34 C
Phnom Penh

លោក សម រង្ស៊ី ផ្ញើសាររំលែកទុក្ខសោកជូនលោក ហ៊ុន សែន និងគ្រួសារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងរស់នៅប្រទេសបារាំង លោក សម រង្ស៊ី បានផ្ញើសាររំលែកទុក្ខជូនមកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ចំពោះមរណភាពរបស់មហា ឧបាសិកា ប៊ុន ស៊ាងលី។

សារលិខិតរំលែកទុក្ខជូនលោក ហ៊ុន សែន និង ភរិយា ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី កាលពីថ្ងៃម្សិលមិញ បាន              សរសេរថា បើទោះបីជាគោលជំហរបស់លោក និងលោក ហ៊ុន សែន មានភាពខុសគ្នាយ៉ាងណាក៏ដោយ តែទុក្ខសោកដែលបណ្តាលមកពីមរណភាពមនុស្សជាទីស្រលាញ់អាចកើតមានដូចគ្នាគ្រប់ពេលវេលា។

ក្រៅពីបានសម្តែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ លោក សមរង្ស៊ី  ក៏បានលើកឡើងពីរឿងរ៉ាវដែលលោកមិនអាចបំភ្លេចបាន ចំពោះកាយវិការរបស់លោក ហ៊ុន សែន និងគ្រួសារ ក្នុងពេលលោកមានទុក្ខសោកបែបនេះ។

ក្នុងសាររំលែកនោះ លោក សម រង្ស៊ី បានរម្លឹកថាលោក មិនភ្លេចបានទេ កាលពីម្តាយក្មេកលោក គឺលោកជំទាវ ញឹក ជូឡុង មាសកេតសមភ័ត្រ ដែលជាម្តាយបង្កើតរបស់អ្នកស្រី ជូឡុង សូមួរ៉ា បានទទួលអនិច្ចកម្ម កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។ លោកថា គ្រានោះ លោក ហ៊ុន សែន  បានហៅទូរស័ព្ទមកភរិយារបស់លោក នៅទីក្រុងភ្នំពេញ ដើម្បីចូលរួមរំលែកទុក្ខ ហើយលោកហ៊ុន សែន ក៏បានឲ្យកូនប្រុសពៅរបស់លោក គឺ ហ៊ុន ម៉ានី មកចូលរួមពិធីបុណ្យសពម្តាយក្មេកលោកពេលនោះផងដែរ។

ក្នុងសារលិខិតរំលែកទុក្ខដដែល បន្តថា ទោះជាកាលៈទេសៈនយោបាយពេលនោះ មិនបានអនុញ្ញាតឲ្យលោក ចូលរួមក្នុងពិធីបុណ្យសពអ្នកម្តាយក្មេករបស់ខ្លួនក្តី ប៉ុន្តែលោកមិនភ្លេចពីកាយវិការដ៏ប្រពៃរបស់លោកនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ ចំពោះលោកនិងក្រុមគ្រួសារលោកឡើយ។

ម្ដាយក្មេករបស់លោកនាយករដ្ឋមន្ត្រី និងជាម្ដាយបង្កើតរបស់អ្នកស្រី ប៊ុន រ៉ានី គឺអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ប៊ុន ស៊ាងលី បានទទួលមរណភាព ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយរោគាពាធកាលពីព្រឹកព្រលឹមថ្ងៃទី ៤ ឧសភា។

សាររំលែកទុក្ខសោករបស់លោក សម រង្ស៊ី ជូនទៅដៃគូប្រកួតនយោបាយនេះ ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីសហសេវិករបស់លោកគឺលោក កឹម សុខា កាលពីថ្ងៃទី៤ ខែឧសភា បានផ្ញើសាររំលែកទុក្ខសោកទៅកាន់លោក ហ៊ុន សែន និងគ្រួសារ ដោយប្រធានគណបក្សសង្គ្រោះជាតិរូបនេះចាត់ទុក មរណភាពរបស់មហាឧបាសិកា ប៊ុន ស៊ាងលី គឺជាការបាត់បង់មាតា បាត់បង់ជីដូន ដែលជាអ្នកមានគុណដ៏ធំធេងដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយព្រហ្មវិហារធម៌។

ដោយឡែកនៅល្ងាចថ្ងៃម្សិលមិញ លោក កឹម សុខា  បានដឹកនាំប្រតិភូរបស់ខ្លួន ទៅគោរពវិញ្ញាណក្ខន្ធឧបាសិកា ប៊ុន ស៊ាងលី ដោយផ្ទាល់ នៅគេហដ្ឋានរបស់នាយករដ្ឋមន្រ្តី ក្បែរវិមានឯករាជ្យ។

កាយវិការរបស់អ្នកនយោបាយជាន់ខ្ពស់របស់ខ្មែរនៅគ្រានេះ ជាពិសេសកាយវិការរបស់លោក កឹម សុខា និង លោក ហ៊ុន សែន ទទួលបានការចាប់អារម្មណ៍ច្រើនពីពលរដ្ឋ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដោយពួកគេថាភាពត្រូវរ៉ូវ និងអត់អោនឱ្យគ្នាទៅវិញទៅមក ពីសំណាក់អ្នកនយោបាយខ្មែរ គឺជាអ្វីដែលពលរដ្ឋម្ចាស់ប្រទេសចង់បាន។

តាមកម្មវិធីបុណ្យ សពមហាឧបាសិកា ប៊ុន ស៊ាងលី នឹងត្រូវដង្ហែយកទៅបញ្ចុះនៅស្រុកកំណើត ក្នុងភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៦ ខែឧសភា នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស