34 C
Phnom Penh

ក្រុមសង្គមស៊ីវិលស្នើបញ្ឈប់ការធ្វើទុក្ខបុកម្នេញតំណាងសហគមន៍ជុំវិញការដាក់ញត្តិស្នើសុំជំនួយ អំឡុងពេលរីករាលដាលជំងឺកូវីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសង្គមស៊ីវិលចំនួន២០១ស្ថាប័ន ជំរុញឲ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើតំណាងសហគមន៍ជុំវិញការដាក់ញត្តិស្នើសុំជំនួយផ្សេងៗពីរដ្ឋាភិបាល អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩។

ក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រុមសង្គមស៊ីវិលនៅថ្ងៃច័ន្ទនេះ បានលើកឡើងថា ពួកគេមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការធ្វើទុក្ខបុកម្នេញទៅលើតំណាងសហគមន៍ដែលមកពីតាមបណ្តារខេត្ត-រាជធានីផ្សេងៗទូទាំងប្រទេស កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា។

តំណាងសហគមន៍ទាំងនេះ ត្រូវបានឃាត់ខ្លួន រយៈពេល៧ម៉ោង និងត្រូវបានហៅទៅសួរចម្លើយអំឡុងពេលព្យាយាមដាក់ញត្តិស្នើសុំជំនួយពីរដ្ឋាភិបាលបន្ថែមទៀតដល់សហគមន៍ដែលងាយរងគ្រោះ ក្នុងពេលប្រឈមនឹងវិបត្តិវីរុសកូវីដ១៩ ។

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ តំណាងសហគមន៍ជាច្រើនបានជួបជុំគ្នាក្នុងរាជធានីភ្នំពេញក្នុងបំណងដាក់ញ្ញត្តិទៅទីស្តីការគណៈរដ្ឋមន្ត្រី ប៉ុន្តែត្រូវបានស្ថាប័ននេះបដិសេធមិនឱ្យដាក់ ហើយរុញពួកគាត់ឱ្យធ្វើការដាក់ញត្តិទៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តីជំនួសវិញ។

ប៉ុន្តែមន្ត្រីនៅខុទ្ទកាល័យបដិសេធមិនទទួលយកញត្តិដដែល ដោយសារញត្តិនេះសរសេរថា ជូនចំពោះទីស្ដីការ គណៈរដ្ឋមន្រ្តី ។ សេចក្ដីចម្លងញត្តិដដែលនេះ ត្រូវបានដាក់ជូនទៅតំណាងក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដោយជោគជ័យ ។

ញត្តិពេលនោះ ត្រូវបានគាំទ្រដោយសហគមន៍ចំនួន១៤១នៅទូទាំងប្រទេស ដើម្បីស្នើសុំឱ្យជួយដោះស្រាយបញ្ហាផ្នែកសុខាភិបាលនិងសេដ្ឋកិច្ច កើតចេញពីវីរុសកូវីដ១៩ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរចំពោះសហគមន៍ងាយរងគ្រោះនៅតំបន់ជនបទ និងនៅរាជធានីភ្នំពេញ ។

ប្រភពដដែលបន្តថា ខ្លឹមសារញត្តិពេលនោះ បានស្នើសុំឱ្យរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល ជួយទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគេដូចជា សំណូមពរឱ្យរាជរដ្ឋាភិបាលជួយផ្ដល់ការគាំទ្រផ្នែកសុខាភិបាល ចំពោះសហគមន៍ងាយរងគ្រោះ ការផ្អាកបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអ្នកផ្ដល់ប្រាក់កម្ចីឯកជន។ ស្នើផ្ដល់ជំនួយសេដ្ឋកិច្ចផ្ទាល់ដូចជា ការពន្យាពេលបង់ថ្លៃជួលសម្រាប់អ្នកក្រីក្រ និងកម្មករប្រកបរបរក្នុងវិស័យទាំងក្នុងនិងក្រៅប្រព័ន្ធ ក៏ដូចជាការឧបត្ថម្ភប្រាក់អំឡុងពេលស្នាក់នៅផ្ទះជាដើម ។

សេចក្តីថ្លែងការណ៍ដដែលបន្តថា អំឡុងពេលដាក់ញត្តិនោះ តំណាងសហគមន៍មួយចំនួនត្រូវបានសួរនាំជាច្រើនលើកច្រើនសារ ពីសំណាក់អាជ្ញាធរ និងមន្រ្តីនគរបាល ដោយបានសួរថា៖ អង្គការណាខ្លះនៅ ពីក្រោយ ក្នុងការធ្វើញត្តិនេះ? អ្នកណាជាអ្នកសរសេរញត្តិ? ហើយតំណាងសហគមន៍ក៏ត្រូវបានសួរនាំដែរថាតើ ពួកគាត់ពិតជាជួបប្រឈមនឹងបញ្ហាដែលបានលើកឡើងនៅក្នុងញត្តិពិតមែនឬយ៉ាងណា ។ សំណួរជាច្រើនផ្ដោតសំខាន់ទៅលើបំណុលមីក្រូហិរញ្ញវត្ថុរបស់សមាជិកសហគមន៍ ហើយតំណាងសហគមន៍មួយចំនួនត្រូវបានសាកសួរជុំវិញស្ថានភាពហិរញ្ញវត្ថុឯកជនរបស់ពួកគាត់ ព្រមទាំងត្រូវតម្រូវឱ្យបង្ហាញភស្តុតាងបញ្ជាក់ពីបំណុលមីក្រូហិរញ្ញវត្ថុទៅកាន់                 អាជ្ញាធរខណ្ឌផងដែរ ។

តំណាងសហគមន៍យ៉ាងតិចណាស់២នាក់ ត្រូវបានអាជ្ញាធរ កោះហៅទៅសាកសួរ និងធ្វើទុក្ខបុកម្នេញបន្ថែមទៀត បន្ទាប់ពីអ្នកទាំងនោះ                       ត្រឡប់ទៅដល់សហគមន៍របស់ពួកគាត់វិញ ។

ក្រុមសង្គមស៊ីវិលទាំងនេះ យល់ថាការសួរចម្លើយទាំងនេះកំពុងតែប៉ះពាល់យ៉ាងខ្លាំង និងបង្ហាញពីការមិនទុកចិត្តចំពោះការបញ្ចេញមតិរបស់សហគមន៍ ដែលមានភាពសកម្មក្នុងការប្រើប្រាស់សិទ្ធិរបស់ពួកគាត់ ដើម្បីសម្ដែងមតិដោយសេរី ។

ពួកគេអះអាងថា អាជ្ញាធរមិនអើពើចំពោះបញ្ហាប្រឈមរបស់ប្រជាសហគមន៍នៅទូទាំងប្រទេស ខណៈពួកគេ បានតស៊ូមតិទាមទារសិទ្ធិរបស់ពួកគាត់ អស់រយៈពេលជាច្រើនទស្សវត្សមកហើយ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាសំខាន់ៗដូចជា សិទ្ធិដីធ្លី ។

ការធ្វើទុក្ខបុកម្នេញនេះពួកគេបញ្ជាក់ថា ជារឿងអយុត្តិធម៌ និងមិនគួរកើតមានទៀតឡើយ ជាពិសេសនៅពេលដែលក្រសួងមហាផ្ទៃបានអះអាងម្ដងហើយម្ដងទៀតថា សហគមន៍មូលដ្ឋានមានសិទ្ធិក្នុងការធ្វើសកម្មភាពពេញលេញដោយគ្មានការរំខាន និងដោយផ្អែកតាមច្បាប់ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស