26 C
Phnom Penh

សមត្ថកិច្ចថៃចាប់ខ្លួនពលរដ្ឋខ្មែរជាបន្តបន្ទាប់ ក្រោយឆ្លងដែនខុសច្បាប់ទៅស្វែងរកការងារនៅស្រុកថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរថៃបានឃាត់ខ្លួនពលរដ្ឋខ្មែរ ជាបន្តបន្ទាប់ ដោយរកឃើញថាពួកគេទាំងនោះបានឆ្លងដែនចូលស្រុកថៃដោយខុសច្បាប់ ក្នុងគោលបំណងទៅធ្វើការងារនៅប្រទេសថៃ។

ពលរដ្ឋខ្មែរមួយរូបដែលអះអាងថាខ្លួនជាពលករនៅស្រុកថៃ លោក ប្រាក់ ភក្ត្រា បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកកាលពី ម្សិលមិញថា ពីរថ្ងៃជាប់គ្នាមកហើយ គឺថ្ងៃទី ២៦ និង២៧ មេសា សមត្ថកិច្ចថៃ បានចាប់ខ្លួនពលករខ្មែរ ចំណាកស្រុកទៅធ្វើការងារនៅប្រទេសនេះដោយខុសច្បាប់ចំនួនជិត៤០នាក់(៣៨នាក់)។

លោកថា កាលពីថ្ងៃទី ២៦មេសា ពលករខ្មែរប្រុសស្រីចំនួន១៣នាក់ ដែលធ្វើចំណាកស្រុកខុសច្បាប់ចូលមកស្វែងរកការងារក្នុងប្រទេសថៃ ត្រូវកម្លាំងសមត្ថកិច្ចការពារព្រំដែនថៃឃាត់ខ្លួន បន្ទាប់ពីពលករខ្មែរទាំងអស់នោះ ជួលឲ្យមេខ្យល់ខ្មែរនាំឆ្លងដែនចូលប្រទេសថៃតាមច្រករបៀង ស្ថិតក្នុងស្រុកអារញ្ញយ៉ាប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។

មួយថ្ងៃបន្ទាប់ សមត្ថកិច្ចព្រំដែនខេត្តស្រះកែវ ប្រទេសថៃ ក៏បានឃាត់ខ្លួនពលរដ្ឋខ្មែរប្រុសស្រីចំនួន ២៥នាក់ទៀត ខណៈពេលដែលពួកគេទាំងនោះបានឆ្លងដែនខុសច្បាប់ចូលមកស្វែងរកការងារធ្វើក្នុងប្រទេសថៃ ដូចគ្នាដែរ។ ប្រភពដដែលបញ្ជាក់ថា ពលរដ្ឋខ្មែរទាំងអស់នោះ ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋានប៉ុស្តិ៍ខ្លងឡឹក ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ឬ ធ្វើសំណុំឯកសារបញ្ជូនពួកគេត្រឡប់មកកម្ពុជាវិញ។

លោកឱ្យដឹងថា ពលរដ្ឋខ្មែរទាំងនោះ បានចំណាយប្រាក់អោយមេខ្យល់ក្នុងម្នាក់២ពាន់បាតឬ ជាង២០ម៉ឺនរៀល ដោយមានរថយន្តខាងថៃចាំដឹកពួកគេយកទៅដាក់កន្លែងកន្លែងធ្វើការដូចជាខេត្ដឈុនបុរី ខេត្តសាមុតសាខន និងទីក្រុងបាងកកជាដើម ។

ការលួចឆ្លងដែលវិលទៅរកការងារធ្វើនៅស្រុកថៃពេលនេះ បន្ទាប់ពីមានចលនាវិលត្រឡប់ពីថៃ មកកម្ពុជាពីសំណាកពលករខ្មែរ មុនពិធីបុណ្យចូលឆ្នាំ ដែលមានចំនួនពលកររាប់ម៉ឺននាក់ ខណៈដែលភាគីថៃបានប្រកាសបិទព្រំដែនជាមួយកម្ពុជា ដើម្បីជាវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

កាលពីថ្ងៃទី ២២ មេសា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជាក់ថាពលករខ្មែរដែលវិលត្រឡប់ពីថៃ មុនពេលបុណ្យចូលឆ្នាំ មានចំនួនជាង៨ម៉ឺន៥ពាន់នាក់។

លោកអះអាងថា ក្នុងចំណោមពលករជាង៨ម៉ឺននាក់នោះ ភាគច្រើនពួកគេអាចអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។  លោកថាពលករខ្មែរទាំងនោះរំពឹងត្រឡប់ទៅធ្វើការងារនៅស្រុកថៃវិញក្រោយចប់បុណ្យចូលឆ្នាំ ប៉ុន្តែប្រទេសទាំងពីរបានរឹតបន្តឹងការឆ្លងកាត់តាមព្រំដែន ពិសេសថៃកំពុងរាតត្បាតជំងកូវីដ១៩ ក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ រហូតដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយមិនទាន់កំណត់ពេលបើកវិញនៅឡើយ។

សង្គមស៊ីវិល ធ្លាប់លើកឡើងថា រដ្ឋាភិបាលគប្បីបញ្ចេញកញ្ចប់ថវិកាជាតិ និងបែងចែកឱ្យបានច្បាស់លាស់ដើម្បីជួយដោះស្រាយបញ្ហាចំពោះមុខរបស់ពលករ និងកម្មករដែលបាត់បង់ការងារធ្វើ និងបាត់បង់ប្រាក់ចំណូលនៅពេលនេះ។ លើសពីនេះ ផែនការរយៈពេលវែង រដ្ឋក៏ត្រូវគិតគូរបង្កើតការងារឬ មុខរបរក្នុងស្រុកផងដែរ។ 

ពួកគេយល់ថា ប្រសិនបើស្ថានភាពជំងឺកូវីដ១៩ នៅបន្តអូសបន្លាយឬ កាន់តែអាក្រក់ជាងនេះ ពលរដ្ឋខ្មែរដែលមានការងារ និងគ្មានចំណូលនឹងបង្ខំចិត្តចំណាកស្រុកទៅក្រៅប្រទេសដោយប្រថុយប្រថាន ។ រីឯពលករខ្មែរយ៉ាងច្រើនដែលនៅស្រុកថៃ នឹងបង្ខំចិត្តរត់មកកម្ពុជា ព្រោះពួកគេគ្មានការងារធ្វើ និងគ្មានប្រាក់ចំណូល នៅពេលស្ថានភាពប្រទេសថៃកាន់តែអាក្រក់ជាងនេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស