27 C
Phnom Penh

លោក ហ៊ុន សែន អះអាងថា អត្រាពលរដ្ឋគ្មានការងារធ្វើស្ទើរតែគ្មាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន អះអាងថា អត្រាពលរដ្ឋកម្ពុជាគ្មានការងារធ្វើ ស្ទើរតែគ្មាន ពោលគឺអត្រាពលរដ្ឋមានការងារធ្វើចំនួន ៩៩.៧% នៃកម្លាំងពលកម្មសរុបចំនួន១០លាននាក់។

ក្នុងលិខិតអបអរខួបអនុស្សាវរីយ៍ លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០របស់លោក ហ៊ុន សែន ដែលចេញផ្សាយនៅថ្ងៃនេះ បញ្ជាក់ថា អត្រាមានការងារធ្វើ៩៩.៧% នៃកម្លាំងពលកម្មសរុប១០លាននាក់ រួមមានកម្លាំងពលកម្មការងារក្នុងប្រទេសមានចំនួនជាង៣លាននាក់(៣.៦៩លាននាក់) ដូចជាផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធមានចំនួនជាង១លាន៥សែននាក់និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានប្រមាណ២លាន២សែននាក់។ 

លោក ហ៊ុន សែន បន្ថែមទៀតថា ចំណែកវិស័យកសិកម្មមានចំនួនប្រមាណ ៤លាននាក់ ដោយឡែកមន្ត្រីសាធារណៈចំនួន៥០ម៉ឺននាក់ និងពលករ ដែលធ្វើការនៅក្រៅប្រទេស ចំនួនជាង១លាន២សែន   នាក់។

យ៉ាងនេះក្តី ក្រុមអ្នកឃ្លាំមើលយល់ឃើញថាពលរដ្ឋខ្មែរនៅតែមិនទាន់អាចមានលំនឹងសេដ្ឋកិច្ច ឬការងាររបស់ខ្លួននៅឡើយទេ។ បន្ថែមពីនេះ ចំនួនពលរដ្ឋចំណាកស្រុកទៅក្រៅប្រទេសទាំងខុសច្បាប់និងស្របច្បាប់ នៅតែស្ថិតក្នុងចំនួនច្រើនលើសលប់ ដែលធ្វើឱ្យកម្ពុជាបាត់បង់កម្លាំងពលកម្មក្នុងស្រុក។

បញ្ហានេះបង្ហាញថា រដ្ឋាភិបាលកម្ពុជានៅពុំទាន់មានសមត្ថភាពគ្រប់គ្រងក្នុងការបង្កើតការងារឬមុខរបរ ឱ្យពលរដ្ឋមានប្រាក់ចំណូលសមរម្យក្នុងប្រទេស ដោយមិនចាំបាច់ចំណាកស្រុកឆ្ងាយពីគ្រួសារនោះឡើយ។

ដោយឡែកវិស័យកសិកម្មវិញ ពលរដ្ឋក៏ចាប់ផ្តើមបោះបង់មុខរបរនេះជាបន្តបន្ទាប់ ដោយទុកដីទំនេរចោល ហើយនាំគ្នាធ្វើចំណាកស្រុក ត្បិតតម្លៃកសិផលគ្មានស្ថេរភាព ពោលគឺរស់ពឹងផ្អែកដង្ហើមទីផ្សារប្រទេសជិតខាង ពិសេសវៀតណាម និងថៃ ដែលធ្វើកម្ពុជាងាយនឹងរងគ្រោះនៅពេលប្រទេសទាំងនេះមានបញ្ហាសេដ្ឋកិច្ចឬ បិទព្រំដែនជាមួយកម្ពុជា។

ជាក់ស្តែង វិបត្តិជំងឺកូវីដ១៩ បានធ្វើឱ្យកម្មករ នៅក្នុងប្រទេសកម្ពុជាទាំងវិស័យក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធរាប់ម៉ឺននាក់ បាត់បង់ការងារធ្វើ ខណៈប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន ធ្លាប់អះអាងថា រដ្ឋាភិបាលលោកគ្មានលទ្ធភាពជួយដល់ពលរដ្ឋដែលប្រកបរបរក្រៅប្រព័ន្ធក្នុងស្ថានភាពគ្មានប្រាក់ចំណូលនេះទេនោះ។

អ្វីដែលសំខាន់ទៀតនោះ ពលករខ្មែរនៅក្រៅប្រទេស ពិសេសប្រទេសថៃ ក៏បានសម្រុកមកកម្ពុជាប្រមាណ១០ម៉ឺននាក់ ហើយពួកគេក៏កំពុងប្រឈមវិបត្តិគ្មានការងារធ្វើ និងគ្មានប្រាក់ចំណូល ដែលបង្ខំចិត្តឱ្យពួកគេខ្លះត្រឡប់ទៅស្រុកថៃទាំងប្រថុយប្រថានវិញ ដើម្បីស្វែងរកការងារធ្វើនៅទីនោះ ត្បិតដឹងថាបើបន្តនៅកម្ពុជាក៏ពិបាករស់ដែរ៕ 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស