28.4 C
Phnom Penh

ក្រសួងសុខាភិបាលបន្តព្រមានពីលទ្ធភាពផ្ទុះកូវីដ១៩ បន្ថែមទៀត ទោះបីកម្ពុជារកមិនឃើញករណីឆ្លងថ្មីជាង២០ថ្ងៃក្តី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សុខាភិបាល បន្តព្រមានពីលទ្ធភាពផ្ទុះជំងឺកូវីដ១៩ជាទ្រង់ទ្រាយធំ និងផលវិបាកនៃជំងឺនេះថានឹងអាចកើតមានប្រសិនប្រជាពលរដ្ឋមិនបានអនុវត្តតាមវិធានការណែនាំរបស់រដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួននោះទេ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី០៤ខែឧសភា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានស្នើប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តវិធានការក្រសួងសុខាភិបាលបន្តទៀត ព្រោះថាស្ថានភាពនៅលើសកលលោក មិនទាន់មានការធូរស្រាលនៅឡើយ។

លោកថា បច្ចុប្បន្នប្រទេសមួយចំនួននៅលើពិភពលោក នៅតែរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកផ្ទុកកូវីដ-១៩ នៅលើពិភពលោកកើនឡើងដល់ទៅជាង៣លាននាក់ (៣,២៦៧,១៨៤) និងស្លាប់ជាង២សែន ២ម៉ឺននាក់(២២៩,៩៧១)។

ដោយឡែកសម្រាប់ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា គិតត្រឹមព្រឹកថ្ងៃទី០៤ ខែឧសភា លោកបន្ដថា ថ្វីត្បិតតែរយៈពេល៣សប្តាហ៍កន្លងមកនេះ មិនមានរកឃើញអ្នកឆ្លងកូវីដ-១៩ ហើយអ្នកជាសះស្បើយមាន១២០នាក់ ក្នុងចំណោម១២២នាក់ និងគ្មានអ្នកស្លាប់ក៏ដោយ ប៉ុន្តែស្ថានភាពកូវីដ-១៩ ស្ថិតក្នុងការប្រុងប្រយ័ត្ននៅឡើយ។

លោកបន្តថា បញ្ហាជំងឺនេះ នឹងនាំមកនូវមហន្តរាយមានគ្រប់ពេលវេលា ប្រសិនបើយើងជួបជុំគ្នាច្រើនមានការធ្វេសប្រហែស មិនគោរពបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលទេ កម្ពុជានឹងជួបការឆ្លងជំងឺកូវីដ-១៩នេះជាថ្មីទៀត។

ប្រធាន អង្គការសុខភាពពិភពលោក អ្នកស្រី Li Ailan បានលើកឡើងថា បច្ចុប្បន្ននេះជំងឺកូវីដ-១៩ មិនទាន់ចប់នៅឡើយនោះទេ នៅលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ។

អ្នកស្រីបានបន្ថែមថា ស្ថានភាពបច្ចុប្បន្នសម្រាប់ជំងឺកូវីដ-១៩ នៅក្នុងពិភពលោកគឺនៅមានរយៈពេលវែងឆ្ងាយក្នុងការបញ្ចប់ ហើយដរាបណាប្រទេសផ្សេងៗនៅលើពិភពលោកនៅតែផ្ទុះជំងឺនេះឡើង កម្ពុជានៅតែប្រឈមមុខវិបត្តិនេះដដែល។

អ្នកស្រីធ្លាប់លើកឡើងថា ជំងឺនេះអាចចាត់ទុកថាបញ្ចប់ទៅបាន លុះណាតែវាត្រូវបានបាត់ស្រមោលពីភពផែនដី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស