40.9 C
Phnom Penh

អ្នកវិភាគថា រដ្ឋាភិបាលបាត់បង់សមត្ថភាពក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចជូនពលរដ្ឋ ក្នុងស្ថានភាពវិបត្តិកូវីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគដែលកំពុងរស់នៅក្រៅប្រទេស លើកឡើងថា រដ្ឋាភិបាលលោកហ៊ុន បានបាត់បង់សមត្ថភាពក្នុងការរៀបចំផែនការសេដ្ឋកិច្ចដោះស្រាយបញ្ហាប្រឈមរបស់កម្មករ ពលករ និងពលរដ្ឋទូទៅ ក្នុងស្ថានភាពជំងឺឆ្លងកូវីដ១៩។

អ្នកវិភាគនយោបាយលោក គឹម សុខ មានប្រសាសន៍ថា ការបាត់បង់សមត្ថភាពឬ គ្មានសមត្ថភាពជួយពលរដ្ឋក្នុងស្ថានភាពនេះ ត្រូវបានប្រកាសដំបូងដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក្នុងពេលពលករខ្មែរយ៉ាងច្រើនបានសម្រុកមកពីប្រទេសថៃ មុនបុណ្យចូលឆ្នាំថ្មី។

ពេលនេះ លោក ស ខេង បានសារភាពថារដ្ឋាភិបាលរបស់លោកគ្មានលទ្ធភាពពិនិត្យសុខភាពពលករខ្មែរ ដែលត្រឡប់មកពីថៃនោះដែរ ម្យ៉ាងរដ្ឋាភិបាលលោកហ៊ុន សែន ក៏គ្មានលទ្ធភាពដាក់ពលរដ្ឋឱ្យនៅដាច់ដោយឡែកនោះដែរ ព្រោះត្រូវចំណាយច្រើន។

លោក គឹម សុខ បន្តថា ក្រៅពីនេះ ទិន្នន័យជំនួយផ្សេងៗ ដែលលោកហ៊ុន សែន អះអាងកន្លងមកនោះ មានតែនៅលើបញ្ជីប៉ុណ្ណោះ ខណៈដែលថវិកាសម្រាប់បើកប្រាក់ខែជូនមន្ត្រីរាជការក៏នឹងក្លាយជាវិបត្តិធំបាត់ទៅហើយ ប្រសិនបើជំងឺកូវីដ១៩ អាចបន្តអូសបន្លាយរហូតដល់បំណាច់ឆ្នាំ២០២០នេះ។

លោកបន្តថា រដ្ឋាភិបាលលោកហ៊ុន សែន មិនមានលទ្ធភាពសម្រាប់ឧបត្ថម្ភពលរដ្ឋ ពិសេសពលករ កម្មករទាំងក្នុងនិងក្រៅប្រព័ន្ធ ដែលបានបាត់បង់ការងារធ្វើ និងមិនមានលទ្ធភាពស្តារសេដ្ឋកិច្ចដែលរងគ្រោះដោយសារវិបត្តិកូវីដ១៩ ក្នុងរយៈពេលខ្លីទៅមុខទៀតនោះទេ។

ជាមួយគ្នានេះ លោកថា មកទល់ពេលបច្ចុប្បន្នទៅហើយក្តី រដ្ឋាភិបាលលោកហ៊ុន សែន ប្រហែលមិនទាន់មានស្ថិតិអំពីចំនួននៃផលប៉ះពាល់របស់កម្មករ ពលករ កសិករ ព្រមទាំងពលរដ្ឋដែលប្រកបមុខរបរក្រៅប្រព័ន្ធនៅឡើយផង។ ទាំងនេះ លោកថាជាបញ្ហាលំបាកក្នុងការដោះស្រាយ បើទោះបីជារដ្ឋាភិបាលនេះមានលទ្ធភាពជួយក្តី ប៉ុន្តែកម្ពុជានៅតែមានភាពស្មុគស្មាញពាក់ព័ន្ធអំពើពុករលួយ បក្ខពួកនិយមជាដើម។ 

កាលពីថ្ងៃទី២២មេសា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងថា ពលករដែលត្រឡប់មកពីក្រៅប្រទេស ពិសេសប្រទេសថៃ ជាង៨ម៉ឺន៥ពាន់នាក់ ភាគច្រើនគឺពួកគេអាចដោះស្រាយជីវភាពគ្រួសារបានតែរយៈពេលខ្លីប៉ុណ្ណោះ។

ការលើកឡើងនេះ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុក ក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩នៅក្រសួងមហាផ្ទៃ ។

លោកបន្ថែមថា ពលករខ្មែរទាំងនោះរំពឹងត្រឡប់ទៅធ្វើការងារនៅស្រុកថៃវិញក្រោយចប់បុណ្យចូលឆ្នាំរួច ប៉ុន្តែវាជារឿងពិបាក ព្រោះប្រទេសទាំងពីរបានរឹតបន្តឹងការឆ្លងកាត់តាមព្រំដែន ពិសេសថៃកំពុងរាតត្បាតជំងកូវីដ១៩ ក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ រហូតដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយមិនទាន់កំណត់ពេលបើកវិញនៅឡើយ។

ក្រៅពីវិបត្តិពលករទាំងនេះ អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ កាលពីថ្ងៃទី ២៧ មេសា អះអាងថាមានកម្មករក្នុងវិស័យវាយនភណ្ឌកាត់ដេរនៅកម្ពុជាប្រមាណ១០ម៉ឺននាក់ទៀត បានបាត់បង់ការងារធ្វើ ក្រោយពេលរោងចក្រសហគ្រាសជាង១៣០ បានព្យួរការងារ។

ជាងនេះទៀត តាំងពីជំងឺកូវីដ១៩រាតត្បាតមក មានអាជីវកម្មក្នុងវិស័យជាច្រើន ដូចជាវិស័យទេសចរណ៍ វិស័យសេវាកម្មកម្សាន្ត រួមមានបៀហ្គាឌិន ក្លឹប ខារ៉ាអូខេ រោងភាពយន្ត កាស៊ីណូ ដែលមានបុគ្គលិករាប់ម៉ឺននាក់ទៀត ក៏កំពុងជួបវិបត្តិគ្មានការងារធ្វើ គ្មានប្រាក់ចំណូលផងដែរ ហើយចំណែកវិស័យកសិកម្មវិញ កសិករក៏ជួបបញ្ហាប្រឈមដែរ។ ឧទាហរណ៍ផ្លែស្វាយកែវរមៀតរបស់កសិករនៅតំបន់ជាច្រើន កំពុងរកទីផ្សារលក់មិនបាន ហើយបើលក់ចេញវិញគឺមានតម្លៃថោកហួសហេតុជាដើម។ តារាងបញ្ជីឈ្មោះសប្បុរសជន និងមន្ត្រីរាជការដែលបរិច្ចាកប្រាក់បៀវត្សរ៍ គិតមកដល់ចុងខែមេសា មានចំនួនជាង២០លានដុល្លារអាមេរិក។  

ក្រៅពីនេះ រដ្ឋាភិបាលលោកហ៊ុន សែន កាលពីថ្ងៃទី ២០ មេសា  ទើបទទួលបានជំនួសឥតសំណងពីសហភាពអឺរ៉ុបចំនួន៥៦លានអឺរ៉ូ ឬស្មើនឹង៦០លានដុល្លារអាមេរិកសម្រាប់ជួយដល់កម្ពុជាលើវិស័យគាំពារសង្គម និងស្ដារសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ១៩ ផងដែរ។

លោកហ៊ុន សែន ខ្លួនឯង ក៏បានអះអាងកន្លងមកហើយថារដ្ឋាភិបាលលោកបានត្រៀមថវិកាបម្រុងទុកសម្រាប់ទប់ទល់ស្ថានភាពសេដ្ឋកិច្ចដែលប៉ះពាល់ដោយជំងឺកូវីដ១៩ ចន្លោះពី៨០០លាន ទៅ២០០០លានដុល្លារអាមេរិក។ ប៉ុន្តែមកទល់ពេលនេះ ថវិកាបម្រុងនោះរដ្ឋាភិបាលលោកហ៊ុន សែន នៅមិនទាន់បង្ហាញខ្ទង់ចំណាយជាក់លាក់នោះឡើយ។

អ្នកវិភាគដដែល មើលឃើញថាវិបត្តិនៅកម្ពុជាបច្ចុប្បន្នគឺ គ្មានលុយបម្រុងសម្រាប់ស្តារសេដ្ឋកិច្ចជាតិឡើងវិញ។ លោកបន្តថា ដើម្បីដោះស្រាយបញ្ហានានា ពិសេសដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិ គេត្រូវគិតដល់យុទ្ធសាស្ត្ររកលុយជាមុន ប៉ុន្តែមិនមែនជាយុទ្ធសាស្ត្ររ៉ៃអង្គាសប្រាក់ពីពលរដ្ឋ ឬ ប៉ះមាត់ពង្រាត់ពីក របស់មន្ត្រីរាជការ ដូចរដ្ឋាភិបាលបានធ្វើបច្ចុប្បន្ននោះឡើយ។  

លោក គឹម សុខ ផ្តល់ជាយោបល់ថាវិធី ឬយុទ្ធសាស្ត្រដើម្បីរកលុយជួយជាតិបាន គឺមានតែខ្ចីបុលពីគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិធំៗ ប៉ុណ្ណោះ ហើយការខ្ចីលុយគេបានគឺ ទាល់តែកម្ពុជាដោះស្រាយវិបត្តិនយោបាយដែលកំពុងតែចងក ជាតិដូចសព្វថ្ងៃនេះជាមុនសិន។

បន្ថែមពីនេះ ត្រូវរៀបចំផែនការឱ្យបានច្បាស់លាស់ មានតម្លាភាព ទៅតាមជំនាញ ដោយចាប់ផ្តើមពីកម្ចីក្នុងការស្តារវិស័យកសិកម្ម ការចិញ្ចឹមសត្វ ដាំបន្លែ ផ្លែឈើ។ ការពង្រឹងវិស័យកែច្នៃស្បៀងអាហារ កសិឧស្សាហ៍កម្ម ព្រមទាំងរៀបចំវិស័យទេសចរណ៍ និងសេវាកម្ម រហូតដល់ផែនការតម្លាភាពក្នុងការអភិវឌ្ឍន៍វិស័យវាយនភណ្ឌជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស