27 C
Phnom Penh

អាមេរិកផ្តល់ជំនួយជាង១លានដុល្លារទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលអាមេរិកនៅក្នុងសប្តាហ៍នេះសំរេចផ្តល់ថវិកាចំនួន ១លាន ៥ សែនដុល្លារ បន្ថែមទៀតសម្រាប់ជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។

តាំងពីពេលចាប់ផ្តើមនៃការផ្ទុះមេរោគរាតត្បាតនេះមក រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ជំនួយសរុបចំនួនជាង ៣លាន ៥សែន ដុល្លារ ដើម្បីទប់ទល់ការរាលដាលនៃជំងឺកូវីដ ១៩ នៅកម្ពុជា។ ជំនួយនេះ ដែលត្រូវបានផ្តល់តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID នឹងឧបត្ថម្ភដល់ផ្នែកទំនាក់ទំនងហានិភ័យ ការចូលរួមសហគមន៍ ការគ្រប់គ្រង ការពារការឆ្លង និងការគាំទ្រដល់មន្ទីរពិសោធន៍ ។

ឯកអគ្គរដ្ឋ លោក Patrick Murphy បានមានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាកាលពីម្សិលមម៉ិញថា ៖ ជំនួយនេះជាសញ្ញាបង្ហាញឲ្យឃើញអំពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏យូរអង្វែង ខាងផ្នែកសុខាភិបាល ជាមួយប្រទេសកម្ពុជា។ លោកបន្តថា ការយកឈ្នះបានលើមេរោគកូវីដ ១៩ គឺជាបញ្ហាប្រឈមជាសាកលមួយ ហើយសហរដ្ឋអាមេរិក កំពុងធ្វើការនៅក្នុងស្រុក និងនៅបរទេស ដើម្បីបញ្ឈប់ការរាលដាលនៃជំងឺនេះ។

លោក Patrick Murphy បន្តថារដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក មានប្រវត្តិដ៏យូរក្នុងការធ្វើការរួមគ្នា ជាដៃគូប្រកបដោយផលិតភាព និងប្រសិទ្ធភាព ក្នុងការពង្រឹងនូវប្រព័ន្ធសុខាភិបាលដោះស្រាយនូវជំងឺឆ្លងផ្សេងៗ និងលើកកម្ពស់សមិទ្ធផលសុខាភិបាល សម្រាប់ប្រជាជនកម្ពុជា នៅក្នុងតំបន់ និងលើពិភពលោក។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកឲ្យដឹងថា អស់រយៈពេលរាប់ទសវត្សរ៍មកហើយ ដែលសហរដ្ឋអាមេរិកគឺជាអ្នកផ្តល់ជំនួយទ្វេភាគី ក្នុងវិស័យសុខភាពសាធារណៈ ធំជាងគេ នៅក្នុងពិភពលោក។ ជំងឺឆ្លង គំរាមកំហែងនៅកន្លែងណាមួយហើយ អាចគំរាមកំហែងដល់គ្រប់កន្លែងទាំងអស់។ ជាងនេះទៅទៀតសហរដ្ឋអាមេរិក អំពាវនាវដល់ម្ចាស់ជំនួយទាំងអស់ត្រូវចូលរួម និងរួមចំណែកដល់ការខិតខំជាសាកល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស