សហជីពបានស្នើទៅកាន់តែរដ្ឋាភិបាល ក្នុងឱកាសទិវាពលកម្មអន្តរជាតិ១ ឧសភា លើកទី ១៣៤ ឱ្យតម្លើងប្រាក់ឧបត្ថម្ភពី៧០ដុល្លារ ទៅ១២០ដុល្លារ សម្រាប់កម្មករ និយោជិតវិស័យកាត់ដេរ និងផ្តល់ប្រាក់ឧបត្ថម្ភ១២០ដុល្លារ សេវាកម្មសណ្ឋាគារ កាស៊ីណូ ក្លឹបកម្សាន្ត ខារ៉ាអូខេ វិស័យសំណង់ និងវិស័យផ្សេងៗទៀត។
ក្នុងសេចក្តីថ្លែងការណ៍របស់សហភាពសហជីពកម្ពុជា របស់លោក រ៉ុង ឈុន ក្នុងឱ្យកាសទិវាពលកម្មអន្តរជាតិ១ ឧសភានេះ បានស្នើទៅរដ្ឋាភិបាលជាច្រើនចំណុច ដោយចាប់ផ្តើមពីការបញ្ចេញកញ្ចប់ថវិកាជាតិ ជួយដល់កម្មករនិយោជិត បុគ្គលិកគ្រប់វិស័យ ដែលមានចំនួនរាប់សែននាក់បានបាត់បង់ការងារធ្វើដោយសារវិបត្តិកូវីដ១៩។
សេចក្តីថ្លែងការណ៍ដដែលមើលឃើញថា វិបត្តិគ្មានការងារធ្វើ បានបណ្តាលឱ្យកម្មករនិយោជិតទាំងនោះ បាត់បង់ប្រាក់ចំណូល ដែលធ្វើឱ្យពួកគេប្រឈមក្នុងជីវភាពគ្រួសារ ពិសេសគ្មានប្រាក់ដោះបំណុលធនាគារជាដើម។
សហភាពសហជីពកម្ពុជា ក៏បានស្នើឱ្យរដ្ឋាភិបាលអន្តរាគមន៍ទៅគ្រឹះស្ថានហិរញ្ញវត្ថុឬ ធនាគារទាំងអស់ ដោយត្រូវពន្យារពេល៦ខែ ក្នុងការសងទាំងប្រាក់ដើម និងការប្រាក់ ចំពោះកម្មករ និងពលរដ្ឋ។ បន្ថែមពីនេះ ត្រូវជំរុញទៅនិយោជកឱ្យគោរពច្បាប់ និងទទួលខុសត្រូវចំពោះកម្មករនិយោជិត ចំពោះការព្យួរកិច្ចសន្យាការងារឬ រោងចក្របិទទ្វា។
សហជីពនេះក៏បានស្នើឱ្យរដ្ឋាភិបាលអន្តរាគមន៍ដោះលែង ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី ជុំវិញសំណុំរឿងផលិតវីដេអូឯកសាររឿង ម្តាយខ្ញុំលក់ខ្ញុំ ឱ្យទូរទស្សន៍រុស្ស៊ី។
លើសពីនេះ ត្រូវដោះលែង គ្រូបង្រៀនពីររូប រួមមានលោក កែវ ថៃ នៅខេត្តកំពង់ឆ្នាំង និងលោក ជុំ ចាន់ នៅខេត្តព្រៃវែង ដែលត្រូវបានចាប់ខ្លួនកាលពីខែមីនា និងខែមេសាពាក់ព័ន្ធនឹងការបញ្ចេញមតិរឿងកូវីដ១៩ និង ការបង្រៀនគួរតាមអនឡាញ ស្របតាមគោលការណ៍ក្រសួងអប់រំនោះ ឱ្យមានសេរីភាពវិញ ព្រោះពួកគេមិនបានប្រព្រឹត្តិដូចការចោទប្រកាន់នោះឡើយ ហើយការចាប់និងបន្តឃុំខ្លួនពួកគេគឺជារឿងអយុត្តិធម៌។
យ៉ាងនេះក្តី លោក ហ៊ុន សែន បានប្រកាសពីគោលនយោបាយជួយ ដល់កម្មករវិស័យវាយនភណ្ឌកាត់ដេរកម្ពុជា ដែលបាត់បង់ការងារធ្វើ ដោយសាររោងចក្រព្យួរការងារនោះ ត្រូវទទួលបានប្រាក់ឧបត្ថម្ភ ៧០ដុល្លារ ឬស្មើប្រមាណ៣៦ភាគរយ ដោយ៣០ដុល្លារជាបន្ទុករបស់ថៅកែ និង៤០ដុល្លារជាបន្ទុករបស់រដ្ឋ។
ការប្រកាសឧបត្ថម្ភប្រាក់៧០ ដុល្លារនេះ ក្រោយពេលលោកបរាជ័យក្នុងការអនុវត្តគោលនយោបាយជួយដល់កម្មករ ដែលធ្លាប់ប្រកាសក្តែងៗថា កម្មករបាត់បង់ការងារធ្វើ នឹងទទួលបានប្រាក់៦០% ដោយថៅកែចេញ៤០% ហើយរដ្ឋចេញ២០ភាគរយ ប៉ុន្តែតំណាងថៅកែបានអះអាងថាពួកគេគ្មានលទ្ធភាពផ្តល់ប្រាក់៤០ភាគរយជូនកម្មករនោះឡើយ។
អតីតប្រធានគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសលោក សម រង្ស៊ី ធ្លាប់ផ្តល់ជាយោបល់ដោយជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន យកជំនួយឥតសំណងរបស់សហភាពអឺរ៉ុបដែលមានចំនួនជាង៦០លានដុល្លារសហរដ្ឋអាមេរិកនោះ ទៅបែងចែកផ្តល់ឲ្យកម្មករដែលបាត់បង់ការងារធ្វើបានចំនួន ២សែននាក់ ដោយម្នាក់ទទួលបាន ៥០ដុល្លារ ក្នុងរយៈពេល ៦ ខែ បន្ថែមពីលើប្រាក់ឧបត្ថម្ភដែលមានស្រាប់ចំនួន៧០ដុល្លារ ដែលធ្វើឱ្យប្រាក់ឧបត្ថម្ភសម្រាប់កម្មករម្នាក់នឹងឡើងដល់១២០ដុល្លារក្នុងមួយខែ។ លោក សម រង្ស៊ី មើលឃើញថាការសម្រេចផ្តល់ឲ្យកម្មករ ដែលបាត់បង់ការងារ ម្នាក់ ៧០ ដុល្លារក្នុងមួយខែនោះ គឺ មិនអាចធានាជីវភាពរស់នៅរបស់កម្មករ នោះឡើយ។
ក្នុងលិខិតអបអរខួបអនុស្សាវរីយ៍ លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ របស់លោក ហ៊ុន សែន បញ្ជាក់ថា អត្រាពលរដ្ឋមានការងារធ្វើមានចំនួន ៩៩.៧% នៃកម្លាំងពលកម្មសរុប១០លាននាក់ បើទោះពីជាកន្លងមកអត្រាមានការងារធ្វើនេះរងការរិះគន់ពីមហាជនមួយចំនួន ព្រោះពលករដ្ឋកម្ពុជានៅតែនាំគ្នា ចំណាកស្រុកទៅធ្វើការងារនៅក្រៅប្រទេសទាំងខុសច្បាប់ និងស្របច្បាប់ប្រៀបបានដូចទឹកបាក់ទំនប់ ដែលបង្ហាញថារដ្ឋអំណាចនៅតែ អសមត្ថភាពក្នុងការបង្កើតការងារក្នុងស្រុក ដែលមានប្រាក់ខែសមរម្យជូនពលរដ្ឋ៕