38.1 C
Phnom Penh

GMAC ព្រមានថាកម្មករប្រមាណ២០ម៉ឺននាក់នឹងបាត់បង់ការងារនៅពេលខាងមុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគមរោងចក្រកាត់ដេរកម្ពុជាហៅកាត់ថា GMAC បានអះអាងថាក្នុងពេលឆាប់ៗ ខាងមុខ កម្មករនិយោជិតវិស័យវាយនភណ្ឌកាត់ដេរ ដែលនឹងត្រូវព្យួរការងារនឹងឡើងដល់ប្រមាណ២០ម៉ឺននាក់។

GMAC បញ្ជាក់ថាគិតត្រឹមថ្ងៃទី៤ ខែឧសភា នេះ មានរោងចក្រ១៨០ហើយ ដែលបានព្យួរការងាររបស់ខ្លួន ហើយមានរោងចក្រ៦០ទៀត គ្រោងនឹងព្យួរការងារ ឬបិទទ្វារោងចក្រក្នុងពេលឆាប់ៗនេះ ដែលធ្វើឱ្យកម្មករនិយោជិត១៥ម៉ឺននាក់ ត្រូវព្យួរការងារដោយមិនដឹងប្រាកដថាពួកគេនឹងអាចបន្តការងារវិញនៅពេលណា។

ក្នុងលិខិតអំពាវនាវដល់អ្នកបញ្ជាទិញទាំងអស់របស់ខ្លួននៅថ្ងៃនេះ GMAC បានស្នើឱ្យទិញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរពីកម្ពុជា មេត្តាគោរពតាមលក្ខខណ្ឌទូទាត់ប្រាក់ សម្រាប់ទំនិញ ដែលបានទទួលរួចហើយ ឬកំពុងដឹកទៅឲ្យអ្នកបញ្ជាទិញ។

ប្រភពដដែលបញ្ជាក់ថា រោងចក្រនៅកម្ពុជាបានរងគ្រោះរួចទៅហើយដោយសារការប្រកាសលុបចោលពីការបញ្ជាទិញជាច្រើន និងបញ្ហាគ្មានអ្នកបញ្ជាទិញថ្មីៗនេះ ហើយរឹតតែមិនអាចទ្រាំទ្រនឹងការបញ្ជាទិញ ដោយមិនបានទូទាត់ប្រាក់នោះឡើយ។

GMAC បញ្ជាក់ថានៅពេលកម្មករនិយោជិតបាត់បង់ការងារជាបន្តបន្ទាប់ ដែលនឹងអាចកើនឡើងដល់២០ម៉ឺននាក់នោះ មិនត្រឹមតែប៉ះពាល់ដល់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែវានឹងប៉ះពាល់ដល់សមាជិកគ្រួសារកម្មករប្រមាណ២លាននាក់ដែលរស់ពឹងផ្អែកលើការងាររបស់ពួកគេផងដែរ។ កន្លងមកប្រមុខរដ្ឋាភិបាលបានប្រកាសថា កម្មករនិយោជិតដែលត្រូវព្យួរការងារ ពួកគេនឹងទទួលបានប្រាក់ខែ៧០ដុល្លារ ដោយថៅកែចេញ៣០ដុល្លារ ហើយរដ្ឋចេញ៤០ដុល្លារ។ ប៉ុន្តែប្រាក់ទាំងនោះ មកទល់ពេលនេះស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ។

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ថាប្រាក់៧០ដុល្លារ នឹងមិនអាចគ្រប់គ្រាន់ការចំណាយរបស់កម្មករនោះឡើយ។ លោកបានជំរុញទៅរដ្ឋាភិបាលលោកហ៊ុន សែន ឱ្យយកថវិកាដែលបានពីសហភាពអឺរ៉ុបជាង៦០លានដុល្លារ ទៅចំណាយបន្ថែមជូនកម្មករនិយោជិត ម្នាក់៥០ដុល្លារ ពីលើប្រាក់ខែ ដែលពួកគេទទួលបាន៧០ដុល្លារ  ធ្វើឱ្យប្រាក់ខែពួកគេឡើងដល់១២០ដុល្លារក្នុងមួយខែ ទើបអាចទូទាត់ការចំណាយបាន។

អតីតមេបក្សប្រឆាំងរូបនេះ បញ្ជាក់ថា ជំនួយឥតសំណងរបស់អឺរ៉ុបនេះ នឹងជួយកម្មករអត់ការងារធ្វើបានចំនួន២សែននាក់ ហើយនឹងជួយបានរយៈពេល៦ខែថែមទៀតផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស