37 C
Phnom Penh

ពិភពលោកនៅតែរង់ចាំដំណឹងផ្លូវការពី បក្សពលករកូរ៉េខាងជើងអំពីលោកគីមជុងអ៊ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សេចក្ដីរាយការណ៍ ជាច្រើននៅតែបន្តមិនមានការចុះសម្រុងគ្នា អំពី ករណី វត្តមានរបស់មេដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន នៅទីសាធារណៈ។ សារព័ត៌មាន ភាគច្រើន នៅតែប្រកាន់វិជ្ជាជីវៈរបស់ខ្លួន ថា លោក គីមជុងអ៊ុន អាចនឹងគ្រោះថ្នាក់ដល់ជីវិតក្រោយពី គាត់បានវះកាត់ប្រព័ន្ធបេះដូង តែប្រភពព័ត៌មានខ្លះ ទៀត នៅតែបន្តផ្សាយថា មេដឹកនាំផ្ដាច់ការនៃប្រទេសកូរ៉េខាងជើង វ័យ ៣៦ឆ្នាំ រូបនេះមិនមានជំងឺធ្ងន់ធ្ងរអ្វីទេ ហើយក៏កំពុងមានសុខភាពល្អជាធម្មតាដែរ។

សារព័ត៌មាន ទាំងនោះ ច្រើនតែ ជាភ្នាក់ងារផ្លូវការរបស់ប្រទេសកូរ៉េខាងត្បូង និងប្រទេសចិន។ តែយ៉ាងណា លោកគីមជុងអ៊ុន មិនបានបង្ហាញខ្លួនជាសាធារណៈជាង២សប្ដាហ៍មកហើយ។ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងគ្រាន់តែចុះផ្សាយថា លោកជុងអ៊ុន កាលពីថ្ងៃទី២២មេសា បានបញ្ជូនលិខិត ទៅអរគុណ មេដឹកនាំផ្ដាច់ការនៃប្រទេសស៊ីរ៊ី ដែលបានផ្ញើលិខិតមក ចូលរួមរំលឹកខួប១០៨ឆ្នាំ នៃជីតារបស់លោក  គីមជុងអ៊ុន គឺលោកគីមអ៊ីលស៊ុង។

ជាមួយគ្នានេះ កាលពីថ្ងៃទី២៥ ខែមេសា មានលិខិតមួយ អះអាងថា ជាលិខិតរបស់លោកគីមជុងអ៊ុន បានផ្ញើទៅអរគុណកម្មករសំណង់ដែលស្ថាបនា ឆ្នេរសមុទ្រនៅខេត្ត Wonsan ភាគខាងកើតប្រទេសកូរ៉េខាងជើង ដែលសរសេរថា សំណង់ឆ្នេរសុំមុទ្របានក្លាយជាទីក្រុងឆ្នេរដ៏ទំនើប និងជាតំបន់ទាក់ទាញ ទេសចរណ៍។

ប៉ុន្តែ លោកគីមជុងអ៊ុន មិនបានមកចូលរួមផ្ទាល់ ក្នុងពិធីរំលឹកខួប កំណើតជីតា របស់លោក ដែលជាស្ថាបនិករដ្ឋកុម្មុយនិស្តកូរ៉េ កាលពីថ្ងៃទី១៥ មេសា និងព្រឹត្តិការណ៍រំលឹកខួបកំណើតកងទ័ពប្រជាជនកូរ៉េខាងជើងលើកទី៨៨ កាលពីថ្ងៃទី២៥ ខែមេសានោះទេ។  

គេកត់សំគាល់បានថា រាល់ព្រឹត្តិការណ៍បែបនេះ សម្រាប់លោកជុងអ៊ុន កម្រនឹង អវត្តមានណាស់។ តែអវត្តមានលើកទី២ របស់លោកកើតឡើងចំពេលដែលស្ថាប័នមានព័ត៌មាន ស៊ើបការណ៍ចុះផ្សាយថា លោកមានជំងឺបេះដូងធ្ងន់ធ្ងរហើយ ត្រូវធ្វើការវះកាត់ជាបន្ទាន់កាលពីថ្ងៃទី១២មេសា ហើយតាំងពីពេលនោះមក លោកគីមជុងអ៊ុន បានបាត់មុខជារៀងតហូត។

មកដល់ពេលនេះ សូម្បីតែរូបភាពផ្តិតយកសកម្មភាពរបស់លោក ដែលព័ត៌មានមួយចំនួន បានចុះផ្សាយថា មេដឹកនាំនៃប្រទេស ផលិតអាវុធនុយក្លេអ៊ែរ ប្រល័យលោកមួយនេះ នៅតែ ពុំមានឡើយ ។

ប៉ុន្តែលើកលែងតែមានការថតដោយប្រព័ន្ធផ្កាយរណបអាមេរិក បានបង្ហាភាពរូបភាពថ្មីមួយ កាលពីថ្ងៃទី២៣-២៤មេសា អំពីរថភ្លើង មួយខ្សែ ដែលលោកគីមជុងអ៊ុន ជិះប្រចាំត្រកូល ឃើញស្ថិតនៅខេតWonsan ភាគខាងកើតនៃប្រទេសកូរ៉េខាងជើងដែលជាខេត្តជាប់ឆ្នេរសមុទ្រហើយក្រៅពីនោះពុំមានរូបភាពផ្សេងទេ។

តែយ៉ាងណា លោកគីមធ្លាប់បាត់ខ្លួន ដូចនេះម្ដងកាលពីឆ្នាំ ២០១៤ រយៈពេល៦សប្ដាហ៍ ដែលកាលនោះ លោកមានជំងឺគ្រេច កជើងហើយសម្ងំព្យាបាលរហូតដល់លោកជាសះស្បើយ ហើយពេលនោះ ការបង្ហាញរូបរបស់លោកដោយដើរកាន់ឈើជ្រត់។ តែចំពោះការបាត់ខ្លួនរបស់លោកនៅពេលនេះគឺមិនដូចឆ្នាំ ២០១៤នោះទេ ព្រោះ លោក មានជំងឺបេះដូងជាប់នឹងខ្លួនរួចទៅហើយ។

យ៉ាងណា អំពីសុខភាព របស់លោកគីមគឺកាន់តែមានការចង់ដឹងជាខ្លាំងរបស់ ពិភពលោក។ ប្រទេសចិន ដែលជាចៅហ្វាយ ជិតស្និទ្ធនឹងរបបកុម្មុយនិស្តក្រុងព្យុះយ៉ាង នៅតពុំបានអះអាងថា លោក គីមជុងអ៊ុនមានសុខភាពធម្មតា ឬនៅ ទីណានោះទេ។ ក្រសួងការបទេសចិនតាមរយៈ អ្នកនាំពាក្យបានប្រកាសនៅថ្ងៃចន្ទទី២៧ ខែមេសានេះថា ចិន មិនមានព័ត៌មានក្នុងដៃណាមួយទាក់ទងនឹងលោកជុងអ៊ុនឡើយ។

អ្នកនាំពាក្យ Geng Shuang បានថ្លែងដូចនេះ នៅក្នុងសន្និសីទសារព័ត៌មាន របស់ក្រសួងការបរទេស។ លោកបានប្រាប់ថា ការពិតចិនបានបញ្ជូនគ្រូពេទ្យ ទៅកូរ៉េខាងជើងដើម្បីជួយ កូរ៉េខាងជើង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩។

យ៉ាងណា មានតែ បក្សពលករកូរ៉េខាងជើងមួយគត់ ដែលជាប្រភពផ្លូវការនៃប្រកាសដំណឹងអំពីលោកជុងអ៊ុន ទើបដឹងថាលោក ជុងអ៊ុននៅទីណា នៅរស់ ឬក៏បាត់ខ្លួនជារៀងរហូត៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស