សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអះអាងថា អតីត និងមន្ត្រីរបស់ស្ថាប័ននេះចំនួន ៤រូប ត្រូវបានព្យួរការងារ និងបញ្ជូនទៅតុលាការចាត់វិធានការច្បាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីថ្ងៃម្សិលមិញបញ្ជាក់ថា អតីត និងមន្ត្រីរបស់ខ្លួន ចំនួន ៤រូប បានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ផ្ទុយនឹងក្រមសីលធម៌ ព្រមទាំងវិន័យរបស់សហព័ន្ធបាល់ទាត់កម្ពុជា ដែលមិនអាចអត់អោនឱ្យបាន។
សារព័ត៌មានថ្មីៗបានដកស្រង់សម្តី លោក កែវ សារ៉េត ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឬហៅថា FFC ចុះផ្សាយនៅថ្ងៃនេះថា មន្ត្រី៤នាក់ដែលរងពិន័យពីសកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត ពាក់ព័ន្ធនឹងការកិបកេងក្នុងការរៀបចំការប្រកួតព្រឹត្តិការណ៍ Tiger Street Football ចាប់តាំងពីឆ្នាំ២០១៣មក។
លោក កែវ សារ៉េត បន្ថែមថា ទឹកប្រាក់ជាង៥ម៉ឺនដុល្លារ(៥៦៧៣៦) ត្រូវបានបាត់បង់ ចាប់តាំងពីឆ្នាំ២០១៥មក។
មន្ត្រីទាំងបួនរូបនោះរួមមានលោក ម៉ៃ តុលា ជាអគ្គលេខាធិការរង លោក គល់ សុភារម្យ ប្រធានការិយាល័យរដ្ឋបាល លោក ឆាំង ពិសិដ្ឋ ប្រធានការិយាល័យប្រកួត និងលោក ទុយ វិច្ឆិកា ប្រធានការិយាល័យអាជ្ញាកណ្តាល។
ពួកគេទាំងនេះ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ព្យួរគ្រប់សកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត។ ដោយឡែក លោក ម៉ៃ តុលា ត្រូវបានបញ្ជូនសំណុំរឿងប្រព្រឹត្តអំពើពុករលួយទៅតុលាការ ដើម្បីចាត់វិធានការច្បាប់ផងដែរ៕