30 C
Phnom Penh

គណៈសង្ឃនាយកនៅកម្ពុជាប្រតិកម្មនឹងការបង្រៀនតាមអនឡាញរបស់ក្រុមហ៊ុន E-School Cambodia

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈសង្ឃនាយកកម្ពុជា ស្នើទៅក្រសួងអប់រំឱ្យធ្វើការណែនាំសាស្ត្រាចារ្យមួយរូបដែលផ្ដល់ការអប់រំតាមអនឡាញនៅ E-School Cambodia ដោយថា ការបង្រៀនរបស់សាស្ត្រាចារ្យរូបនេះ បានធ្វើឱ្យប៉ះពាល់តម្លៃព្រះសង្ឃគណៈមហានិកាយយ៉ាង«ធ្ងន់ធ្ងរ»។

កាលពីម្សិលម៉ិញគណៈសង្ឃនាយកកម្ពុជា បានលើកឡើងថា លោក ឡុង សារិន ដែលបង្រៀនតាមអនឡាញដល់សិស្សានុសិស្ស ដោយប្រៀបធៀបរវាងព្រះសង្ឃគណៈមហានិកាយ និងព្រះសង្ឃគណៈធម្មយុត្តិកនិកាយ ដោយបន្តុះបង្អាប់ម្ខាង ហើយលើកម្ខាងទៀត ដោយគណៈសង្ឃថា ផ្ទុយទៅនឹងភាពពិតជាក់ស្ដែងនាពេលបច្ចុប្បន្ន។

លិខិតគណៈសង្ឃនាយក បញ្ជាក់ថា ចំណុចដែលសាស្ត្រាចារ្យរូបនេះប្រៀបធៀប ដោយលើកឧទាហរណ៍នោះ ព្រះសង្ឃគណៈធម្មយុត្តិកនិកាយប្រព្រឹត្តវិន័យតឹងរ៉ឹងដូចលោកធុតង្គ មិនកាន់លុយទោះក្នុងសម័យគេមានលុយ មិនប្រើទូរសព្ទ និងមិនពាក់ស្បែកជើងជាដើម។ 

គណៈសង្ឃនាយក ចាត់ទុកការបង្រៀនរបស់លោក ឡុង សារិន ត្រង់ចំណុចប្រៀបធៀបព្រះសង្ឃទាំងពីរគណៈគ្មានមូលដ្ឋានពិតប្រាកដ ខ្វះសុចរិតភាព ខ្វះការស្រាវជ្រាវស៊ីជម្រៅ គ្មានវិជ្ជាជីវៈជាគ្រូបង្រៀន គ្មានយុត្តិធម៌ គ្មានសច្ចធម៌ ហៅការបង្រៀនរបស់សាស្ត្រាចារ្យរូបនេះថា ជាការសន្និដ្ឋានខុសពីស្ថានភាពពិត និងផ្ទុយពីគោលការណ៍របស់រដ្ឋាភិបាលស្ដីពីសុខដុមនីយកម្មសាសនា ដែលគណៈសង្ឃមហានិកាយពុំអាចទទួលយកបាន។

ក្រុមហ៊ុន E-School Cambodia បានបំភ្លឺតាមលិខិតកាលពីថ្ងៃម្សិលមិញថា លោក ឡុង សារិន បង្រៀនលើមុខវិជ្ជាតែងសេចក្ដី ពន្យល់អំពីមតិផ្ទុយ និងមតិស្រប ប៉ុណ្ណោះ។ ក្រុមហ៊ុននេះបញ្ជាក់ថា អត្ថន័យដែលលោក ឡុង សារិន បង្រៀនរួចហើយនោះ មិនបានលើកអ្វីក្នុងន័យបន្តុះបង្អាប់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋនោះទេ។ ផ្ទុយទៅវិញ លោកចង់លើកតម្កើងក្រើនរំលឹកជ្រោមជ្រែងព្រះពុទ្ធសាសនាឱ្យបានរឹងមាំ។

គណៈសង្ឃនាយកស្នើទៅក្រសួងអប់រំឱ្យធ្វើការណែនាំសាស្ត្រាចារ្យ ឡុង សារិន ដែលបង្រៀននៅក្រុមហ៊ុន E-School Cambodia ឱ្យកែតម្រូវការបង្រៀនរបស់ខ្លួនត្រង់ចំណុចប្រៀបធៀប និងចេញសុំទោសព្រះសង្ឃ និងពុទ្ធបរិស័ទជាសាធារណៈ។

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃពុធនេះ បានចេញលិខិតឆ្លើយតបនឹងការស្នើសុំរបស់គណៈសង្ឃនាយកថា ក្រសួងនឹងលុបចេញ និងកែវីដេអូបង្រៀននៅត្រង់មេរៀននេះឡើងវិញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស