31 C
Phnom Penh

កូរ៉េខាងជើងរងការស៊ើបអង្កេតករណី រំលោភសន្តិភាពបាញ់ផ្លោងលើកូរ៉េខាងត្បូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មិនដល់មួយសប្ដាហ៍ផង ក្រោយពេលលោកគីមជុងអុនបង្ហាញខ្លួន វិញ គឺឧបទ្វីបកូរ៉េ បានត្រឡប់មករកការប្រឈមមុខគ្នា ជាថ្មីម្ដងទៀត ខាងផ្នែកយោធា ។ កាលពីថ្ងថៃ្ងទី៣ ខែឧសភា កូរ៉េខាងជើង បានបាញ់ គ្រាប់ផ្លោងជាច្រើនគ្រាប់តម្រង់ទៅប៉ុស្តិ៍យាមរបស់ កងទ័ពកូរ៉េខាងត្បូង នៅតំបន់ព្រំដែនរួម ដែលជាការបំពានសន្ធិសញ្ញា បទឈប់បាញ់នៃប្រទេសកូរ៉េទាំងពីរ នៅ ឆ្នាំ១៩៥៣ ជាកិច្ចព្រមព្រៀងពហុភាគី ដើម្បីបញ្ចប់សង្រ្គាមកូរ៉េ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា ការបាញ់ដោយកាំភ្លើងត្បាល់ដោយកងទ័ពកូរ៉េខាងជើង កាលពីព្រឹកថ្ងៃអាទិត្យទី៣               ខែឧសភា បាននាំអោយ កងទ័ពកូរ៉េខាងត្បូងបាញ់ ឆ្លើយតបភ្លាមៗ បានបណ្ដាលអោយឧបទ្វីបកូរ៉េមានភាពតានតឹងឡើងវិញ ក្រោយពីឧបទ្វីបនេះបានធូរស្រាល ជាង៣ឆ្នាំមកហើយ។

សាព័ត៌មាន Reuters បានចុះផ្សាយថាកូរ៉េខាងជើង បានបាញ់ គ្រាប់ផ្លោង ចំនួន ៤គ្រាប់ ធ្លាក់ប៉ះនឹងជញ្ចាំងថ្ម របស់កូរ៉េខាងត្បូង និងក្បែរប៉ុស្តិ៍យាមរបស់កូរ៉េខាងត្បូង។

ភ្លាមៗនោះកូរ៉េខាងត្បូងបានបាញ់តបវិញ ចំនួន ២០គ្រាប់ ដែលជាការព្រមាន។ នៅថ្ងៃទី៤ ខែឧសភានេះ គេហទំព័រ Star and Trips បានចុះផ្សាយថា រដ្ឋមន្ត្រីការបរទេស អាមេរិក Mike Pompeo បាននិយាយថា ក្រុមស៊ើបអង្កេតមួយ របស់អង្គការសហប្រជាជាតិ ដឹកនាំដោយសហរដ្ឋអាមេរិកបានសម្រេចធ្វើដំណើរទៅកាន់ តំបន់ព្រំដែន ដែលបង្ករជម្លោះ នៃព្រំដែនកូរ៉េខាងជើង និងខាងត្បូង នៅថ្ងៃច័ន្ទ ទី៤ ខែឧសភានេះ ដើម្បីបើកការស៊ើបអង្កេត អំពីការបាញ់ពីសំណាក់កូរ៉េខាងជើង។

បើយោងតាមប្រភព ពីក្រសួងការពារជាតិរបស់កូរ៉េខាងត្បូង គឺកូរ៉េខាងជើង មិនមានការឆ្លើយបតប នឹងលិខិតសុំអោយមានការស៊ើបអង្កេតនេះនៅឡើយទេ។

ក្រុមស៊ើបអង្កេត មានភារកិច្ច បង្ខំអោយភាគីទាំងពីរប្រតិបត្តិ។ រដ្ឋមន្ដ្រីការបរទេសអាមេរិកMike Pompeo បានបញ្ជាក់បន្ថែមថាគ្រាប់ផ្លោងដែលផ្ទុះដំបូងគឺចេញពីកូរ៉េខាងជើងដែលទីក្រុងព្យុងយ៉ាងត្រូវតែធ្វើការពន្យល់ហេតុអ្វីបានជាមានការវាយប្រហារមកលើតំបន់ហាមផ្ទុះអាវុធដូចនេះ។លោកថាពិតណាស់ដែលកូរ៉េខាងជើងបានបង្ករហេតុមុនគេ។

ការប្រហារគ្នាមួយប្រាវរវាងកូរ៉េខាងជើង និងកូរ៉េត្បូងនេះបានកើតឡើង រយៈពេលតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានបង្ហាញខ្លួនជាសាធារណៈឡើងវិញ ក្រោយពីលោកបានបាត់ខ្លួនរយះពេល២០ថ្ងៃ។

ការបង្ហាញខ្លួនរបស់លោកគីមជុងអ៊ុននៅថ្ងៃទីមួយ ខែឧសភា គឺចំពេលទិវាពលកម្មអន្ដរជាតិ។ លោកគីមជុងអ៊ុនត្រូវបានគេថតរូបភាពឃើញលោកឈរកាត់ខ្សែរបូរសម្ភោធរោងចក្រជីកសិកម្មមួយកន្លែងនៅក្នុងប្រទេសនេះ។

ប៉ុន្ដែនៅពេលដែលលោកគីមបាត់ខ្លួនគឺទាំងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានបញ្ជូនយន្ដហោះស៊ើប ការណ៍ហោះលើព្រំដែនប្រទេសទាំងពីរដើម្បីថតរូបភាពអំពីទិដ្ឋភាពប្រជាជនកូរ៉េខាងជើងធ្វើសកម្មភាពប្រចាំថ្ងៃ។ក្នុងពេលបាត់ខ្លួននេះប្រភពជាច្រើនបានចុះផ្សាយថាលោកគីមស្ថិតក្នុង ស្ថានភាពធ្ងន់ធ្ងរដោយសារតែគាត់មានជំងឺបេះដូងហើយឆ្លងកាត់ការវះកាត់បេះដូងរបស់គាត់ ទៀតផង។ប្រភពខ្លះថាលោកគីមបានបាត់ស្មារតីហើយរហូតដល់ស្លាប់ទៀតផង។

តែសម្រាប់ កូរ៉េខាងត្បូង បានព្យាយាមលួងចិត្តកូរ៉េខាងជើងដោយនិយាយថាលោកគីមជុងអ៊ុនមានសុខភាព ល្អរឹងមាំ ហើយលោកទៅនៅខេត្តមួយភាគខាងកើតប្រទេស ដើម្បីគេចចេញពីការឆ្លងជំងឺកូវីដតែប៉ុណ្ណោះ។

តែយ៉ាងណាអំឡុង២០ថ្ងៃចុងក្រោយនេះពេលលោកគីមបាត់ខ្លួន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសជប៉ុនបានធ្វើសមយុទ្ធរួមគ្នានៅសមុទ្រកូរ៉េខាងត្បូងជាលើកដំបូងបន្ទាប់ពីជំនួបកំពូលរវាងលោកគីមនិងលោកប្រធានាធិបតីដូណាត្រាំប្រព្រឹត្តិទៅរយះពេលបីដង ដោយពុំទាន់ទទួលបានសមិទ្ធផលអ្វីឡើយក្នុងការរំសាយកម្មវិធីនុយក្លែអ៊ែររបស់កូរ៉ខាងជើង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស