមានទោស ឬ មិនគ្មាននោះ គួរសួរគ្រួសារជនរងគ្រោះអាមេរិកាំងដែលស្លាប់ជិត៣ម៉ឺននាក់នោះទៅ។ មកដល់ចុងសប្តាហ៍នេះពលរដ្ឋអាមេរិកាំងជាង៥ម៉ឺននាក់ បានបាត់បង់ជីវិតដោយសារជម្ងឺ កូវិដ−១៩៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស