38.8 C
Phnom Penh

ក្រសួងព័ត៌មានសម្រេចលុបចោលអាជ្ញាប័ណ្ណ សារព័ត៌មានអនឡាញមួយទៀត ក្រោយផ្សព្វផ្សាយព័ត៌មានខុសពីវិជ្ជាជីវៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងព័ត៌មានបានចេញប្រកាស លុបចោលអាជ្ញាប័ណ្ណរបស់គេហទំព័រសារព័ត៌មានមួយឈ្មោះ ចក្រវាឡធីវីអនឡាញ។

ការសម្រេចលុបចោលស្ថាប័នសារព័ត៌មានអនឡាញនេះ ក្រោយក្រសួងរកឃើញម្ចាស់អាជ្ញាប័ណ្ណ ចុះយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានរំលោភធ្ងន់ធ្ងរ ខាងផ្នែកវិជ្ជាជីវៈអ្នកសារព័ត៌មាន ដែលនាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងបំពានលើកិច្ចសន្យាជាមួយក្រសួងព័ត៌មាន។

ក្នុងសេចក្តីប្រកាសរបស់ក្រសួងព័ត៌មាននៅថ្ងៃច័ន្ទនេះ បានសម្រេចលុបចោលគេហទំព័រឈ្មោះ ចក្រវាឡ ធីវីអនឡាញ បន្ទាប់ពីរកឃើញថាស្ថាប័ននេះ បំពេញការងារដោយខុសវិជ្ជាជីវៈធ្ងន់ធ្ងរ និងរំលោភលើកិច្ចសន្យារបស់ក្រសួងផងដែរ។

កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ របស់ក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក ចាន់ ឫទ្ធី បើកគេហទំព័រឈ្មោះ ចក្រវាឡ ធីវីអនឡាញ។

នៅថ្ងៃនេះ ស្ថាប័នសារព័ត៌មានអនឡាញនេះ បានផ្សព្វផ្សាយពីករណីទំនាស់ដីធ្លីនៅក្នុងបុរីមួយកន្លែង ពាក់ព័ន្ធការសាងសង់បន្ថែមដោយបំពានច្បាប់ និងលិខិតអនុញ្ញាតរបស់ម្ចាស់បុរី។

ការផ្សាយព័ត៌មាននោះ រងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ត្បិតបុរសដែលរាយការណ៍ព័ត៌មាននោះ បង្ហាញពីឥរិយាបថមិនសមរម្យ ។

កាលពីថ្ងៃទី៧ខែមេសា ចាងហ្វាងសារព័ត៌មានអនឡាញ TVFB លោក សុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់លោកដកស្រង់សម្តីផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យកទៅផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់លោក។ សម្រង់សម្តីលោកហ៊ុន សែននោះលើកឡើងថា «បើអ្នករត់ម៉ូតូឌុបក្ស័យធន លក់ម៉ូតូចាយសិនទៅ រដ្ឋាភិបាលគ្មានលទ្ធភាពជួយនោះទេ»។ នេះ គឺជាសម្តីរបស់លោកដែលលើកឡើងពីព្រឹកថ្ងៃទី ៧ មេសា ក្នុងសន្និសីទកាសែតមួយ។

ក្រោយចាប់ខ្លួន លោក សុវណ្ណ រិទ្ធី ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ក៏បានសម្រេចលុបចោលអាជ្ញាប័ណ្ណស្ថាប័នគេហទំព័រអនឡាញនេះ ក្រោយរកឃើញថាផ្សព្វផ្សាយព័ត៌មានមានចេតនាញុះញង់ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់ធ្ងន់ធ្ងរ ដោយមិនអាចលើកលែងឱ្យបាន។

របាយការណ៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២០ ដែលចេញដោយអង្គការអ្នកកាសែតគ្មានព្រំដែនកាលពីពេលថ្មីៗនេះ  បានចាត់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានកម្ពុជានៅតែអាក្រក់ជាងគេដដែល ព្រោះកម្ពុជាទទួលបាន ១៤៤ លើ១៨០ដោយបន្តធ្លាក់មួយលេខបន្ថែមទៀត បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស