29.3 C
Phnom Penh

រដ្ឋាភិបាលអនុញ្ញាតឱ្យពលរដ្ឋខ្មែរជាង២០០នាក់ នៅម៉ាឡេស៊ី ត្រឡប់មកកម្ពុជាវិញ ប្រសិនបើរកឃើញថាពួកគេគ្មានជំងឺកូវីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលអះអាងថា នឹងអនុញ្ញាតឱ្យពលរដ្ឋខ្មែរនៅប្រទេសម៉ាឡេស៊ី ជាពិសេសអ្នកទោសដែលត្រូវបានដោះលែង និងពលករនេសាទនៅ   ទីនោះ បានវិលត្រឡប់មកកម្ពុជាវិញ ប្រសិនបើរកឃើញថាពួកគេគ្មានផ្ទុកជំងឺកូវីដ១៩។

ថ្លែងក្នុងសន្និសីទកាសែតនៅព្រឹកនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកម៉ម ប៊ុនហេង មានប្រសាសន៍ថាបន្ទាប់ពីមានកិច្ចប្រជុំអន្តរក្រសួង រាជរដ្ឋាភិបាលបានឯកភាពឱ្យពលរដ្ឋខ្មែរនៅម៉ាឡេស៊ី ដែលមានបំណងត្រឡប់មកកម្ពុជា អាចត្រឡប់មកកម្ពុជាវិញបាន ប៉ុន្តែត្រូវមានលក្ខខណ្ឌបញ្ជាក់ថាពួកគេមិនមានជំងឺកូវីដ១៩ ។

លោកថា ប្រសិនបើពួកគេរកឃើញថាផ្ទុកជំងឺកូវីដ១៩នេះ គឺអាជ្ញាធរម៉ាឡេស៊ីត្រូវព្យាបាលពួកគេឱ្យជាសះស្បើយជាមុន រួចទើបបញ្ជូនពួកគេមកកម្ពុជា ដូចអ្វីដែលកម្ពុជាបានធ្វើចំពោះពលរដ្ឋម៉ាឡេស៊ីកន្លងមក។ លើសពីនេះ ពលរដ្ឋដែលរកមិនឃើញមានកូវីដ១៩ នឹងត្រូវរៀបចំឱ្យដាក់ឱ្យនៅដាច់ដោយឡែកតាមវិធានការសុខាភិបាលពេលមកដល់កម្ពុជា ហើយនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ នៅផ្ទះរបស់ពួកគេបន្ថែមទៀត។

លោកអះអាងថា ពលរដ្ឋខ្មែរជាប់ឃុំ ឬ អ្នកទោស ដែលត្រូវបានអាជ្ញាធរម៉ាឡេស៊ីដោះលែងវិញ មានចំនួន៧៣នាក់  ហើយពលករនេសាទខ្មែរមានចំនួន១៤៩នាក់។

បន្ថែមពីនេះ កាលពីដើមខែមេសា លោក ហ៊ុន សែន ក៏បានបញ្ជាឱ្យបញ្ឈប់ការហោះហើររបស់ពលរដ្ឋខ្មែរ១៥០នាក់ ដែលត្រៀមធ្វើដំណើរមកកម្ពុជា ដោយបារម្ភថាពួកគេអាចមានជំងឺកូវីដ១៩ ហើយឆ្លងរាលដាលដល់ពលរដ្ឋក្នុងប្រទេស។ ពលរដ្ឋទាំងនោះ ក៏បានត្រឡប់ទៅកន្លែងស្នាក់នៅរបស់ខ្លួនវិញ ប៉ុន្តែមានពលរដ្ឋខ្លះត្រូវប្រឈមនឹងជីវភាពរស់នៅទីនោះ ដោយសារគ្មានប្រាក់ចាយវាយ និងគ្មានការងារធ្វើជាដើម។

ទោះបីជាយ៉ាងនេះក្តី នៅថ្ងៃច័ន្ទនេះ លោក ហ៊ុន សែន បានថ្លែងអំណរគុណដល់ ពលករជាង២០០ នាក់នៅម៉ាឡេស៊ី ដែលក្នុងនោះក៏មានកូនក្មួយអ្នកទោសចំនួន ៧៣នាក់ផងដែរ ដែលត្រូវបានផ្អាកការធ្វើដំណើរវិលត្រឡប់មកកម្ពុជាកាលពីពេលថ្មីៗក្នុងពេលដែលកម្ពុជា កំពុងដាក់បម្រាមតឹងរឹងក្នុងការធ្វើដំណើរ ដោយលោកថាជាវិធានការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។

លោកបន្តថា នៅពេលនេះបម្រាមការធ្វើដំណើរក្នុងប្រទេសក៏បានលើក ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអោយកូនក្មួយពលករខ្មែរជាង២០០នាក់អាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ ប៉ុន្តែស្ថិតនៅក្រោមលក្ខខណ្ឌដូចអ្វីដែលរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកនេះ។

លោក ហ៊ុន សែន ក៏បានប្រាប់ទៅពលរដ្ឋនៅម៉ាឡេស៊ីថា កុំឱ្យបារម្ភ ប្រសិនបើកូនក្មួយគ្មានជំងឺឆ្លងកូវីដ-១៩ទេ គឺកូនក្មួយអាចវិលត្រឡប់មកកម្ពុជាវិញបានក្នុងពេលឆាប់ៗនេះ។ ផ្ទុយពីនេះ បើខាងម៉ាឡេស៊ីពិនិត្យឃើញមានកូវីដ-១៩ទៅលើកូនក្មួយណា គឺត្រូវនៅសម្រាកព្យាបាលនៅទីនោះសិនរហូតដល់ជាសះស្បើយទើបអនុញ្ញាតឱ្យត្រឡប់មកកម្ពុជាវិញ ប៉ុន្តែត្រូវដាក់ឲ្យនៅដាច់ដោយឡែកចំនួន ១៤ថ្ងៃផងដែរ។

គិតមកត្រឹមថ្ងៃ២៧ មេសានេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩មានចំនួន១២២នាក់ ដោយក្នុងនោះមានអ្នកជំងឺ១១៩ នាក់ត្រូវបានព្យាបាលឱ្យជាសះស្បើយ នៅឡើយសល់៣នាក់ទៀត កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស